ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង១០០០ថ្ងៃ​ដំបូង ​៖ «​ពង្រឹង​ភាព​ធន់​គ្រួសារ​តាម​រយៈ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​កុមារ និង​ស្ត្រី​ងាយ​រង​គ្រោះ​»

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ស្ថាប័ន​ដៃគូ​សមាគម​បណ្តុះ​កុមារ (BK) ក្រសួង​ពាក់ព័ន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ (​ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​) និង​សហគមន៍…

ខេត្តរតនគិរី ​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ស្ថាប័ន​ដៃគូ​សមាគម​បណ្តុះ​កុមារ (BK) ក្រសួង​ពាក់ព័ន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ (​ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​) និង​សហគមន៍ រួម​គ្នា​សម្ពោធ​គម្រោង ១០០០​ថ្ងៃ​ដំបូង នៅ​ខេត្តរតនគិរី នា​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១​។

រូបភាព ៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា

គោលបំណង​រួម​របស់​គម្រោង គឺ​ដើម្បី​លើកកម្ពស់​ស្ថានភាព​សុខភាព​របស់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ នៅ​ក្នុង​ខេត្តរតនគិរី និង​ដើម្បី​ឱ្យ​ពួក​គេ​អាច​លូតលាស់ និង​អភិវឌ្ឍ​បាន​ត្រឹមត្រូវ​តាម​រយៈ​ការ​កាត់​បន្ថយ​ភាព​ខ្វះ​ស្បៀងអាហារ និង​កង្វះ​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​ក្នុង​ចំណោម​ក្មេង​ស្រី និង​ក្មេង​ប្រុស​ងាយ​រង​គ្រោះ​អាយុ​ក្រោម ៥​ឆ្នាំ ជា​ពិសេស ក្រុម​ជនជាតិ​ដើម​ភាគតិច​។

រូបភាព ៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា

គម្រោង​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អា​ល្លឺ​ម៉​ង់ (BMZ) តាម​រយៈ​អង្គការ ភ្លែ​ន​អន្តរជាតិ​អា​ល្លឺ​ម៉​ង់ ទៅ​សមាគម​បណ្តុះ​កុមារ ដើម្បី​ដំណើរការ​គម្រោង​រយៈពេល ៥​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ចំនួន ៥៤ នៃ ស្រុក​តា​វែង និង​ស្រុក​វឺ​ន​សៃ ក្នុង ខេត្តរតនគិរី​។

លោក យី គី​ម​ថា​ន នាយករង​ប្រចាំ​ប្រទេស​ផ្នែក​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា / រូបភាព ៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា

លោក យី គី​ម​ថា​ន នាយករង​ប្រចាំ​ប្រទេស​ផ្នែក​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា មាន​ប្រសាសន៍​ថា​៖ «​អត្រា​នៃ​កង្វះ អាហារូបត្ថម្ភ​ក្នុង​ចំណោម​ក្មេង​ស្រី និង​ក្មេង​ប្រុស​អាយុ​ក្រោម ៥​ឆ្នាំ ជា​ពិសេស ក្នុង​ចំណោម​ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​ខេត្តរតនគិរី បើ​ប្រៀបធៀប​នឹង​អត្រា​ថ្នាក់​ជាតិ​។ កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ រួមចំណែក​ដល់​អត្រា​នៃ​ការ​មាន​ជម្ងឺ និង​មរណភាព​របស់​កុមារ ហើយ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​រាង​កាយ និង​បញ្ញា​ស្មារតី​នៅ​ក្នុង​វ័យ​កុមារភាព​របស់​កុមារ​»​។

រូបភាព ៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា

ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​គូសបញ្ជាក់ គម្រោង​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិធីសាស្ត្រ​អនុវត្ត រៀនសូត្រ​ពី បទ​ពិសោធន៍​មុន​ៗ នៃ​ការ​អនុវត្ត ជា​ពិសេស ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​ររ​ដោយ​ផ្តោត​លើ​វិធីសាស្ត្រ​ដូច​ខាងក្រោម​៖

(១) កែ​លម្អ​ការ​ទទួល​បាន​សេវា​សុខភាព​សម្រាប់​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ និង​មធ្យម​មាន​អាយុ​ក្រោម ៥​ឆ្នាំ​

(២) កែ​លម្អ​ការ​អនុវត្ត​នៃ​ភាព​ចម្រុះ​នៃ​របប​អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ

(៣) បង្កើន​ឥរិយាបថ​ប្រើប្រាស់​ទឹក​ស្អាត និង​អនាម័យ​ក្នុង​គ្រួសារ​សម្រាប់​ការ​បំបៅ​ទារក និង​ការ​ផ្តល់​អាហារ​បន្ថែម​ដល់​កុមារ

(៤) បង្កើន​ផលិតផល ចំណីអាហារ​ដែល​មាន​លក្ខណៈ​ចម្រុះ​បែប​ក្នុង​របប​អាហារ រួម​មាន ការ​ដាំ​បន្លែ​នៅផ្ទះ ការ​រៀបចំ ការ​រក្សា​ទុក​និង​លក់

និង (៥) លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​សម្រាប់​បង្កើត​ប្រាក់​ចំណូល​។

រូបភាព ៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា

គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ២៨០០​នាក់ កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ចំនួន ៤១៤៦​នាក់ (​ក្មេង​ស្រី ២១១៥ នាក់​) ក្នុង​នោះ​កុមារ ១៦៧៣​នាក់ (​ក្មេង​ស្រី ៨៥៣​នាក់​) មាន​អាយុ​ក្រោម ២​ឆ្នាំ​។ ស្ត្រី​ចំនួន ៣៧២០​នាក់ ដែល​ស្ថិត​នៅ​វ័យ​បន្ត​ពូជ​ចន្លោះ​ពី ១៥ ដល់ ៤៤​ឆ្នាំ​។ កុមារ​ដែល​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ចំនួន ៣៨៣​នាក់ និង​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​កម្រិត​មធ្យម​ចំនួន ៨០០​នាក់ និង​បុរស ឬ ឪពុក ចំនួន ២៧៦៤​នាក់ ដែល​មានកូន​ពី​អាយុ ០ ដល់ ៥៩​ខែ​។

រូបភាព ៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា

អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា គឺជា​អង្គការ​អភិវឌ្ឍន៍ និង​មនុស្សធម៌​មួយ​ដែល​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​ក្មេង​ស្រី​។ យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពិភពលោក​មួយ​ដោយ​ធ្វើការ​រួម​គ្នា​ជាមួយ កុមារ យុវជន អ្នកគាំទ្រ និង​ស្ថាប័ន​ដៃគូ​របស់​យើង​។ ជាមួយនឹង​បទ​ពិសោធន៍​ជាង ៨០​ឆ្នាំ នៅ​ទូ​ទាំង​ពិភពលោក កម្មវិធី​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ មាន​គោលបំណង​គាំទ្រ​ក្មេង​ស្រី និង​ក្មេង​ប្រុស​រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និង​អភិវឌ្ឍ​។ យើង​បាន​ចាប់ផ្តើម​បេសកកម្ម​របស់​យើង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០០២ ៕

អត្ថបទសរសេរ ដោយ