ក្រុងបាងកក ៖ សារព័ត៌មានក្នុងស្រុកថៃ បានរាយការណ៍ថា មានឯកសារលេចធ្លាយមួយ ស្តីពីផែនការសម្ងាត់បំផុត ត្រូវបានចែកចាយលើបណ្តាញសង្គម ដែលបង្ហាញថា អាជ្ញាធរថៃ បានបញ្ជាឲ្យអ្នកផ្តល់សេវាអ៊ិនធើរណែត រារាំងកម្មវិធីផ្ញើសារ តេឡេក្រាម Telegram ដែលក្រុមអ្នកតវ៉ាកំពុងប្រើប្រាស់ ដើម្បីប្រឆាំងរដ្ឋាភិបាល នេះបើយោងតាម BBC ចុះផ្សាយនៅថ្ងៃទី២០ តុលា ២០២០នេះ ។
ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយនិស្សិត បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មរាប់ខែមកហើយ ដើម្បីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ចុះចេញពីតំណែង និងទប់ស្កាត់អំណាចនៃរបបរាជានិយម ។
អាជ្ញាធរបរាជ័យក្នុងការទប់ស្កាត់ការប្រមូលផ្តុំ ចាប់តាំងពីក្រុមអ្នកតវ៉ាបានប្រើប្រាស់កម្មវិធី តេឡេក្រាម ផ្ញើសារបន្ទាន់ៗ កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមអ្នកតវ៉ា នៅតែប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ ភាគច្រើន នៅក្រុងបាងកក និងផ្នែកផ្សេងទៀត នៃប្រទេសថៃ ។
យ៉ាងហោចណាស់មនុស្ស ៨០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃអង្គារ៍កន្លងមក អ្នកដែលត្រូវបានគេចាប់ខ្លួន ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលវែង ប្រសិនបើពួកគេពិតជារកឃើញថា បានរំលោភច្បាប់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសថៃ ដែលហាមឃាត់ការរិះគន់ពីរបបរាជានិយម មែននោះ ។ នរណាម្នាក់ ដែលបានរកឃើញថា បំពានច្បាប់ អាចត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ។
ហេតុអ្វីបានជាថៃព្យាយាមហាមឃាត់កម្មវិធីផ្ញើសារ តេឡេក្រាម ?
ផែនការរបស់រដ្ឋាភិបាលថៃ ក្នុងការរារាំង តេឡេក្រាម ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទ បន្ទាប់ពីឯកសារមួយសរសេរថាជាការសម្ងាត់ខ្លាំង ត្រូវបានបែកធ្លាយនិងចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ។
Telegram គឺជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយ និងមានសុវត្ថិភាព ដែលពេលនេះ ត្រូវបានប្រើប្រាស់ដោយសកម្មជន ដើម្បីរៀបចំការតវ៉ា ដោយមានការជូនដំណឹងខ្លី ។
ដោយឡែកមន្ត្រីប៉ូលីសជាន់ខ្ពស់ បានប្រាប់អ្នកយកព័ត៌មានថា យើងបានណែនាំក្រសួងឲ្យដាក់កម្រិតលើក្រុមយុវជន ក្នុងការប្រើ តេឡេក្រាម ។ ក្រុមនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំការតវ៉ា នៅក្នុងប៉ុន្មានខែថ្មីៗនេះ ។
គេមិនទាន់ដឹងច្បាស់ថា តើបទបញ្ជាសម្ងាត់នេះ នឹងមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយ ចលនាតវ៉ារបស់ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បានយ៉ាងដូចម្តេចទេ ៕
ចែករំលែកព័តមាននេះ