រាជធានីភ្នំពេញ ៖កេរ គឺជាឈ្មោះដែលត្រូវបានដាក់ដោយក្រុមជនពិកាមួយក្រុមដែលបានប្រមូលផ្តុំគ្នា បង្កើតជាក្រុមតន្ត្រីយីកេរមួយឡើង ដើម្បីចូលរួមផ្សព្វផ្សាយ ដោយមិនរកប្រាក់កម្រៃ ក្នុងពេលដែលក្រុមមួយនេះក៏បានទទួលការចាប់អារម្មណ៍ជាច្រើនផងដែរពីមហាជនចូលទស្សនានៅតាមបណ្តាញសង្គមហ្វេសប៊ុក។
មិនស្វែងរកប្រាក់កម្រៃ ក្រុម កេរ បានបង្ហាញពីគោលបំណងតែមួយគត់ គឺចង់ថែរក្សា និងផ្សព្វផ្សាយពីសិល្បៈបុរាណខ្មែរ គឺយីកេរ ឲ្យបានទូលំទូលាយ និងចូលរួមថែរក្សាទាំងអស់គ្នា ត្បិតវាជាសិល្បៈវប្បធម៌របស់ដូចតាខ្មែរយើងដែលបានបន្សល់ទុកមកអស់ជាច្រើនឆ្នាំ។
ប្រធានក្រុមកេរ លោក វិន វិចិត្រ បានអះអាងប្រាប់កោះសន្តិភាពថា ក្រុមរបស់លោកបានបង្កើតឡើងរយៈពេលប្រមាណមួយឆ្នាំមកហើយ ហើយភាគច្រើនក្រុមរបស់លោកគឺជាជនពិកា ខណៈពេលដែលការបង្កើតក្រុមនេះឡើង គឺមិនមានជំនួយមកពីខាងណានោះឡើយ។
លោកបញ្ជាក់ថា យើងបានបង្កើតក្រុមនេះឡើង គឺមិនសម្រាប់ដើរលេងតាមកម្មវិធីនានានោះឡើយ ពោលគឺបង្កើតឡើងដោយសារការស្រឡាញ់ និងចូលចិត្តលើសិល្បៈយីកេរនេះ ហើយក៏ក្នុងន័យចូលរួមផ្សព្វផ្សាយ និងអភិរក្សសិល្បៈបុរាណមួយនេះផងដែរ។ លោកថា ក្រុមកេរ ត្រូវបានបង្កើតឡើងដោយលោកផ្ទាល់ដែលជាជនពិកាភ្នែក ហើយក្នុងនោះក៏មានការចូលរួមពីមិត្តភក្តិពិកាផ្សេងៗទៀត ដែលធ្លាប់សិក្សាជាមួយគ្នា និងអ្នកដែលមានជំនាញសិល្បៈនេះស្រាប់ ទើបយើងសម្រេចសហការធ្វើវាឡើងតែម្តង ហើយក៏មានការជួយជ្រោមជ្រែងជាថវិកាពីសប្បុរសជនណាម្នាក់ឡើយ។
លោក វិន វិចិត្រ បានឲ្យដឹងទៀតថា ការបង្កើតក្រុមកេរនេះ គឺជាការស្ម័គ្រចិត្តពីសមាជិកក្រុមទាំងអស់ ដោយពេលខ្លះពួកលោកត្រូវបានចំណាយនូវថវិកាផ្ទាល់ខ្លួនផងដែរ ប៉ុន្តែយ៉ាងណា លោក និងសមាជិកក្រុមទាំងអស់ពេញចិត្តនឹងធ្វើ ដោយសារពួកលោកស្រឡាញ់ និងចូលចិត្តសិល្បៈយីកេ។ លោកបន្ថែមថា ការស្រឡាញ់នេះ គឺជាកម្លាំងនៃការជម្រុញឲ្យក្រុមរបស់លោកបានបង្កើតនូវស្នាដៃថ្មីលើផ្នែកយីកេរនេះ ដើម្បីចែករំលែកចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយ និងចង់រំលឹកឡើងវិញនូវជំនាញដែលខ្លួនបានរៀនចេះនេះកុំភ្លេចផងដែរ។
បើតាមលោក វិន វិចិត្រ ថា បច្ចុប្បន្នក្រុមកេររបស់លោកមានសមាជិកប្រមាណជា១០នាក់ ហើយភាគច្រើនគឺជាជនពិកាភ្នែក ខណៈពេលដែលក្រុមរបស់លោកធ្លាប់បានសិក្សាលើផ្នែកសិល្បៈយីកេរនេះពីអង្គការគ្រួសារថ្មី ដែលក្រុមរបស់លោកធ្លាប់បានស្នាក់នៅរៀនសូត្រនៅទីនោះ។
លោកបញ្ជាក់ថា សម្រាប់ការគាំទ្រនោះ គឺវាមិនមានច្រើនលើសលុបនោះឡើយ ប៉ុន្តែវាក៏មិនអត់ដែរ ដោយសារតែនៅពេលក្រុមលោកបានប្រគំបទយីកេរ ហើយផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកនោះ គឺមានអ្នកចូលទស្សនាប្រមាណពី១០០ទៅ២០០នាក់ផងដែរ ហើយចំនួននេះក៏មានការកើនឡើងនៅពេលដែលយើងបានថតទុកសម្រាប់ផ្សាយតាមហ្វេសប៊ុកនេះ។
យ៉ាងណាលោក វិន វិចិត្រ បានអះអាងថា ប្រសិនបើមានការហៅទៅលេងកម្មវិធីណាមួយនោះ គឺក្រុមរបស់លោកនឹងអាចចេញទៅលេងបាន ប៉ុន្តែសម្រាប់ការសម្តែង គឺក្រុមលោកមិនអាចធ្វើបាននោះឡើយ ដោយសារតែក្រុមរបស់លោក គឺសុទ្ធជាជនពិការ។ ក្រុមលោកត្រឹមអាចសម្តែងជាការប្រគំបទមហោរី និងបទយីកេរសម្រាប់កម្មពិធីផ្សេងៗប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមកេរ បានបង្កើតជាផេកហ្វេសប៊ុករបស់ខ្លួនដែលបានដាក់ឈ្មោះថា «កេរ» ហើយក្រុមនេះ តែងតែផ្សាយផ្ទាល់ជាបន្តបន្ទាប់ក្នុងពេលដែលក្រុមនេះបានប្រមូលផ្តុំគ្នាប្រគំបទយីកេរ ដើម្បីចែកជូនដល់មហាជនដែលកំពុងប្រើប្រាស់បណ្តាញអ៊ីនធើរណេត។ ប្រិយមិត្តដែលចូលចិត្ត និងគាំទ្រដល់សិល្បៈបុរាណយីកេរ អាចចូលទៅ Like Page ក្រុមកេរនេះបាន ដើម្បីលើកទឹកចិត្តជនពិការភ្នែកទាំងអស់នោះឲ្យបន្តការផ្សព្វផ្សាយ និងចូលរួមថែរក្សានូវសិល្បៈវប្បធម៌ខ្មែរយើងឲ្យបានគង់វង្ស ទូលំទូលាយ សម្រាប់ក្មេងៗជំនាន់ក្រោយ៕
ចែករំលែកព័តមាននេះ