រាជធានីភ្នំពេញ ៖ តារាកំប្លែងនាយ ពាក់មី បានប្រកាសដើរចេញពីស្ថានីយទូរទស្សន៍ CTN បន្ទាប់ពីលោកហាក់សម្តែងការមិនពេញចិត្តពីការដឹកនាំពីថ្នាក់ដឹកនាំថ្មី ដែលមានការកៀបសង្កត់ខ្លាំងទៅលើបុគ្គលិក។
បើទោះបីជាមានការសម្របសម្រួលម្តងរួចហើយក្តី ប៉ុន្តែជាថ្មីម្តងទៀតនាយ ពាក់មី នៅតែប្រកាន់ជំហរដើរចេញពី CTN នេះដដែល បន្ទាប់ពីកម្មវិធីមួយដែលលោកធ្លាប់សម្តែងនោះ ត្រូវបានគេដកលោកចេញដោយមិនមានមូលហេតុ។ ប្រការនេះ បានធ្វើឲ្យតារាកំប្លែងរូបនេះហាក់សម្តែងការអន់ចិត្តយ៉ាងខ្លាំង ត្បិតលោកនៅតែមិនពេញចិត្តពីការដឹកនាំពីថ្នាក់ដឹកនាំថ្មីនាពេលនេះ ខណៈពេលក៏មានបុគ្គលិកមួយចំនួនទៀត ក៏មិនពេញចិត្តដូចជារូបលោកផងដែរ។
តាមរយៈវីដេអូឃ្លីប ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីនេះ នាយ ពាក់មី បានលើកឡើងថា «ខ្លួនអាចនឹងដើរចេញពីស្ថានីយទូរទស្សន៍ CTN មែនទែនហើយ ដោយកម្មវិធីមួយដែលលោកសម្តែងនោះ ត្រូវបានគេដកលោកចេញហើយ»។
តារាកំប្លែងរូបនេះនិយាយថា «ខ្ញុំប្រហែលជាឈប់ពី CTN ហើយ ដោយសារកម្មវិធី បាទមេ ដែលខ្ញុំធ្លាប់ថតនោះ ឥឡូវវគ្គ២នេះ គេដកខ្ញុំចេញហើយ»។ លោកបញ្ជាក់ថា «រហូតមកទល់នាពេលនេះ ខ្ញុំមិនដែលភ្លេចគុណ CTN ឡើយ ព្រោះកន្លែងនេះ ដូចជាផ្ទះរបស់ខ្ញុំ ជាកន្លែងមានគុណរបស់ខ្ញុំ និងជាទីកន្លែងដែលបានផ្តល់កំណើតសិល្បៈដល់រូបខ្ញុំ។ ប៉ុន្តែខ្ញុំមិនពេញចិត្តឥណ្ឌាដែលជាអគ្គនាយកមកកាន់ថ្មីនេះ គាត់កៀបសង្កត់ និងតឹងរឹងពេក ហើយខ្ញុំចេញតវ៉ាប៉ុន្មានថ្ងៃមុននេះ បានចេញដោះស្រាយឲ្យខ្ញុំ ហើយឲ្យខ្ញុំលុបការផុសចោល ដល់ឥឡូវដកខ្ញុំចេញពីកម្មវិធី បាទមេ បាត់ហើយ»។
យ៉ាងណា បើតាមនាយ ពាក់មី ថា ប្រសិនបើលោកត្រូវបានដកចេញពី CTN ផ្លូវការមែននោះ លោកមានតែទៅស្រុកកំណើតនៅឯខេត្តស្វាយរៀង ហើយថតឃ្លីបវីដេអូកំប្លែងសម្រាប់ឲ្យបងប្អូនសើចលេងប៉ុណ្ណោះ។ លោកបញ្ជាក់ថា អំឡុងខ្ទង់ដើមខែ៧ នឹងមានការចេញជាលិខិតស្នាមត្រឹមត្រូវ ដោយនៅក្នុងនោះលោកប្រាកដមានរូបលោក នាយក្រូច នាយគ្រឿន និងលោកតា វ៉ិចទ័រ ដែលនឹងត្រូវចាកចេញ ខណៈពេលដែលពិធីករផ្នែកកីឡាមួយចំនួនទៀតក៏ចាកចេញដូចគ្នា។
លោកថា លោកនិយាយនេះមិនដឹងថា មានគេស្អប់លោកយ៉ាងណាទេ ប៉ុន្តែយើងត្រូវតែនិយាយខ្លះ ព្រោះលោកបាននៅ CTN នេះ ប្រមាណ១០ឆ្នាំហើយ ដូច្នេះកុំឲ្យបរទេសដែលមកដឹកនាំថ្មីនេះ អាចធ្វើឲ្យពួកលោកខ្ចាត់ខ្ចាយអស់។
ដោយឡែក ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ កោះសន្តិភាព មិនទាន់អាចស្វែងរកការបកស្រាយបន្ថែមពីលោក សុវណ្ណរិទ្ធី ហៅតាវ៉ីចទ័រ ដែលជាអ្នករៀបចំកម្មវិធីកំសាន្តមួយរូបនៅ CTN បាននៅឡើយទេ ខណៈពេលការសាកសួរមិនមានការឆ្លើយតប។
យ៉ាងណា ជុំវិញបញ្ហាខាងលើនេះកន្លងមក លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិច ទ័រ ធ្លាប់បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា អគ្គនាយកថ្មីដែលមកដឹកនាំនៅ CTN នេះ ពិតជាមានការរិតត្បិតលើបុគ្គលិកខ្លាំងមែន។
លោកបញ្ជាក់ថា និយាយដោយខ្លីក្រុមរបស់លោក គឺតែមួយ ហើយនាពេលនេះលោកមិនអាចនិយាយអ្វីបានឡើយ ព្រោះអ្វីៗស្ថិតលើថ្នាក់ដឹកនាំជាអ្នកសម្រេច លោកមិនដឹងទេ យើងជាបុគ្គលិករង់ចាំតែអនុវត្តន៍តែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ