ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សិរ​ព្រះ​នារាយណ៍​ធ្វើ​ពី​ថ្មភក់ មួយ​បំណែក​រក​ឃើញ​នៅ​ប្រាសាទត្រពាំងផុង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៥ ខែ មេ​សា ឆ្នាំ ២០២១ នេះ​ថា…

ខេត្តសៀមរាប ៖ យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៥ ខែ មេ​សា ឆ្នាំ ២០២១ នេះ​ថា ព្រះ​សិរ​ព្រះ​នារាយណ៍​មួយ​បំណែក​ខាងស្តាំ ត្រូវ​បាន​ក្រុមការងារ​ជួសជុល​ប្រាសាទត្រពាំងផុង ប្រទះ​ឃើញ​នៅ​ខាងក្នុង តួ​ប៉ម​កណ្តាល​នៃ​ប្រាសាទ​នេះ ​។

រូបភាព ៖ លោក ឈូក សុ​ម៉ា​ឡា (អាជ្ញាធរជាតិអប្សរា)

បំណែក​ព្រះ​សិរ​ធ្វើ​ពី​ថ្មភក់ ដែល​មាន​កម្ពស់ ៣៨ ស​.​ម ទទឹង ២០​ស​.​ម និង​កម្រាស់ ១៨​ស​.​ម នេះ​មាន​ព្រះ​ភក្ត្រ​មួយ​ចំហៀង​ខាងស្តាំ ដែល​នៅ​លើ​ព្រះ​ភក្ត្រ​នោះ មាន​សល់​ទ្រនុង​ចិញ្ចើម ព្រះ​នេត្រ ចុង​ច្រមុះ បបូរមាត់​បន្តិច និង​ស្លឹកត្រចៀក​មួយ​ចំហៀង​។ រីឯ​នៅ​ផ្នែក​ខាងលើ មាន​ម្កុដ​រាង​ស៊ីឡាំង​ដែល​គ្រប​ត្រឹម​ថ្ងាស​ទៅ​តាម​ជើងសក់​នៅ​ជុំវិញ​ពី​ផ្នែក​ខាង​មុខ​ដល់​ខាងក្រោយ​។

រូបភាព ៖ លោក ឈូក សុ​ម៉ា​ឡា (អាជ្ញាធរជាតិអប្សរា)

លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ក្រុម​ចុះបញ្ជី​វត្ថុ​សិល្បៈ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា បំណែក​ព្រះ​សិរ​នៃ​បដិមា​នេះ​នៅ​សល់ ផ្នែក​ខ្លះ​ដែល​អាច​ឱ្យ​យើង​ធ្វើការ​កំណត់សម្គាល់ បាន​ថា​ជា​ព្រះ​សិរ​របស់​បដិមា​ព្រះ​នារាយណ៍ ពោល​គឺ​ពុំ​មែន​ជា​ព្រះ​សិវៈ រឺ​ព្រះ​ហរិ​ហរៈ​ឡើយ​។

រូបភាព ៖ លោក ឈូក សុ​ម៉ា​ឡា (អាជ្ញាធរជាតិអប្សរា)

លោក​បាន​បន្ថែម​ទៀត​ថា បើ​តាម​លោក​យល់ បដិមា​នេះ​ទំនងជា​ស្ថិត​ក្នុង​រចនាបថ​គូលែន ដោយ​ព្រះ​ភក្ត្រ​នៃ​បដិមា​រាង​ធំ​ខ្លី ចិញ្ចើម​ដាច់​មិន​ជាប់​គ្នា​ទេ រីឯ​លក្ខណៈ​សម្គាល់​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ ម្កុដ​រាង​ជា​ស៊ីឡាំង​ខ្ពស់​ទៅ​លើ ដែល​នេះ​ហើយ​ជា​លក្ខណៈ នៃ​បដិមា​សាស្ត្រ​ក្នុង​រចនាបថ​គូលែន​។

រូបភាព ៖ លោក ឈូក សុ​ម៉ា​ឡា (អាជ្ញាធរជាតិអប្សរា)

ម្យ៉ាងវិញទៀត បើ​យើង​គិត​ទៅ​លើ​សំណង់​ប្រាសាទត្រពាំងផុង​នោះ​ទៀត​សោត ក៏​មាន​អ្នក​ស្រាវជ្រាវ​បាន​អះអាង​រួច​មក​ហើយ​ថា ប្រាសាទ​នេះ​គឺ​មាន​រចនាបថ​គូលែន ដែល​សង់​ឡើង​នៅ​ពាក់កណ្តាល​សតវត្ស​ទី​៩ ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៣ (៨៥០​?​-៨៧៧) ដែល​ត្រូវជា​បុត្រ​របស់​មហាក្សត្រ ដ៏​ល្បី​មួយ​អង្គ​គឺ​ព្រះបាទ ជ័យ​វ្ម័​នទី​២ (៨០២-៨៥០​?​)​។ បើ​ដូច្នេះ​មែន នោះ​គឺ​គ្មាន​អ្វី​ចម្លែក​ទេ ពោល​គឺ​បំណែក​បដិមា ដែល​បាន​រក​ឃើញ​នេះ គឺ​ប្រហែលជា​បដិមា​ដើម ដែល​បាន​សាងសង់​ក្នុង​ពេល​ដំណាលគ្នា ជាមួយ​ប្រាសាទត្រពាំងផុង​នោះ​តែ​ម្តង មាន​ន័យ​ថា​ពុំ​មែន​ជា​បដិមា ដែល​យក​មក​តម្កល់​នា​សម័យ​ក្រោយ​ៗ មក​ទៀត​នោះ​ទេ​។

ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​បំណែក​ចម្លាក់​ខាងលើ ដោយ​មាន​ស្ថា​ប​ន័​នគរបាល​ការពារ​បេតិកភណ្ឌ ព្រមទាំង​ភ្នាក់ងារទេសចរណ៍​រួច​មក បំណែក​ចម្លាក់​នោះ​បាន​ដឹក​យក​ទៅ​រក្សា​ទុកជា​បណ្តោះ​អាស​ន្ត​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើការ​ចុះបញ្ជី​ទុកជា​ឯកសារ​ផង និង​បន្ត​ស្វែងរក​ទិន្នន័យ​បំណែក​ផ្សេង​ៗ​ទៀត​ផង ក្រែងលោ​មាន និង​ធ្វើការ​ជួសជុល​នៅ​ថ្ងៃ​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ