កំពង់ស្ពឺ៖ បុរសម្នាក់ ចេញពីធ្វើការ ធ្វើដំណើរតាមម៉ូតូ ជិតដល់ផ្ទះហើយ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបុកនឹងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបាត់បង់ជីវិត។ ក្រោយដឹងថា ប្តីស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ប្រពន្ធទ្រហោយំគួរឲ្យអាណោចអាធ័ម។ រីឯភាគីម្ខាងទៀត រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនតាមរថយន្ត ទៅសង្គ្រោះនៅរាជធានីភ្នំពេញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ២០ និង ១៥នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវលេខ១៣០ ក្នុងភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រង់សំដីសាក្សី អោយដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-3772 បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានរេចង្កូត ទៅចំណែកផ្លូវភាគីម្ខាងទៀត បុកម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-2497។
ប្រភពបន្តថា ភាគីម៉ាកហុងដា សេ125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-3772 បើកបរ ដោយឈ្មោះ ញឹក សុចាន់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកភាគីដែលបាត់បង់ជីវិត ជិះម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-2497 អ្នកបើកបរឈ្មោះ ជួន ឆៃប៊ុនថាន់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងហេតុការណ៍នេះ បណ្ដាលអោយគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សម្នាក់ ឈ្មោះ ជួន ឆៃប៊ុនថាន់ នៅកន្លែងកើតហេតុ និងភាគីម្ខាងទៀតរបួសធ្ងន់ ត្រូវសាច់ញាតិ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ចំពោះម៉ូតូទាំង ២គ្រឿង ត្រូវបានពប៉ូលិស យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល រលាំងគ្រើល ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ អ្វីដែលមហាជន និងសមត្ថកិច្ច អាណិតអាសូរនោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅជិតផ្ទះជនរងគ្រោះ ហើយនៅពេល ដែលជនរងគ្រោះ ធ្វើដំណើរចេញពីធ្វើការ សំដៅទៅផ្ទះ។ ប្រពន្ធជនរងគ្រោះ បានស្រែកទ្រហោយំ ហើយរៀបរាប់ថា “រៀងរាល់ថ្ងៃ បងតែងចេញពីធ្វើការរោងចក្រ នៅម៉ោង ៦ល្ងាច យ៉ាងយូរ ១៥នាទី បងមកដល់ផ្ទះហើយ។ ថ្ងៃនេះ បងបានទូរស័ព្ទមកអូន អោយរៀបចំហូបបាយទឹកអោយហើយមុនបង ព្រោះបង ត្រូវថែមម៉ោង។ មិននឹកស្មានថា នៅម៉ោងកើតហេតុ អូនទទួលទូរស័ព្ទពីសមត្ថកិច្ច អោយមកទទួលយកសពបងទៅវិញ”៕ វង្ស សន
ចែករំលែកព័តមាននេះ