ខេត្តកណ្ដាល ៖ យោងតាមលទ្ធផលធ្វើតេស្តដោយក្រុមគ្រូពេទ្យជំនាញដែលប្រើប្រាស់ម៉ាស៊ីនទំនើប Rapid Test ក្នុងការធ្វើតេស្តទៅលើកម្មកករកម្មការិនីរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) រយៈពេល២ថ្ងៃកន្លងមកនេះ គិតត្រឹមវេលាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ បានរកឃើញកម្មករ កម្មការិនីរោងចក្រខាងលើសរុប២១៨នាក់ហើយវិជ្ជមានជំងឺកូវីដ១៩ ។
ប៉ុន្តែនេះគ្រាន់តែជាលទ្ធផលបឋមប៉ុណ្ណោះ ដោយពុំបានឆ្លងកាត់ការធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈមួយជំហានទៀតឲ្យកាន់តែសុក្រិតនៅឡើយទេ តែទោះបីជាបែបណា លទ្ធផលនេះគឺជាការព្រួយបារម្ភណាស់ទៅហើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រោងចក្រខាងលើនោះមានទីតាំងស្ថិតនៅក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយរយៈពេល២ថ្ងៃក្រុមគ្រូពេទ្យជំនាញបានយកសំណាកធ្វើតេស្តលើចំនួនកម្មករ-កម្មការិនីរោងចក្រមួយនេះចំនួន១,០១៣នាក់ ។ ជាលទ្ធផលនៅថ្ងៃទី២៣ ខែមេសា បានរកឃើញកម្មករ កម្មការិនីចំនួន២១នាក់ លុះរហូតដល់ថ្ងៃទី២៤ ខែមេសា គិតត្រឹមវេលាល្ងាចបានរកឃើញចំនួន១៩៧នាក់ បន្ថែមទៀត ដូច្នេះសរុបទាំង២ថ្ងៃមានកម្មករ កម្មការិនីសរុប២១៨នាក់ ហើយដែលមានវិជ្ជមានកូវីដ១៩ ហើយក្រុមការងារកំពុងដុតដៃដុតជើងបន្តធ្វើការងារមួយនេះតាមជំនាញ។
តាមប្រភពដដែលបានឲ្យដឹងថា ក្រៅពីរោងចក្រខាងលើមានផ្ទុះជម្ងឺកូវីដ១៩ ក៏មានរោងចក្រមួយទៀតយីហោ« ប៉ូវ ឃ័រ» ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីគ្នា ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ក៏កំពុងមានការសង្ស័យអំពីឆ្លងជម្ងឺនេះដែរ ។
នៅថ្ងៃទី២៤ ខែមេសា ដដែលនោះដែរ ក្រុមការងារខាងលើក៏បានបន្តទៅយកសំណាកកម្មករ កម្មការិនីប្រមាណជាង២០០នាក់ទៀតក្នុងចំនួនសរុបទាំងអស់ជាង៣.០០០នាក់ ដើម្បីធ្វើតេស្តរកមេរោគ។ មិនតែប៉ុណ្ណោះក្រុមការងារក៏បានណែនាំដល់បងប្អូនកម្មករទាំងអស់ត្រូវតែអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីគេចផុតពីជម្ងឺកាចសាហាវនេះ៕
ចែករំលែកព័តមាននេះ