ខេត្តកោះកុង ៖ សត្វត្រចៀកកាំ គឺជាសត្វស្លាបមួយប្រភេទដែលមានកម្លាំងខ្លាំងក្លា ហើយមនុស្សទូទៅពុំសូវបានចាប់អារម្មណ៍ពីថាមពលរបស់សត្វស្លាបប្រភេទមួយនេះនោះទេ។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ សម្រាប់ពលរដ្ឋទាំង៦ស្រុកនៅក្នុងខេត្តកោះកុងទាំងមូល គេបានសង្កេតឃើញថា សម្រាប់អ្នកដែលមានធនធានជាមធ្យម បានងាកមកចាប់អាជីពប្រកបអាជីវកម្មជាអ្នកចិញ្ចឹមសត្វត្រចៀកកាំនេះ សម្រាប់ខេត្តកោះកុងទាំងមូល។
ចំពោះអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំនេះផងដែរ បើតាមការរៀបរាប់ពីសំណាក់ប្រជាពលរដ្ឋដែលនិយមចូលចិត្តប្រកបមុខរបរចិញ្ចឹមត្រចៀកកាំ លោកនិយាយឱ្យដឹងថា មុខរបរអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំនេះ គឺជាមុខរបរបន្ទាប់បន្សំមួយបែប ដែលក្រោយពីកិច្ចការងារធ្វើស្រែចម្ការ និងការងាររកស៊ី ពួកគាត់ក៏បានសាងសង់លំនៅដ្ឋានជាផ្ទះសម្រាប់ចិញ្ចឹមសត្វត្រចៀកកាំនេះតែម្ដងទៅ ។ ហើយការចំណាយទុនទៀត សោតនោះគាត់ត្រូវការថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងការសាងសង់ និងរៀបចំរចនាបទសម្រាប់លំនៅដ្ឋានរបស់សត្វប្រចៀកកាំនេះ ដើម្បីឲ្យមានរបៀប និងសណ្ដាប់ធ្នាប់សម្រាប់សត្វប្រចៀកកាំនេះចូលជ្រក និងធ្វើជាសំបុកជាដើម។
ចំពោះសំណង់ដែលបានសាងសង់ ដើម្បីធ្វើជាសំបុក និងជម្រករបស់សត្វត្រចៀកកាំនេះ គឺយោងទៅតាមធនធានដែលត្រូវមាន ដូចជា ប្រជាពលរដ្ឋមានធនធានច្រើន គឺពួកគាត់អាចសាងសង់បានធំល្វឹងល្វើយទៅតាមថវិកា តែបើថវិកាមានតិច គឺត្រូវសាងសង់ទៅតាមថវិកាដែលមានតិចនោះដែរ។ ហើយម្យ៉ាងវិញទៀត ការចិញ្ចឹមសត្វត្រចៀកកាំនេះ គឺមានរយៈពេលយូរឆ្នាំ ទើបអាចទទួលបានផលត្រឡប់មកវិញ។
ចំណែកលោកចាន់ សុភា អាយុ60ឆ្នាំ មានកូន5នាក់ក្នុងបន្ទប់ រស់នៅក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងថា ចំពោះការចិញ្ចឹមសត្វត្រចៀកកាំនេះ លោកត្រូវចំណាយថវិកាសាងសង់លំនៅដ្ឋានជាសំបុកសត្វត្រចៀកកាំនេះអស់ទឹកប្រាក់ជាង20ម៉ឺនដុល្លារ ដោយមានទទឹង10ម៉ែត្រ បណ្ដោយ25ម៉ែត្រ និងកម្ពស់6ជាន់ សម្រាប់ទុកឲ្យសត្វត្រចៀកកាំនេះធ្វើសំបុក ហើយរស់នៅក្នុងមួយជាន់ៗ ។
លោកបន្តថា បើសត្វត្រចៀកកាំមានច្រើនអាចបានចាប់ពី 450សំបុកទៅ 500 សំបុកក្នុងមួយជាន់ ក៏ប៉ុន្តែជាទូទៅគឺមានមិនដែលបានគ្រប់ចំនួនទៅតាមតម្រូវការនោះទេ។ ម្យ៉ាងវិញទៀត ការចិញ្ចឹមសត្វត្រចៀកកាំ ដើម្បីយកទឹកមាត់ និងសំបុកត្រចៀកកាំនេះ គឺត្រូវប្រើរយៈពេលពី3ទៅ5ឆ្នាំ ទើបយើងអាចប្រមូលផលម្ដង។ ហើយការប្រមូលផលនោះទៀត បើចំពេលទឹកមាត់ត្រចៀកកាំធ្លាក់ចុះវិញ គឺក្នុងមួយគីឡូក្រាមលក់ចេញបានតែ 500 ទៅ 700 ដុល្លារតែប៉ុណ្ណោះ។ តែបើពេលប្រមូលផលចំរដូវដែលឡើងថ្លៃវិញ គឺអាចលក់ចេញបានមួយគីឡូក្រាម 1000 ទៅ 1200 ដុល្លារផងដែរ។
លោកបញ្ជាក់បន្ថែមថា ចំណែកការថែរក្សាសត្វត្រចៀកកាំ ដើម្បីឲ្យវារស់នៅបានគង់វង្សសម្រាប់ឲ្យវាធ្វើសំបុកយូរអង្វែងនោះទៀត គឺ ៖
1- ត្រូវការបើកទឹក ដាក់ភ្លើងជាប្រចាំ ដើម្បីឲ្យសត្វត្រចៀកកាំ លេង។
2- ចំពោះអ្នកថែរក្សាសត្វប្រចៀកកាំ គឺត្រូវឲ្យមានបុគ្គលតែ១រូបប៉ុណ្ណោះ និងខោអាវមួយកំប្លេប៉ុណ្ណោះ ដើម្បីចូលទៅមើល និងថែទាំសំបុកសត្វត្រចៀកកាំ ដើម្បីកុំឲ្យវាផ្អើល ព្រោះថា កាលណាមានក្លិនមនុស្សប្លែក ឬក៏សំលៀកបំពាក់ប្លែងៗនោះ គឺធ្វើឲ្យសត្វត្រចៀកកាំផ្អើល រួចហើរចេញអស់មិនខាន។ដូច្នេះចំពោះមុខរបរការចិញ្ចឹមសត្វត្រចៀកកាំនេះ ត្រូវចំណាយទុនធំ ហើយក៏មានផលពិបាកក្នុងការថែទាំវាទៀតផង។
រីឯលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង បានមានប្រសាសន៍ថា ចំពោះមុខរបរចិញ្ចឹមសត្វត្រចៀកកាំនាពេលបច្ចុប្បន្ននេះ កំពុងមានភាពរីកដុះដាលស្ទើរតែគ្រប់ទីកន្លែងទាំងអស់ក្នុងខេត្ត ក៏ប៉ុន្តែតួលេខជាក់លាក់ណាមួយនោះ លោកពុំទាន់បានទទួលនៅឡើយទេ។ ដោយសារតែលោក ទើបតែចូលមកកាន់តំណែងជាប្រធានមន្ទីរកសិកម្មខេត្ត មានរយៈពេលខ្លី ហើយការប្រកបអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំរបស់ប្រជាពលរដ្ឋកាន់តែរីកដុះដាលទៅហើយ។ ដូច្នេះលោកនឹងផ្ដល់របាយការណ៍ជាក់លាក់នៅពេលក្រោយទៀត។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ