រាជធានីភ្នំពេញ ៖ តារាកំប្លែង នាយ តាក់ស៊ី ដែលកន្លងទៅល្បីល្បាញថា លោកបានក្លាយជាថៅការ៉ាស់ឡាន និងដីឡូតិ៍ រស់
នៅជីវភាពឡូយឆាយនោះ គឺជារឿងមិនពិតនោះទេ ។ ថ្មីៗនេះ តារាកំប្លែងដែលធ្លាប់មានប្រវត្តិបួសជាព្រះសង្ឃមួយរយៈពេលខ្លី ក្រោយផ្តិតមេដៃលែងលះភរិយា នាង ភីម នោះ បានទម្លាយការពិតអំពីជីវិតរបស់ខ្លួនថា កំពុងស្ថិតក្នុងស្ថានភាពលំបាក រស់នៅផ្ទះជួលគេតម្លៃត្រឹមតែ៦០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ ។
តារាកំប្លែងនាយតាក់ស៊ី ដំបូងឡើយត្រូវបានគេទម្លាយអោយដឹងថា ស្ថានភាពរបស់តារាកំប្លែងរូបនេះ បានប្រែប្រួល ៣៦០ ឌឺក្រេតែម្តនោះ គឺលោកបានផ្លាស់ទៅនៅផ្ទះជួលមួយខែ៦០ដុល្លារ ខុសពីអតីតកាលដែលលោកធ្លាប់ហ៊ឺហារ ក្រោយចាប់ឈោងភាពល្បីល្បាញតាមរយៈអាជីពកំប្លែងកន្លងមក។
យ៉ាងណាមិញ ឆាកជីវិតមិនទៀងទាត់ឡើយ បន្ទាប់ជួបព្យុះភ្លៀងជាមួយនឹងការរួមរិតដោយជំងឺ នាយ តាក់ស៊ី ធ្លាប់បានរត់ទៅបួស ដោយសម្រេចលែងលះជាមួយភរិយា ដោយសម្អាងថាខ្លួននឹងបួសអស់មួយជីវិត។ យ៉ាងណាការសាងផ្នួសបួសជាព្រះសង្ឃមិនបានប៉ុន្មានផងលោកក៏សម្រេចផ្សឹកវិញ ដោយសារជំងឺប្រចាំកាយរបស់លោកកាន់តែធ្វើទុក្ខខ្លាំង ហើយលោកអាចនឹងអស់ជីវិតប្រសិនបើលោកនៅបន្តបួស។
ក្រោយពីសឹកវិញនាយ តាក់ស៊ី ក៏ត្រូវបានផ្តល់ឱកាសបានចូលរួមលេងកំប្លែងជាថ្មីឡើងវិញនៅស្ថានីយទូរទស្សន៍CTN។ ទោះជាយ៉ាងដំណើរជីវិតរបស់នាយ តាក់ស៊ី ហាក់លិចអណ្តែតមិនទៀង ខណះពេលបច្ចុប្បន្នលោកគ្មានសល់អ្វីជាដុំកំភួននៅជាប់ខ្លួន ត្រឹមរស់នៅផ្ទះជួលជាមួយជីវភាពមួយរស់ៗប៉ុណ្ណោះ។
យ៉ាងណាក្តី តារាកំប្លែងរូបនេះបានទម្លាយមូលហេតុដែលធ្វើលោកធ្លាក់ខ្លួនបែបនេះ ដោយសារលុយដែលលោករកបានពីការសម្តែងគឺត្រូវបែកចែកសម្រាប់ចាយខ្លួនឯងផង និងត្រូវមើលម្តាយដែលកំពុងតែឈឺផង។ នៅក្នុងបទសម្ភាសន៍ជាមួយពិធីករនិងតារាសម្តែង លោក អ៊ីម ជីវ៉ា កាលពីពេលថ្មីៗនេះនាយ តាក់ស៊ី បានលើកឡើងថា បច្ចុប្បន្នលោកកំពុងស្នាក់នៅផ្ទះជួលមួយកន្លែងនៅម្តុំស្ថានីយទូរទស្សន៍CTN ក្នងមួយខែ៦០ដុល្លារ។
លោកបញ្ជាក់ថា សម្រាប់ការងារក្រៅពីការសម្តែងនៅស្ថានីយទូរទស្សន៍ CTN នោះលោកមិនមានការងារអ្វីផ្សេងឡើយ។លោកបន្តថា លោកពិតជាអរគុណអគ្គនាយកស្ថានីយ៍ និងលោកតា វ៉ិចទ័រ ដែលបានផ្តល់ឱកាសម្តងទៀតសម្រាប់លោកសម្តែង បើទោះបីជាលោកបានផ្តាច់កុងត្រាក្នុងពេលដែលលោកបានទៅបួសនោះក្តី។
នាយតាក់ស៊ី បានបន្ថែមថា ការឡើងសម្តែងនៅCTN របស់លោកគឺគិតតម្លៃតាមShow ដែលសម្តែង ពោលមិនមានប្រាក់ខែដួចដែលលោកនៅជាប់កុងត្រានោះឡើយ។លោកថា លុយដែលបានសម្តែងនោះគឺបានបែកចែកថ្លៃចាយវាយ ឈ្នួលផ្ទះ ទឹកភ្លើង ពិសេសម្តាយឈឺ ខណះពេលកន្លងមកលោកក៏បានចំណាយលើការព្យាបាលលោកយាយរបស់លោកនៅមុនពេលលោកយាយលោកទទួលមរណភាពនោះផងដែរ។
ទោះជាយ៉ាងណា បើតាម នាយ តាក់ស៊ី លោកបានស្នើសុំដល់មហាជនកុំអោយមានការយល់ច្រឡំថា កន្កងមកលោកធ្លាប់ក្លាយជាថៅការ៉ាស់ឡាន និងដីឡូតិ៍ ព្រោះធាតុពិតអ្វីទាំងអស់នោះគឺលោកគ្រាន់ជាការសម្តែងនិងឈរឈ្មោះអោយគេប៉ុណ្ណោះ។ លោកថា គេហៅយើងទៅថត និងអោយយើងឈរឈ្មោះអោយ ដើម្បីអោយអតិថិជនឆាប់បានស្គាល់ហាង និងផលិតផលគេប៉ុណ្ណោះ ។
នាយ តាក់ស៊ី បញ្ជាក់ថា បច្ចុប្បន្នលោកមិនសល់អ្វីឡើយ បើសូម្បីតែម៉ូតូមួយគ្រឿងសម្រាប់ជិះធ្វើការក៏គ្មានឡើយ ដោយពេលខ្លះពេលចេញសម្តែងឆ្ងាយៗម្តងគឺបាននាយ ក្រូចមកយក។ ពាក់ព័ន្ធទៅនឹងជីវិតគ្រួសារវិញនាយ ក្រូច បានលើកឡើងថា នាយមានចិត្តសប្បាយរីករាយនៅពេលដែលលោកបានឃើញអតីតភរិយារបស់លោកមានគ្រួសារថ្មី និងបានសាងអនាគតថ្មី ព្រោះរវាងលោក និងអតីតភរិយានាង ភីម បានសម្រេចចែកផ្លូវគ្នាដោយសន្តិវិធីរួចហើយ៕
ចែករំលែកព័តមាននេះ