ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ដែលធ្វើឱ្យរថយន្តធុនយក្សរបស់ក្រុមហ៊ុនដឹកជញ្ជូន(TM) បានបើករេចង្កូតដាក់កន្ទុយក្រឡាប់ចាក់ចោលផលិតផលប៉ូវកម្លាំង អ៊ីឈិក ទៅតាមស្នាមភ្លោះម្ខាងផ្លូវមុខផ្ទះប្រជាពលរដ្ឋ ខណៈឡើងវ៉ាខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលនៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិក្បិក ឃុំសាំងគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើប្រភពបញ្ជាក់របស់ សមត្ថកិច្ចនគរបាលជំនាញបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង ដែលមានរថយន្ត (បេអង)ពណ៌ប្រផេះ ដែលកន្ទុយសណ្តោងពាក់ស្លាកលេខ កំពង់ចាម 4A-0853 របស់រថយន្តក្រុមហ៊ុនដឹកជញ្ជូន(TM) បានបើកបរមកពីទិសខាងលិចឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយមានផ្ទុកទៅដោយទំនិញ ផលិតផលទឹកអ៊ីឈិក នៅពេលមកដល់កន្លែងកើតហេតុ បានគេចពីរថយន្តធំដូចគ្នា ហើយបានរេចង្កូតមកខាងស្តាំដៃ ធ្វើឱ្យក្បាលរថយន្តបានទៅបុកដើមកាស្យា ដែលធ្វើឱ្យកន្ទុយសណ្តោងបានកាច់បាក់ទំពក់ហើយក្រឡាប់ចាក់ចោលទំនិញចេញពីទ្រុងបែករាយប៉ាយនៅពេញដីមុខផ្ទះប្រជាពលរដ្ឋ បានធ្វើឱ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនៅជិតៗនោះ មកជួយអន្តរាគមន៍ ។
ប្រភពបានបន្តថា ក្នុងករណីនេះមិនបានបង្កឱ្យមានគ្រោះថ្នាក់មនុស្សណាម្នាក់ឡើយ តែក្នុងហេតុការណ៍នេះ ក៏មានម្ចាស់ទំនិញបានធ្វើការគ្រប់គ្រងទំនិញរបស់ខ្លួន ដោយមានបងប្អូនប្រជាពលរដ្ឋបានចូលរួមប្រមូលទុកដាក់ឱ្យត្រឹមត្រូវតែក្នុងនោះក៏រងការខូចខាត មួយចំនួនផងដែរ។ តាមការបញ្ជាក់របស់អ្នកបើកបរសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្នុងករណីនេះដោយគាត់បានបើកគេចពីរថយន្ត ធំមួយទៀតដែល បើកបញ្ច្រាសទិសគ្នា ហើយបានឡើងវ៉ារថយន្តផ្សេងទៀត ក្នុងសភាពគ្រោះថ្នាក់ បានធ្វើឱ្យរថយន្តរបស់គាត់ គេចចេញពីស្ថានភាពគ្រោះថ្នាក់នោះ បានរេចង្កូតមកធ្លាក់ស្នាមភ្លោះខាងស្តាំ បណ្តាលធ្វើឱ្យទ្រុងរថយន្តផ្ទុកទំនិញខាងក្រោយ កាច់បាក់ទំពក់ក្រឡាប់តែម្តងទៅ។
មូលហេតុ រថយន្តដឹកទំនិញបើកបរខ្វះការប្រុងប្រយ័ត្ន។ ប្រភពបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង ដើម្បីយករថយន្តទៅកន្លែងអធិការនគរបាលស្រុក ប៉ុន្តែត្រូវបានម្ចាស់សុំយករថយន្ត និងទំនិញទៅជួសជុល និងរក្សាដោយខ្លួនឯងវិញ៕ដោយ ៖ ច័ន្ទ រស្មី ល
ចែករំលែកព័តមាននេះ