ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសវ័យ៤៨ឆ្នាំម្នាក់ត្រូវស្កន់ជាន់ ខណៈពេលយកធុងទៅដងទឹកនៅអណ្តូង ស្រាប់តែដាំក្បាលចុះធ្លាក់ចូលអណ្ដូងតែម្តង បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗគួរអាណិត។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីម៉ោង៤រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិគោកឬស្សីជើង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកសូទ្រនិគមបានប្រាប់ថា ជនរងគ្រោះឈ្មោះ វ័ន វ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា ចំពោះមូលហេតុ គឺមកពីជំងឺស្កន់ជាន់របស់ជនរងគ្រោះរើសឡើងវិញ ។ ហើយនៅមុនពេលកើតហេតុនោះ ជនរងគ្រោះបានយកធុងទឹកទៅដងទឹកនៅក្នុងអណ្តូង ស្រាប់តែជំងឺស្កន់ជាន់របស់ជនរងគ្រោះរើឡើង ក៏ដាំក្បាលចុះ ហើយធ្លាក់ចូលអណ្ដូងនោះ បណ្តាលបាត់បង់ជីវិតតែម្ដង។
ប្រភពបានបញ្ជាក់ថា បើតាមការពិនិត្យរបស់មន្ត្រីជំនាញបានប្រាប់ថា ករណីលង់ទឹកអណ្តូងនេះ ពុំមានពាក់ព័ន្ធនឹងបទល្មើសឡើយ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញ ធ្វើការប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ