ខេត្តតាកែវ ៖ របៀបចិញ្ចឹមត្រីមានច្រើនបែប ច្រើនសណ្ឋានតាមបច្ចេកទេសកសិកម្ម ដែលនៅក្នុងសម័យនេះគេអាចចិញ្ចឹមត្រីបានច្រើនយ៉ាង ខ្លះចិញ្ចឹមត្រីក្នុងស្រះធំៗ ក្នុងតង់កៅស៊ូ និងចិញ្ចឹមតាមបែបក្នុងទន្លេជាដើម ។ អ្នកស្រី កែវ យ៉ុន កសិករនៅក្នុងខេត្តតាកែវ គាត់បានកំពុងកាក់កកនៅក្នុងការចិញ្ចឹមត្រីក្នុងអាងទឹកតូចៗ នៅក្បែរផ្ទះ ដោយច្នៃរបងផ្ទះរបស់គាត់ជាជញ្ជាំងអាងចិញ្ចឹមត្រីតែម្តង ។
ដោយមិនមានដីធំទូលាយ ឬដើមទុនច្រើន ពលរដ្ឋខាងលើ និងស្វាមីបានសង់អាងដែលមានទទឹងជាង ១ ម៉ែត្រនិងបណ្តោយជាង ៣ ម៉ែត្រចំនួន ៧ ជាប់នៅរបងផ្ទះរបស់ខ្លួន ដើម្បីចិញ្ចឹមត្រីផ្គត់ផ្គង់គ្រួសារ ។ អ្នកស្រី កែវ យ៉ុន ដែលមានអាយុ ៤៥ ឆ្នាំ មានស្វាមីឈ្មោះ សាន់ ជា អាយុ ៤៦ ឆ្នាំធ្វើការងារសំណង់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
ស្ត្រីមេផ្ទះរូបនេះបានឱ្យដឹងថា គាត់ផ្តើមចិញ្ចឹមត្រីនេះនៅចុងឆ្នាំ ២០២១ កន្លងទៅ នៅពេលការរកចំណូលពីកម្មករសំណង់បានធ្លាក់ចុះដោយសារកូវីដ ១៩ ។ ពីដំបូងខ្ញុំសាកចិញ្ចឹមតែមួយអាងទេ ដោយចំណាយប្រាក់ចំនួន ៨ ម៉ឺនរៀលទិញពួជត្រី ប៉ុន្តែដល់ពេលត្រីធំអាចលក់បាននោះ ក៏ចាប់ត្រីលក់បានលុយចំនួន ១៤ ម៉ឺនរៀល ។ ក្នុងមួយគីឡូក្រាមអាចលក់បានថ្លៃ ៨០០០ រៀល ។ ខ្ញុំ និងស្វាមីសប្បាយចិត្តជាខ្លាំងដោយសារការចិញ្ចឹមនេះស្រួល យើងអាចទៅធ្វើកម្មករសំណង់បានជាធម្មតា ហើយបានចំណូលបន្ថែមមួយមុខទៀត ។ ដោយសារទទួលផលដូច្នេះ យើងបានពង្រីកអាងចិញ្ចឹមត្រីបាន ៧ នៅពេលនេះ ។ អ្នកស្រី កែវ យ៉ុន បានរៀបរាប់ដោយចង្អុលបង្ហាញអាងចិញ្ចឹមត្រីតូចៗរបស់គាត់ ។
តាមបទពិសោធន៍អ្នកស្រី កែវ យ៉ុន ថាការចិញ្ចឹមត្រីក្នុងអាងនេះ រយៈពេលតែជាងមួយខែ គឺត្រីធំអាចចាប់លក់បានហើយ ។ គាត់ចិញ្ចឹមត្រីអណ្តែង ត្រីក្រាញ់ និងត្រីប្រា ។ សព្វថ្ងៃនេះពលរដ្ឋនៅរស់នៅក្នុងភូមិបានមកទិញត្រីរបស់ខ្ញុំយកទៅហូប ។ ជាប្រចាំថ្ងៃពួកគាត់មកទិញមួយគ្រួសារមួយគីឡូក្រាម កន្លះគីឡូក្រាម យកទៅធ្វើម្ហូបភ្លាម ស្រស់តែម្តង ។
ការចិញ្ចឹមត្រីបន្ថែម លើរបរចាស់ជាកម្មករសំណង់ បានធ្វើឱ្យគ្រួសារអ្នកស្រី យ៉ុន ប្រសើរជាងមុខ ។ អ្នកស្រីនិយាយថា ពេលនេះគាត់មិនបារម្ភពីការចំណាយនានាប្រចាំខែដូចជាទឹក ភ្លើង ក្នុងមួយខែៗប្រមាណ ២០ ម៉ឺនរៀលនោះទៀតទេ ។
អ្នកស្រី យ៉ុន និយាយទាំងទឹកមុខញញឹម ថា ក្រោយពីមានមុខរបរចិញ្ចឹមត្រី ៧ អាងនេះមក ឃើញថា ជីវភាពគ្រួសារហាក់មានភាពស្រួលជាងពេលមុន ពេលលក់ត្រីបានម្តងៗអាចយកប្រាក់ចំណេញមកផ្គត់ផ្គង់គ្រួសារបាន ។ កាលមិនទាន់ចិញ្ចឹមត្រីលុយដែលប្តីបានមកពីការធ្វើសំណង់ម្តងៗមិនសូវសល់នោះទេ ។ លុយដែលបានមកពីការលក់កម្លាំង ចំណាយអស់ៗទៅវិញគ្មានសល់ឡើយ ៕
ចែករំលែកព័តមាននេះ