មីយ៉ាន់ម៉ា ៖ យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថាលោក Paing Takhon អាយុ ២៤ឆ្នាំ ដែលជាតារាម៉ូដែល និងតារាសម្តែងដ៏មានប្រជាប្រិយភាពបំផុតមួយរូបរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវក្រុមទាហានមីយ៉ាន់ម៉ាសម្រុកចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ។ នៅក្នុងប្រតិបត្តិការណ៍ចាប់ខ្លួនអ្នកសិល្បះគាំទ្រការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ។ ខណៈដែលទាហានកំពុងតាមប្រមាញ់តារាល្បីៗប្រហែល ១២០នាក់ផ្សេងទៀត ដែលគាំទ្រចលនានេះ។
បងស្រីរបស់តារាប្រុស Takhon បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ក្រុមទាហានប្រហែល៥០នាក់ រួមជាមួយឡានចំនួន ៨គ្រឿង បានមកចាប់ខ្លួន Takhon យកចេញពីផ្ទះម្តាយរបស់គាត់នៅតំបន់ដាហ្គិន ភាគខាងជើងទីក្រុងយ៉ាំងហ្គោន នាព្រឹកថ្ងៃទី៨ ខែមេសានេះ។
បងស្រីតារាប្រុសរូបនេះ បានបន្តទៀតថា ដោយសារតែ Takhon កំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ស្រាប់តែក្រុមទាហានបានមកចាប់ខ្លួនរូបគេទៅយ៉ាងស្ងៀមស្ងាត់បំផុត ដោយគ្មានអំពើហិ.ង្សាឡើយ។
សូមបញ្ជាក់ថា Paing Takhon គឺជាអ្នកគាំទ្រប្តូរផ្តាច់ ព្រមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងចលនាបាតុកម្មប្រឆាំងរដ្ឋប្រហារទាំងដោយផ្ទាល់នៅក្នុងការជួបជុំ និងតាមរយៈបណ្តាញសង្គមរបស់គាត់។ នៅក្នុងគោលបំណងឱ្យបរទេសលូកដៃជួយ ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
កាលពីពេលថ្មីៗនេះ អាជ្ញាធរមីយ៉ាន់ម៉ាទើបតែបានផ្សព្វផ្សាយដីកាចាប់ខ្លួនតារាល្បីៗប្រហែល១២០នាក់ ដែលក្នុងនោះក៏រួមមានតារាចំរៀង Lin Lin និង Chit Thu Wai, តារាសម្តែង Phway Phway, Eaindra Kyaw Zin និង Pyay Ti Oo និងតារាម៉ូដែល May Myat Noe ផងដែរ៕
ចែករំលែកព័តមាននេះ