បើករថយន្តលឿនពន្លះរថយន្តចតស្ងៀម ហើយរកគេចខ្លួន ដោយប្រាប់ថា គាត់មិនខុសទេ
- ភ្នំពេញ
បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ហើយក៏ទៅបុកជាមួយនឹងរថយន្តចតស្ងៀមមួយគ្រឿងពីក្រោយ
បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ហើយក៏ទៅបុកជាមួយនឹងរថយន្តចតស្ងៀមមួយគ្រឿងពីក្រោយ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ហើយក៏ទៅបុកជាមួយនឹងរថយន្តចតស្ងៀមមួយគ្រឿងពីក្រោយ បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត តែអ្នកបើករថយន្តបង្កបានអះអាងប្រាប់សមត្ថកិច្ចថា«គាត់មិនមែនជាអ្នកខុសទេ គឺរថយន្តនោះចតលើផ្លូវហាមឃាត់» ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីព្រះសុធារស ទល់មុខប៉ុស្តិ៍នគរបាលទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញAS-4080 ចតស្ងៀមនៅតាមបណ្តោយមហាវិថីព្រះសុធារស ជាប់សួនច្បារសកលវិទ្យាល័យ បៀលប្រាយ ដោយមិនដឹងថា តើម្ចាស់ទៅណានោះទេ?។
ពលរដ្ឋបន្តថា ភ្លាមៗនោះ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2T-7356 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសុធារស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅខាងស្តាំ រួចក៏បុកចំរថយន្ដតូយ៉ូតាព្រូស ពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តតូយ៉ូតាព្រូស ខ្ទាតឡើងឃឿនសួនច្បារ ហើយក៏ទៅបុកជាមួយនឹងបង្គោលរបងថ្ម ធ្វើឱ្យបាក់អស់មួយដើមទៀត ទើបធ្វើឲ្យរថយន្តតូយ៉ូតាព្រូស រងការខូចខាតក្រពឹតមួយកំណាត់ក្រោយ និងចំហៀងខាងឆ្វេងរថយន្ត ។ ចំណែកឯរថយន្តតាកូម៉ាវិញ រងការខូចខាតដាច់កាឡេកង់មុខខាងស្តាំ ទៅមុខលែងរួច តែសំណាងល្អនៅក្នុងហេតុការណ៍នោះ មិនបង្កឲ្យមនុស្សរងរបួសឡើយ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅប៉ុស្ដិ៍នគរបាល បានចេញទៅឃាត់រថយន្ដបង្កភ្លាមៗ ចំណែកម្ចាស់រថយន្តបង្កវិញបានព្យាយាមគេចចេញពីកន្លែងកើតហេតុ ដោយអះអាងថា រូបគេមិនបានខុសទេ ព្រោះតែរថយន្ដតូយ៉ូតាព្រូសនោះ ចតនៅលើផ្លូវហាមឃាត់ ប៉ុន្តែសមត្ថកិច្ចមិនអនុញ្ញាតឱ្យទៅទេ ដោយទាមទារអោយបុរសរូបនោះ បង្ហាញអត្តសញ្ញាណ និងប័ណ្ណបើកបរទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសិន ទើបអនុញ្ញាតឱ្យទៅ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ប៉ុន្តែម្ចាស់រថយន្តមិនព្រមសហការ ទើបមានការទាស់សម្តីគ្នាមួយប្រាវតែម្តង។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្ដតូយ៉ូតាព្រូស សមត្ថកិច្ចរកម្ចាស់រថយន្តមិនទាន់ឃើញនៅឡើយ ចំណែកឯម្ចាស់រថយន្តតាកូម៉ា បន្ទាប់ពីសមត្ថកិច្ចសួរនាំចប់ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញ នៅសល់តែរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ៕
ចែករំលែកព័តមាននេះ