ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែ.ងជល់មាន់គឺនៅតែពេញនិយម ហើយត្រូវបានប្រជាពលរដ្ឋនៅស្រុកពាមរក៌ ខេត្តព្រៃវែង នាំគ្នាលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយពុំមានការរំខាន ឬចុះបង្ក្រាបពីសមត្ថកិច្ចណាឡើយ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានចេញបទបញ្ជាអោយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាធ្វើការបង្ក្រាបអោយអស់ក៏ដោយ។
បើតាមប្រជាពលរដ្ឋនៅក្នុងឃុំអ្នកលឿង នៃស្រុកពាមរក៌ បានប្រាប់អោយដឹងថា ល្បែ.ងជល់មាន់ដ៏ពេញនិយមមួយនេះ ត្រូវបានគេបើកលេងចំនួន២ទីតាំងនៅក្នុងភូមិសាស្ត្រទឹកដីឃុំអ្នកលឿង ដោយទីតាំងទី១ គឺនៅជាប់ព្រំប្រទល់ស្រុកពាមរក៌ និងស្រុកពាមជរ ស្ថិតក្នុងភូមិឧត្តម ឃុំអ្នកលឿង ដែលមានអ្នកចេញមុខបើកលេងឈ្មោះ លីន ដែលជាកូនប្រុសរបស់ពូ វ័រ នៅព្រែកក្របៅ និងទីតាំងទី២ គឺនៅក្បែរទំនប់ក្រវ៉ាត់ក្រុងអ្នកលឿង ស្ថិតក្នុងភូមិព្រែកតាសរ ឃុំអ្នកលឿង ស្រុកពាមរក៌ ដែលអ្នកបើកលេងមានគ្នាចំនួន៣នាក់ (ចូលហ៊ុនគ្នា) គឺឈ្មោះ ណាង ឈ្មោះ ប្រុស និងឈ្មោះ ចិត្រ។
ប្រភពដដែលនេះបានបន្តទៀតថា ក្រុមអ្នកលេងជល់មាន់ទាំងអស់នេះ គឺម្ចាស់ទីតាំងជាអ្នកទូរស័ព្ទហៅមកលេង ដោយអ្នកខ្លះមកពីស្រុកពាមជរ ខ្លះមកពីទីប្រជុំជនអ្នកលឿង និងខ្លះទៀតមកពីស្រុកលើកដែក ខេត្តកណ្តាល ហើយបានគេនាំគ្នាជល់លេងរាល់ថ្ងៃ ប៉ុន្តែដូរទីតាំងរហូត ដើម្បីកុំអោយសមត្ថកិច្ច និងអ្នកកាសែតតាមរកឃើញ ដោយថ្ងៃខ្លះគេលេងនៅទីតាំងទី១ ក្បែរទំនប់ក្រវ៉ាត់ក្រុងអ្នកលឿង ថ្ងៃខ្លះទៀតគេមកជល់នៅទីតាំងទី២ ក្បែរព្រំប្រទល់ស្រុកពាមជរ។ ហើយអ្វីដែលសំខាន់ គេមានដាក់ក្មេងៗអោយអង្គុយចាំមើលនៅដើមផ្លូវផងដែរ សម្រាប់ទូរស័ព្ទប្រាប់អ្នកលេង នៅពេលមានសមត្ថកិច្ច ឬអ្នកកាសែតចូលទៅ ហើយយុទ្ធសាស្ត្រនេះហើយដែលអាចអោយពួកគេនាំគ្នាលេងជល់មាន់បានយ៉ាងរលូនជារៀងរាល់ថ្ងៃបែបនេះ។
ពាក់ព័ន្ធការប្រមូលផ្តុំគ្នាលេងជល់មាន់យ៉ាងគគ្រឹកគគ្រេងខាងលើនេះ លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៌ បានអោយដឹងថា ក្រុមអ្នកជល់មាន់ទាំងនោះ លោកធ្លាប់បានហៅមកអប់រំណែនាំជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែពួកគេមិនរាងចាលសោះ ហើយលោកក៏ធ្លាប់បានបញ្ជាអោយកម្លាំងចុះទៅតាមចាប់ជាច្រើនដងផងដែរ ប៉ុន្តែចាប់មិនដែលបាន ព្រោះទីតាំងដែលគេនាំគ្នាលេងផ្លូវពិបាកធ្វើដំណើរចូល ហើយម្យ៉ាងគឺគេដាក់ក្មេងចាំមើលផ្លូវប៉ូលិសទៀត លុះពេលចុះទៅម្តងៗតែងតែបែកការណ៍ ផ្អើលដល់ក្រុមអ្នកលេងរត់ចែកជើងគ្នាអស់ចាប់មិនដែលបាន តែទោះបីជាយ៉ាងណាលោកនឹងព្យាយាមតាមចាប់បន្តទៀត។
ដោយឡែកលោក ឈួន ឬទ្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកពាមរក៌ បានអោយដឹងដែរថា រឿងក្រុមអ្នកជល់មាន់ទាំងនោះ លោកក៏ដឹងដែរ ប៉ុន្តែកម្លាំងរបស់លោកចាប់មិនបាន ព្រោះក្រុមអ្នកជល់មាន់ទាំងនោះមានអ្នកចាំមើលផ្លូវ អោយតែកម្លាំងរបស់លោកទៅដល់មាត់ផ្លូវ គឺមានអ្នកទូរស័ព្ទប្រាប់អ្នកកំពុងជល់ ផ្អើលរត់ចែកជើងគ្នាអស់ហើយ ដូច្នេះលោកមិនដឹងបង្ក្រាបយ៉ាងម៉េចបានទេ។
ចែករំលែកព័តមាននេះ