ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន តែងតែពោលសរសើរមិនដាច់ពីមាត់ថា «រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ» ជារមណីយដ្ឋានមួយដែលស្រស់ស្អាត និងទាក់ទាញជាងគេ ក្នុងខេត្តមួយនេះ ។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងធ្វើឱ្យភ្ញៀវទេសចររអ៊ូរទាំបំផុតនោះ គឺចាប់ពីផ្លូវចូលខ្លោងទ្វារឆ្ពោះទៅកន្លែងលេងទឹកជ្រោះ មានការខូចខាតគួរឱ្យកត់សម្គាល់ ពោល គឺលំបាកក្នុងការបើកបរម៉ូតូ ឬរថយន្តយ៉ាងខ្លាំង ដោយគេសង្កេតឃើញផ្លូវទទួលរងការខូចខាតអស់រយៈពេលជាយូរឆ្នាំមកហើយ អត់មានអ្នកណាស្ថាបនា ឬជួសជុលនោះទេ ទើបតែរហូតមកដល់ពេលនេះ ខណៈដែលលោកជំទាវ បាន ស្រីមុំ ឡើងកាន់តំណែងជាអភិបាលខេត្តថ្មីភ្លាម បានចាប់ផ្តើមធ្វើការស្ថាបនាតែម្តង ។
ប្រភពដដែលបន្តថា ជាក់ស្តែង កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលសកម្មភាពការងារដែលគ្រឿងចក្រ កំពុងធ្វើការឈូសឆាយ កៀរកិនដីផ្លូវឡើងទៅរមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលកំពុងទទួលរងការខូចខាតយ៉ាងដំណំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។
ដូច្នេះ ដើម្បីចូលរួមស្តាវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនទើបពេលនេះត្រូវបានអភិបាលខេត្តបញ្ជាឱ្យមន្ទីរជំនាញយកគ្រឿងចក្រ ចុះស្តារស្ថានភាពផ្លូវអោយបានល្អស្អាតឡើងវិញ ងាយស្រួលក្នុងការធ្វើដំណើរឡើងចុះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនកុះករផងដែរ ។
ចំណែកខាងឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានការត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង ខណៈពេលដែលឃើញផ្លូវចូលរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ត្រូវបានអាជ្ញាធរជួសជុលឡើងវិញ ហើយសង្ឃឹមថា នឹងមានការចាក់បេតុងថែមទៀតផងដែរ ៕
ចែករំលែកព័តមាននេះ