រាជធានីភ្នំពេញ ៖ តារាសម្តែង និងតារាបង្ហាញម៉ូដមានកម្ពស់ខ្ពស់ស្អាត និងសាច់សខ្ចី កញ្ញា សូ ដានីតា ថ្មីៗនេះ ហាក់ដូចជាទ្រាំលែងបាននឹងបញ្ហាអ្វីមួយនោះទេ បានជាអ្នកនាងបង្ហោះមួយជុំវិញ ការប្រើប្រាស់ពាក្យពេជន៍មួយចំនួននៅក្នុងរង្វង់សិល្បៈ ដែលអ្នកនាងយល់ថា បងប្អូនខ្មែរមួយចំនួន ជាពិសេសយុវវ័យ ដែលបាននិងកំពុងប្រើប្រាស់ពាក្យនោះមិនត្រឹមត្រូវទាល់តែសោះ។
ដោយឃើញបងប្អូនខ្មែរមួយចំនូនកំពុងប្រើពាក្យមិនត្រឹមត្រូវ ដូចជាពាក្យ « Idol » សម្រាប់ការហៅទៅលើបុគ្គលមួយចំនួនដែលមិនគួរហៅនោះ ស្រីស្អាត សូ ដានីតា បានបង្ហោះសារនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី១៣ ខែមិថុនា ដែលមានខ្លឹមសារទាំងស្រុងថា « ហើយបងប្អូនថា គាត់ Idol ខ្ញុំ… ពាក្យថា Idol នៅប្រទេសក្រៅ គេមិនងាយហៅអ្នកណាផ្តេសផ្តាស់ទេបងប្អូន ។ ទាល់តែម្នាក់នោះ ជាមនុស្សធ្វើរឿងអស្ចារ្យច្រើនល្បីបទជាច្រើន សម្តែងល្អទូទាំងប្រទេស ទើបគេហៅថា (គាត់ជា Idol ខ្ញុំ) តែបងប្អូនខ្លះ មិនដឹងថា Idol បកមកវិញថា ម៉េចផងហ្នឹង ហើយខំនិយាយតាមគេតាមឯងដែរ (ពាក្យថា idol) »។
យ៉ាងណាមិញ ការលើកឡើងរបស់តារាសម្តែងស្រីរូបស្រស់រូបនេះ ចង់បង្ហាញទៅដល់មហាជន និងចង់វែកញែកឱ្យបានច្បាស់លាស់នូវការប្រើពាក្យទាំងនោះនៅក្នុងសិល្បៈ និងកុំជោជ្រួលតាមគ្នា ហើយមិនចង់ ឱ្យមនុស្សដែលមិនគួរល្បីសមនឹងទទួលពាក្យថា «អាយដល» ទៅល្បីបែបនេះ ដោយមិនបានធ្វើរឿងអ្វីមួយល្អសោះនៅក្នុងសង្គម។
ស្រីស្អាតរូបនេះ ក៏ព្រោះតែនាងផ្ទាល់បានឈរជើងនៅក្នុងរង្វង់សិល្បៈអស់រយៈពេលជិត ២០ឆ្នាំ និងជាអ្នកសិល្បៈនៅក្នុងសម័យរបស់នាងម្នាក់ៗខំណាស់ ខំរៀនច្រៀង រៀនសម្តែង រៀនរាំ មិនថាផ្នែកសម័យ ឬបុរាណនោះទេ ខំណាស់រាប់ឆ្នាំ អ្នកខ្លះខំចង់ងាប់ហើយតែនៅតែមិនល្បីនោះឡើយ។
ជាចុងក្រោយ សូ ដានី បានបន្ថែមថា «ខ្ញុំសុំទោសបងប្អូន ខ្ញុំនិយាយខាងលើ មិនចង់ប៉ះពាល់បងប្អូនណាទេ តែគ្រាន់តែចង់ឱ្យបងប្អូនគិតបន្តិចថា ការគ្រាំទ្រ ឬ ការជេរ របស់បងប្អូនទៅលើអ្នកណាម្នាក់ គឺមិនខុសទេ តែខុសនោះ គឺគ្រាំទ្រខុស ឬជេរខុស ពាក្យចាស់លោកពោលថា «១ម៉ាត់ងាប់ ១ម៉ាត់រស់» ។ សម័យនេះដូចគ្នា មុននឹងគ្រាំទ្រ ឬជេរ ត្រូវមើលសិន កុំអោយខុស» ។ ចុះប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ ? (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ