រាជធានីភ្នំពេញ ៖ ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២១ ជាផ្លែផ្កានៃគម្រោងសហការជាមួយអង្គការ UNIDO ស្តីពីការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយ ការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន សម្រាប់លើកទឹកចិត្ត និងទទួលស្គាល់ទៅដល់រោងចក្រ សហគ្រាស សិប្បកម្ម ដែលបានអនុវត្តសកម្មភាព និងផ្លាស់ប្តូរឥរិយាបទដំណើរធុរកិច្ចរបស់ខ្លួនដោយគិតគូរពីផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងជួយលើកស្ទួយដល់ វិស័យឧស្សាហកម្មនៅកម្ពុជាឱ្យអភិវឌ្ឍឈានមុខ និងប្រកបដោយនិរន្តភាព ។
ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២១ បានប្រគល់ជូនដល់ក្រុមហ៊ុនចំនួន ២១ កាលពីថ្ងៃទី ១៦ ធ្នូ ឆ្នាំ ២០២១ ។ លោក ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការបង្កើតឱ្យមានគម្រោងនេះ គឺជាផ្តល់ការលើកទឹកចិត្តដល់បណ្តារោងចក្រ សហគ្រាស សិប្បកម្ម ឱ្យអនុវត្តគោលការណ៏ សកម្មភាពបៃតងដូចជា ការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ទឹក ថាមពល និងកាកសំណល់ ចេញពីដំណើរការផលិតកម្ម ហើយគោលការណ៏នេះ ស្របទៅតាមបទដ្ឋានច្បាប់ និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលតាមរយៈការទទួលស្គាល់ស្នាដៃសកម្មភាព បៃតងទាំងអស់នេះ ។
លោកបញ្ជាក់ថា «ជាក់ស្តែងការផ្តល់ពានរង្វាន់ថ្នាក់ជាតិ គឺក្រសួងលើកទឹកចិត្តឱ្យបន្តការអនុវត្តសកម្មភាពខាងលើ ជំរុញឱ្យពួកគាត់ ស្វែងរកគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗ ដែលគាំទ្រដល់ការអនុវត្តសកម្មភាពបៃតង ដើម្បីជាប្រយោជន៏ដល់បណ្តារោងចក្រ សហគ្រាស សិប្បកម្ម និងសង្គមជាតិផង» ។
តំណាងក្រុមហ៊ុន Misota Foods ដែលទទួលបានជ័យលាភីពានរង្វាន់ឧស្សាហកម្ម បៃតងកម្ពុជា លោក ជិន វុឌ្ឍី បានលើកឡើងថា ការប្រកួតប្រជែង នេះជារបត់ថ្មីមួយមួយទៀត ដែលរោងចក្រ សហគ្រាស សិប្បកម្មទាំងអស់គួរគិតគូរ ព្រោះការអនុវត្តតាមវិធីនេះ វាជួយគាំទ្រដល់ភពផែនដី ជាពិសេសការកាត់បន្ថយនូវការចំណាយថ្លៃដើមផលិត ដែលអាចធ្វើឱ្យក្រុមហ៊ុនមានការប្រកួតប្រជែង ។
ដោយមានការគាំំទ្រពីដៃគូអភិវឌ្ឍន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុវត្តនូវគម្រោងមួយចំនួន ដើម្បីលើកកម្ពស់ឧស្សាហកម្មបៃតងក្នុងចំណោមនោះមានគម្រោង«ការអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលដល់បរិស្ថាន ។ គម្រោងនវបានផ្តល់ជំនួយបច្ចេកទេសដល់រោងចក្រ សហគ្រាសសហកម្ម ត្រូវបានជ្រើសរើសចូលរួមអនុវត្តវិធីសាស្ត្រ TEST ដែលជាវិធីសាស្ត្រមួយសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានទឹក និងថាមពលដើម្បីកាត់បន្ថយផលប៉ះពាល់នៃសកម្មភាពឧស្សាហកម្មតាមរយៈកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ កាកសំណង់រឹងរាវ ដែលជាលទ្ធផលបានធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់និយោជិក កម្មករជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្មរបស់រោងចក្រ សហគ្រាស សិប្បកម្មទាំងនោះក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ៕
ចែករំលែកព័តមាននេះ