រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បញ្ជាឲ្យឈប់មានការអន្តរាគមន៍ដាក់កូនរបស់ខ្លួនចូលក្នុងក្របខណ្ឌប៉ូលីស។
យោងតាមសំឡេងសារដែលកោះសន្តិភាពទទួលបានតាមប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាមនៅថ្ងៃទី24 ខែមករា ឆ្នាំ2021 សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «កូនគាត់មិនខំរៀន ប្រឡងបាក់ឌុបទៅធ្លាក់ ដល់គាត់រត់ការធ្វើយ៉ាងណាដើម្បីឲ្យកូនគាត់បានចូលក្របខណ្ឌប៉ូលីស ប៉ុន្តែពេលមកដល់ប្រឡងចូលក្របខណ្ឌប៉ូលីស
ប្រឡងធ្លាក់ទៀតហើយគាត់ខឹង ។ ពេលនោះគាត់ខឹងតែនៅតែឈ្នះអីចឹង! តែគាត់ឆ្លើយថា មកសុំកូនចូលក្របខណ្ឌប៉ូលីសអត់បាននិយាយបែបនេះគឺចប់ប៉ាដោយ» ។
សម្តេច ស ខេង ក៏បានលើកឡើងថា សម្តេចមិនដឹងធ្វើយ៉ាងណានោះទេ ពីព្រោះថា អីឡូវជាសម័យធ្វើកំណែទម្រង់តែបែរជានាំគ្នាអន្តរាគមន៍ដែលខុសពីគោលនយោបាយកំណែរទម្រង់ ។
សម្តេចគូសបញ្ជាក់ថា «អីចឹងចំណុចនឹងខ្ញុំធ្វើមិនបាននោះទេ។ អ្នកខ្លះមិនដែលរៀនប៉ូលីសទេ តែមកដល់សុំធ្វើប៉ូលីសហើយមានតួនាទីធំទៀត ណ៎ែវាអីចឹង ដូច្នេះវាខុសគោលនយោបាយកំណែទម្រង់បាត់ហើយ» ។
សម្តេចបានលើកឡើងថា ការធ្វើប៉ូលីសត្រូវតែឆ្លងកាត់ការប្រឡង ហើយខ្ញុំមានសិទ្ធិអនុញ្ញាតឲ្យមានការប្រឡងពីព្រោះមានការដាក់ពាក្យសុំចូលប្រឡងច្រើនណាស់។ ដូច្នេះការប្រឡងត្រូវសម្រេចជ្រើសរើសឲ្យអ្នកនេះជាប់អ្នកនោះជាប់តាមការប្រឡងតែការប្រឡងធ្លាក់ជារឿងរបស់គេ ។
សម្តេចក៏បានលើកឡើងថាសម្តេចជាអ្នកធ្វើកំណែទម្រង់ ដល់ពេលប៉ូលីសធ្វើមិនកើតនោះប្រជាពលរដ្ឋគេនិងបន្ទោសសម្តេច។
សូមជម្រាបថា កន្លងក៏មានព័ត៌មានបែកធ្លាយថាមានករណីសុំអន្តរាគមន៍ពីសាច់ញាតិ ឬក៏មានដាក់លុយដើម្បីសុំចូលក្របខណ្ឌប៉ូលីសពីមតិហាមជនផងដែរ៕
ចែករំលែកព័តមាននេះ