ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ខ្លី​៥៥​រឿង​នៃ «​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​» នឹង​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​ទំនើប

1 ឆ្នាំ មុន
  • ភ្នំពេញ

ភាពយន្ត​ដែល​បាន​សម្រាំង​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ នឹង​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ ៖ ភាពយន្ត​ដែល​បាន​សម្រាំង​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ នឹង​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សាលសន្និសីទ​ចតុមុខ រោងកុន Major Cineplix និង​រោង​ភាពយន្ដ Legend ជូន​មហាជន​ទស្សនា​។

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (Chaktomuk Short Film Festival/CSFF) បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មាន របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រោង​ភាពយន្ត Legend Premium Noro Mall ដែល​មានការ​ចូលរួម​ពី​ប្រធាន​ការិយាល័យ​រដ្ឋបាល នៃ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ លោក ណុ​ប វាសនា ប្រធាន​មហោស្រព ឆ្នាំ​២០២២ លោក ស៊ុំ ស៊ី​ថែ​ន និង​ដៃគូ​សហការ​ផ្សេង​ៗ និង​សមិទ្ធ​ករ និង​តារា​សម្តែង​ភាពយន្ត​ជា​ច្រើន​រូប​។

កម្មវិធី​សន្និសីទ​សារព័ត៌មាន​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មាន​សំខាន់​ៗ និង​លក្ខណៈ​ពិសេស​របស់​មហោស្រព​នៅ​ឆ្នាំ​នេះ​ផ្ទាល់ ទៅ​កាន់​ដៃគូ​សហការ ក៏​ដូច​ជា​ទស្សនិកជន ដែល​តែងតែ​គាំទ្រ និង​ទន្ទឹងរង់ចាំ​ពី​មហោស្រព​កន្លង​មក​។

ប្រធាន​មហោស្រព​ឆ្នាំ​២០២២ លោក ស៊ុំ ស៊ី​ថែ​ន បាន​លើក​ឡើង​ថា ៖ ឆ្នាំ​នេះ មហោស្រព​មាន​លក្ខណៈ​ពិសេស​៥​ចំណុច ដែល​ក្នុង​នោះ​រួម​មាន ៖

ទី​១- កំណើន​នៃ​ការ​ដាក់​រឿង​ក្នុងស្រុក ដោយ​ឆ្នាំ​នះ មហោស្រព​ទទួល​បាន​ភាពយន្ត​ខ្លី​ដល់​ទៅ​ចំនួន​១៨៥​រឿង​សរុប តែ​សម្រាំង​តែ​៥៥​ចំណងជើង ដើម្បី​ប្រកួត និង​ចាក់​បង្ហាញ​។ លោក​បញ្ជាក់​ថា ជាក់ស្តែង​កាលពី​ឆ្នាំទៅ ភាពយន្ត​ខ្លី​ប្រឌិត​កម្ពុជា​មាន​តែ​២៧​រឿង​ទេ ឆ្នាំ​នេះ​ទទួល​បាន​៣៦​រឿង គឺ​កើន​បាន​៩​រឿង​។ នេះ​សរ​បញ្ជាក់​ថា បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ សមិទ្ធ​ករ​យើង​ចាប់ផ្តើម​សកម្មភាព​ថត​ដូច​កាលពីមុន​វិបត្តិ​នេះ​វិញ​។

ទី​២- កម្រិត​គុណភាព​មានការ​កើនឡើង ដោយ​អ្នក​រៀបចំ​សម្អាង​លើ​ទិដ្ឋភាព ត្រង់​ថា​មានរឿង​២ ដែល​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​រួច​ហើយ តែ​ក៏​មាន​វត្តមាន​ក្នុង​មហោស្រព​ឆ្នាំ​នេះ​ដែរ​។ ម្យ៉ាងទៀត សូ​ម្បី​តែ​ជ័យ​លា​ភី​ឆ្នាំ​២០២១ ក៏​បាន​ដាក់​រឿង​ថ្មី​របស់​ខ្លួន​ក្នុងឆ្នាំនេះ​ដែរ​។ ទាំងនេះ​ជា​តឹកតាង​ដែល​បញ្ជាក់​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ យុវ​សមិទ្ធ​ករ​ប្រឹងប្រែង​ដុសខាត់​ស្នាដៃ ដើម្បី​ដាក់​ប្រកួត​មហោស្រព​នានា ជា​ពិសេស CSFF នេះឯង​។

ទី​៣- រង្វាន់​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយនៅ​ក្នុង​នោះ​ភាពយន្ត​ខ្លី​កម្ពុជា​ល្អ​បំផុត ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន ១០០០​ដុល្លារ និង​ពាន​១ ហើយ​ភាពយន្ត​ខ្លី​កម្ពុជា​ល្អ​បន្ទាប់ ទទួល​បាន​៥០០​ដុល្លារ និង​ពាន​១ ខណៈ​ពេល​ភាពយន្ត​ខ្លី​អន្តរជាតិ​ល្អ​បំផុត ទទួល​បាន​៣០០​ដុល្លារ និង​ពាន​១​។ លោក​បន្ត​ថា ដោយ ឡែក​សម្រាប់​រង្វាន់​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​ក្នុងស្រុក ទទួល​បាន ៣០០​ដុល្លារ និង​លិខិត​សរសើរ និង​រង្វាន់​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ ទទួល​បាន​លិខិត​សរសើរ ចំណារ​លើកទឹកចិត្ត​ពី​មេ​ប្រយោគ​កម្ពុជា (Cambodian Special Jury Mention) ព្រមទាំង​លិខិត​សរសើរ​ចំណារ​លើកទឹកចិត្ត​ពី​មេ​ប្រយោគ​កម្ពុជា (International Special Jury Mention) ។

ទី​៤- ភាពយន្ត​ខ្លី​ពិសេស សម្រាប់​ពិធី​បើក និង​បិទ ដោយ​ពិធី​បើក​ជំនាន់​ទី​១១​នេះ នឹង​រំលេច​ស្នាដៃ​របស់​យុវ​សមិទ្ធ​ករ​ឯករាជ្យ​១​រូប គឺ​អ្នក​នាង មាស ស្រី​លី​ន តាម​រយៈ​ភាពយន្ត​ខ្លី របស់​គាត់​រឿង «​សុបិន​​កាលី​ហ្វ័​រ​ញ៉ា​» (California Dreaming)​។ លោក​បញ្ជាក់​ថា រឿង​នេះ មានការ​កោតសរសើរ​ពី​ឆាក​អន្តរជាតិ ដោយ​និយាយ​ពី​ទំនាក់ទំនង​លាក់បាំង​រវាង​នារី​២​នាក់ ដែល​មក​ពី​សាវតារ​ផ្សេង​គ្នា​។

រីឯ​ពិធី​បិទ​វិញ នឹង​មាន​បញ្ចាំងភាពយន្ត​ខ្លី​រឿង «​ភាសា​ម្តាយ​ខ្ញុំ​» ដែល​ដឹកនាំ​លោក ភូ ហ្ស​ង់​បាប​ទី​ស្ត ដែល​វី​ដេ​អូ​លាយ​ជី​វច​ល សម្លេង និង​គំនូរ​បែប​សហ​សម័យ​។ រឿង​នេះ ផ្តោត​លើ​ភាព​អា​លោះ​អាល័យ​របស់​សមិទ្ធ​ករ​ទៅ​ដល់​ម្តាយ​ខ្លួន​ដែល​ជា​ខ្មែរ​កាត់​ចិន ដែល​ជន្លៀស​ទៅ​រស់នៅ​ប្រទេស​បារាំង និង​ទី​៥ ដំណើរ​ត្រឡប់​មក​រោង​ភាពយន្ត​ទំនើប​វិញ ដោយ​ភាពយន្ត​ខ្លី​ទាំងអស់​នឹង​ត្រូវ​ធ្វើការ​ចាក់​បញ្ចាំង​ទីតាំង​នៅ​តាម​រោង​ភាពយន្ត​ដែល​ជា​ដៃគូ​សហការ​របស់​យើង ដូច​ជា​សាលសន្និសីទ​ចតុមុខ រោង​ភាពយន្ត Legend Premium Noro Mall និង​រោង​ភាពយន្ត Major Cineplex by Smart Sorya​។

បើ​តាម​លោក ស៊ុំ ស៊ី​ថែ​ន ថា នេះ​ជា​ការ​បើក​សករាជ​ថ្មី នៃ CSFF បន្ទាប់​ពី​ខកខាន​ពាំនាំ​ភាពយន្ត​ខ្លី​ទៅ​រោង​ភាពយន្ត​ទំនើប​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយ​កត្តា​ភស្តុ​ភារ​ផង និង​ជំងឺ​រាតត្បាត​សកល​ផង​។ មហោស្រព​ធំ​របស់​យើង គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៥ ដល់ទី​២៨ ខែវិច្ឆិកា ឆ្នាំ​នេះ ដោយ​មាន​រយៈពេល​សរុប​៤​ថ្ងៃ​ជាប់​ៗ​គ្នា​។ ហើយ​ទស្សនិកជន ដែល​ចង់​លើកទឹកចិត្ត​យុវ​សមិទ្ធ​ករ​យើង​អាច​ទៅ​ទស្សនា​រាល់​រឿង​ខ្លី​ជាប់​ជម្រើស​ទាំង​អស់នេះ ក៏​ដូច​ជា​បោះ​ឆ្នោត​គាំទ្រ​ដោយ​ផ្ទាល់​ដល់​រឿង​ដែល​ខ្លួន​ពេញចិត្ត​នៅ​សាលសន្និសីទ​ចតុម្មុខ រោង​ភាពយន្ត​Legend Cinema – Noro Mall, និង Major Cineplex by Smart Sorya៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ