ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរលក់ការ៉េម ១៥ ម៉ោងមួយថ្ងៃ លោក ជា សឿន រកចំណូលបានត្រឹម ១ ម៉ឺនរៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងសម្លៀកបំពាក់ចាស់ៗ និងបែកញើសហូររហាមជោគខ្លួន ដៃទាំង ២ កាន់ធុងការ៉េមជាប់មិនលែងលោក ជា សឿន បាននិយាយថា…

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងសម្លៀកបំពាក់ចាស់ៗ និងបែកញើសហូររហាមជោគខ្លួន ដៃទាំង ២ កាន់ធុងការ៉េមជាប់មិនលែងលោក ជា សឿន បាននិយាយថា គាត់មានស្រុកកំណើតនៅភូមិដំរីពួន ឃុំចំការគួយ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ លោក និងប្រពន្ធ រួមទាំងកូនបានជួលបន្ទប់ស្នាក់នៅ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដើម្បីប្រកបរបរដើរលក់ការ៉េមចិញ្ចឹមជីវិតនៅរាជធានីភ្នំពេញ ។

បុរសអាយុ ៤១ ឆ្នាំ នេះបាននិយាយទាំងទឹកមុខស្ងួត និងអួលដើមកថា ជីវភាពគ្រួសាររបស់គាត់មានសភាពយ៉ាប់យ៉ឺនខ្លាំងណាស់ រកបានព្រឹកខ្វះល្ងាចនិងរកបានល្ងាចខ្វះព្រឹក ។ ចំណែកឯប្រពន្ធរបស់លោកមានជំងឺរបេងឆ្អឹងជើងពុំអាចដើរបានទៀត ដេកនៅតែផ្ទះច្រើនឆ្នាំមកហើយ ។ រាល់របរអូសរទេះការ៉េម ដើរដោយថ្នើរជើងលក់តាមផ្លូវនេះ ត្រូវរ៉ាប់រងថ្លៃជួលបន្ទប់ ហូបចុក និងការព្យាបាលជំងឺប្រពន្ធផង ។ 

លោក សឿន បានរៀបរាប់ឲ្យដឹងថា ក្នុង ១ ថ្ងៃៗគាត់ត្រូវរុញធុងការ៉េមដោយថ្មើរជើងចម្ងាយប្រមាណពី ១០ ទៅ ២០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ។ លោកចេញពីផ្ទះចាប់ពីម៉ោង ៦ ឬ ៧ ព្រឹករហូតដល់វេលាម៉ោង ៨ ទៅ ៩ យប់ទើបត្រឡប់ដល់ផ្ទះវិញ ។ លោក ជា សឿន ក្នុងមួយថ្ងៃៗលោក អស់កម្លាំងខ្លាំងណាស់ហើយសុខភាពខ្លួនឯងក៏ពុំសូវស្រួលដែរ ប៉ុន្តែជីវិត គឺជាការតស៊ូ មានតែការខិតខំរកប្រាក់កម្រៃបន្តិចបន្តួចដើម្បីចិញ្ចឹមប្រពន្ធកូនទំរាំដល់ថ្ងៃស្លាប់រៀងៗខ្លួនប៉ុណ្ណោះទើបផុតទុក្ខលំបាក ។

លោក ជា សឿន បាននិយាយទៀតថា នៅក្នុងរបរលក់ការ៉េមនេះ គឺគាត់ពុំបានចំណាយដើមទុនសូម្បីតែ ១ រៀលនោះឡើយ គាត់មានតែកម្លាំងប៉ុណ្ណោះ ចំណែកការ៉េម និងធុងការ៉េម ដែលគាត់រុញដើរលក់រាល់ថ្ងៃនេះ គឺជារបស់ថៅកែផ្ដល់ឲ្យ ។ លោកថាថៅកែមានការ៉េម និងធុង លោកមានកម្លំាង បើលក់បាន ២ ម៉ឺនរៀលថៅកែយក ១ ម៉ឺនរៀល ហើយលោកទទួលបាន ១ ម៉ឺនរៀល គឺម្នាក់ពាក់កណ្ដាល ។ មុនលក់ការរ៉េម លោក ជា សឿន ជាកម្មករសំណង់ ។ លោកថា លោកធ្វើការមិនរើសមុខរបរឡើយ ឲ្យតែកម្លំាងអាចធ្វើបាន លោកធ្វើទំាងអស់ដើម្បីចិញ្ចឹមប្រពន្ធកូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ