រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ចូលកាតទូរស័ព្ទ និងទិញទំនិញផ្សេងៗ… ដោយមិនអស់កម្រៃសេវា ។ ជាពិសេសអតិថិជនអាចដកប្រាក់ដោយមិនប្រើប័ណ្ណបានរហូតដល់ ៥០០០ដុល្លារ ឬ ២០លានរៀលក្នុងមួយថ្ងៃពីម៉ាស៊ីនអេធីអឹមរបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស បានយ៉ាងងាយស្រួលដោយមិនអស់ថ្លៃសេវា ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ ធនាគារ អេស៊ីលីដា បានអោយដឹងថា ឥឡូវនេះ អេស៊ីលីដាម៉ូបាល បានសហការជាមួយធនាគារជាតិ នៃកម្ពុជា ដើម្បីបញ្ជូលកម្មវិ ធីបាគង ដែលកាន់តែធ្វើឲ្យអតិថិជនមានជម្រើសកាន់តែច្រើនក្នុងការផ្ទេរប្រាក់ទៅវិញទៅមក ឆ្លងធនាគារ និងចាយលុយមិនបាច់ប្រើក្រដាសប្រាក់ ។
បាគង ដែលជាកម្មវិធី App ទូរស័ព្ទដៃបានផ្ដួចផ្ដើមបង្កើតដោយធនាគារជាតិ នៃកម្ពុជា ដើម្បី ប្រជាជនខ្មែរអាចផ្ទេរលុយទៅវិញទៅមកឆ្លងធនាគារបានភ្លាមៗ និងចាយលុយមិនបាច់ប្រើ ក្រដាសប្រាក់ ។ អតិថិជនធនាគារ អេស៊ីលីដា អាចភ្ជាប់ App បាគងនេះនៅក្នុងអេស៊ីលីដា ម៉ូបាលសម្រាប់ប្រើប្រាស់ក្នុងការផ្ញើប្រាក់ទៅវិញទៅមករវាងគណនីបាគង និងគណនីធនាគារ ផ្សេងដែលជាសមាជិករបស់ប្រព័ន្ធបាគង ។
វិធីវេរប្រាក់តាមរយៈកម្មវិធី App បានគង នៅក្នុងអេស៊ីលីដាម៉ូបាល ៖ ដំបូងលោកអ្នកចូល ទៅកាន់ អេស៊ីលីដាម៉ូបាល App រួចចុចម៉ឺនុយ “ផ្ទេរប្រាក់ (Transfers)” ។ បន្ទាប់មកជ្រើសរើស “ផ្ទេរទៅធនាគារក្នុងស្រុកតាមប្រព័ន្ធបាគង” រួចហើយសូមជ្រើសរើស “ផ្ទេរប្រាក់ទៅគណនីបាគង ឬផ្ទេរប្រាក់ទៅគណនីធនាគារ” សូមបញ្ជូលព័ត៌មានផ្ទេរប្រាក់ រួចចុចយល់ព្រម សូមផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់លោកអ្នក បន្ទាប់មកចុច “ផ្ទេរប្រាក់” ។
លោកស្រី សុខ សោភា បានបន្ថែមថា រហូតមកដល់ឥឡូវនេះ អេស៊ីលីដាម៉ូបាល App មានអតិថិជនជិត ២លាននាក់កំពុងប្រើប្រាស់ ។ បច្ចុប្បន្នធនាគារ អេស៊ីលីដា កំពុងធ្វើឲ្យ កាន់តែទាន់សម័យនូវមុខងារបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនឲ្យកាន់តែសម្បូរបែបក្នុងការប្រើប្រាស់សេវាកម្មជាច្រើនដែលមាននៅក្នុងអេស៊ីលីដាម៉ូបាលដូចជា ៖ ស្កែនទូទាត់ តាម ឃ្យូអរកូដ ក្នុងការទូទាត់ទំនិញ ផ្ទេរប្រាក់មិនអស់កម្រៃសេវាបញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់ថ្លៃវិក្កយបត្រអគ្គិសនី ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប ដាក់-ដកប្រាក់ បង់ប្រាក់ សំណើសុំឥណទាន បើកគណនីមានកាលកំណត់ ។
សូមបញ្ជាក់ផងដែរថា ធនាគារជាតិ នៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបាគង ក្នុងគោលដៅចម្បងៗរួមមានដូចជា ៖ ផ្តល់នូវលទ្ធភាពទូទាត់ឆ្លងគ្រឹះស្ថានធនាគារ, កែលម្អប្រសិទ្ធភាព និងសុវត្ថភាពប្រព័ន្ធទូទាត់សងប្រាក់, ជំរុញបរិញ្ញាប័ណ្ណហិរញ្ញវត្ថុ និងជំរុញការទូទាត់ដោយមិនប្រើក្រដាសប្រាក់ដើម្បីគាំទ្រដល់ចលនាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ៕ ដោយសហការ
ចែករំលែកព័តមាននេះ