ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តអោយស្ថាប័នអប់រំនានាបន្តជួយសិស្សនិស្សិត ដើម្បីបន្តបង្កើនចំណេះដឹង រួមទាំងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ឬពីចម្ងាយដើម្បីចៀសវាងនូវជំងឺកូវីដ ១៩ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលាអេស៊ីអ៊ី) បានផ្តល់ជូនសិស្ស និស្សិតរបស់ខ្លួននូវការសិក្សាពីចម្ងាយដែលអាចអោយសិស្សនិស្សិតបានរៀន និងមានទំនាក់ទំនងផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា និងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកថ្មីទំនើប ។
ជាមួយនឹងការគាំទ្រពីសំណាក់ស្ថាប័ន IDP Education ក្រោមកម្មវិធីកិច្ចការសង្គមក្នុងវិស័យអប់រំ សាលា អេស៊ីអ៊ី ប្រកាសផ្តល់ជូនសិស្ស និស្សិតនូវអាហារូបករណ៍មួយរយភាគរយសម្រាប់ការសិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំពេញចំនួន ២០០កន្លែង ដើម្បីសិក្សានៅសាខាណាមួយក្នុងចំណោមទីតាំងទាំងប្រាំមួយ ដោយរួមទាំងទីតាំងថ្មីនៅតាខ្មៅផងដែរ ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា អេស៊ីអ៊ី បានមានប្រសាសន៍ថា ៖ កំឡុងពេលដែលសាលា អេស៊ីអ៊ី គ្រប់ទីតាំងផ្អាកការបង្រៀនក្នុងថ្នាក់ ការបង្រៀនពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា និងនិយាមសិក្សាធិការទំនើបដែលអាចអោយសិស្ស និស្សិតសន្ទនាជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ ព្រមទាំងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ (education apps) កំពុងត្រូវបានអនុវត្តក្នុងការបន្តផ្តល់នូវការអប់រំដែលមានគុណភាពដល់សិស្ស អេស៊ីអ៊ី ទាំងអស់ ។
ហើយតាមរយៈការផ្តល់នូវអាហារូបករណ៍មួយឆ្នាំពេញចំនួន ២០០កន្លែងនេះនឹងផ្តល់ឱកាសនូវការអប់រំដែលមានគុណភាពនេះដល់សិស្សនិស្សិត ដែលអាចជួបការលំបាកក្នុងការបន្តការសិក្សាដែលមានប្រសិទ្ធភាព ឬមានកង្វះខាតផ្នែកហិរញ្ញវត្ថុក្នុងកំឡុងពេលដ៏លំបាកនេះ ។
លោក Ashley Irving ចាងហ្វាងសាលា អេស៊ីអ៊ី បានថ្លែងថា ៖ ដើម្បីបន្តជ្រោមជ្រែងការសិក្សារបស់សិស្សនៅគេហដ្ឋាន ក្រុមការងារបច្ចេកទេសខាងអប់រំតាមប្រព័ន្ធអេឡិចត្រូនិកបាន និងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេលប៉ុន្មានខែនេះ ដើម្បីផ្តល់ជូនសិស្ស និស្សិត នូវបទពិសោធន៍សិក្សាដែលមានវិសាលភាព ។
ក្រុមការងារយើងខ្ញុំមិនត្រឹមតែជ្រើសរើសយកកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកដែលនាំមុខលើពិភពលោកដូចជា Zoom for Education, ClassDojo និង Google Classroom មកប្រើប្រាស់ប៉ុណ្ណោះទេ តែក៏បានបង្កើតនូវវីដេអូណែនាំ ថ្នាក់រៀនបង្ហាញពីគន្លឹះនៃការរៀនពីចំងាយ និងថ្នាក់បង្ហាត់នូវការប្រើប្រាស់ប្រព័ន្ធសិក្សាផ្សេងៗ ដើម្បីផ្តល់ជូនដល់សិស្ស និស្សិតទាំងអស់នូវចំណេះ និងជំនាញសម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់គាត់ ។
ស្របពេលជាមួយគ្នានេះដែរ ក្លឹបសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកថ្មីសម្រាប់ជំនួយ និងជំរុញដល់ការសិក្សារបស់សិស្សត្រូវបានបង្កើតឡើង ដែលសិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូទាំងអស់អាចចែករំលែកអំពីវិធីសាស្ត្រសិក្សាល្អៗ ដើម្បីអោយការសិក្សាកាន់តែមានភាពជោគជ័យ ។ កញ្ញា ម៉ម ជូលីណា និងលោក Andrew Millar ដែលជាអ្នកទទួលរ៉ាប់រងនូវកិច្ចការលើកកំពស់បទពិសោធន៍សិក្សារបស់សិស្សសាលា អេស៊ីអ៊ី បានមានមតិថា ៖ កម្រិតនៃចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករបស់ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូបានអភិវឌ្ឍយ៉ាងខ្លាំងគួរអោយកត់សម្គាល់ ។
កញ្ញា សុខេង បញ្ចនាថ ដែលជាគ្រូបង្រៀន និងអ្នកឯកទេសផ្នែកអប់រំនៅសាលា អេស៊ីអ៊ី បានលើកឡើងថា ៖ លោកគ្រូ អ្នកគ្រូនៅសាលា អេស៊ីអ៊ី តែងតែបង្ហាញនូវអារម្មណ៍វិជ្ជមានក្នុងការអនុវត្តការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំនួយដល់ការសិក្សារបស់សិស្សនៅតាមគេហដ្ឋាន ។
បច្ចេកវិទ្យាមិនអាចជំនួសគ្រូបង្រៀនបានទេ ប៉ុន្តែគ្រូបង្រៀនដែលមានភាពច្នៃប្រឌិតអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំនួយដល់ការសិក្សារបស់សិស្សអោយមានភាពជោគជ័យ ដោយជាពិសេសផ្តោតទៅលើគោលការណ៍រក្សាសុខភាព និងសុវត្ថិភាពរបស់សិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៅក្នុងស្ថានភាពជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះ ។
ឆោម សុវណ្ណរ៉ូហ្សា ដែលជាសិស្សសាលាអេស៊ីអ៊ី កំពុងសិក្សាកម្មវិធីសិក្សាអង់គ្លេសកម្រិតទូទៅបាននិយាយថា៖ មុនដំបូង ខ្ញុំគិតថា ការរៀនតាមប្រព័ន្ធអនឡាញមានភាពលំបាក ប៉ុន្តែក្រោយពីបានរៀនមួយរយៈមក ខ្ញុំបានឃើញថាវាមានចំណុចល្អ និងគួរអោយចាប់អារម្មណ៍ជាច្រើន ដែលធ្វើអោយខ្ញុំចង់បន្តការសិក្សាតាមប្រព័ន្ធអនឡាញ ។
ង៉ោ ពេជ្រមរកត ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សរាប់ម៉ឺននាក់ដែលកំពុងសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករបស់សាលា អេស៊ីអ៊ី បានឱ្យដឹងថា៖ ខ្ញុំកំពុងតែសម្របខ្លួន និងទទួលបានចំណេះដឹងថ្មីៗ ហើយខ្ញុំក៏បានចូលរួមថ្នាក់បង្រៀនពីរបៀបប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកផ្តល់ជូនដោយសាលាអេស៊ីអ៊ី ឥឡូវខ្ញុំយល់ពីរបៀបប្រើប្រាស់កម្មវិធីទាំងនោះបានប្រសើរជាងមុន ។
សិស្សសាលា អេស៊ីអ៊ី ថន វីរបុត្រ ក៏បានចែករំលែកថា៖ ខ្ញុំមិនដែលរៀនតាមប្រព័ន្ធអេឡិចត្រូនិកពីមុនមកទេ វាផ្តល់ឱកាសអោយខ្ញុំទទួលបាននូវការសិក្សាមួយដែលសមស្របជាមួយរបៀបសិក្សាបែបទំនើបរបស់ខ្ញុំ ។
លោកស្រី Samira Hazari គ្រូបណ្តុះបណ្តាលនៅសាលា អេស៊ីអ៊ី ដែលបានរួមចំណែកក្នុងការបង្កើតឡើងនូវឯកសារសិក្សាសម្រាប់ការសិក្សាតាមប្រព័ន្ធថ្មីនេះ បានលើកឡើងថា ៖ សិស្សទទួលបានការបង្ហាត់ណែនាំក្នុងការប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីអោយពួកគាត់ទទួលបានការសិក្សាដែលមានប្រសិទ្ធភាព ។
លោក វ៉ាន់ កុសល ដែលជាគ្រូបង្រៀននៅសាលា អេស៊ីអ៊ី ក៏បានថ្លែងថា៖ ជាមួយនឹងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សិស្សអាចទទួលបាននូវឯកសារ និងសកម្មភាពសិក្សាផ្សេងៗ ព្រមទាំងអាចចូលរួមក្នុងការងារ និងការពិភាក្សាជាក្រុម ។
លោកស្រី ហូ កុឡាប ដែលមានបុត្រម្នាក់កំពុងសិក្សាកម្មវិធីសម្រាប់កុមារនៅសាលា អេស៊ីអ៊ី បានមានប្រសាសន៍ថា៖ មុនដំបូងខ្ញុំឆ្ងល់ថា កូនរៀនពីផ្ទះតាមរបៀបណា ប៉ុន្តែឥឡូវខ្ញុំឃើញថា គាត់រៀនបានចេះច្រើន ហើយសប្បាយ ។ ការរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិករបស់សាលា អេស៊ីអ៊ី ផ្តល់នូវសកម្មភាពល្អៗអោយកូនខ្ញុំដូចពេលគាត់រៀននៅសាលាដែរ ។
លោក ចាន់ ដារ័ត្ន ដែលមានបុត្ររៀននៅសាលា អេស៊ីអ៊ី ដែរ ក៏បានមានមតិថា៖ កូនរបស់ខ្ញុំគាត់អង្គុយរៀននៅផ្ទះ នៅពេលដែលលោកគ្រូអ្នកគ្រូគាត់អង្គុយបង្រៀនពីក្នុងថ្នាក់ ។ ខ្ញុំសប្បាយចិត្តដែលគាត់នៅតែបានរៀនពីចម្ងាយដោយមិនបាច់បារម្ភខ្លាចគាត់ឆ្លងជំងឺពេលចេញទៅក្រៅ ។
ដើម្បីផ្តល់ឱកាសដល់សិស្ស និងនិស្សិតទទួលបានការសិក្សាដែលមានគុណភាព អាហារូបករណ៍ ២០០កន្លែងសម្រាប់ការសិក្សាមួយឆ្នាំពេញត្រូវបានផ្តល់ជូនសម្រាប់កម្មវិធីសិក្សាសម្រាប់កុមារអាយុពី ៨ ដល់ ១០ ឆ្នាំ កម្មវិធីសិក្សាសម្រាប់សិស្សមធ្យមសិក្សាអាយុពី ១១ដល់ ១៤ ឆ្នាំ កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅសម្រាប់សិស្សអាយុចាប់ពី ១៥ ឆ្នាំឡើង និងកម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតខ្ពស់ និងសម្រាប់ត្រៀមខ្លួនទៅសិក្សានៅបរទេស ។
បេក្ខជន ឬ អាណាព្យាបាលអាចដាក់ពាក្យតាមរយៈប្រព័ន្ធអេឡិចត្រូនិចតាមរយៈ https://acecambodia.org/ACEScholarship ឬ ទាក់ទងទៅកាន់លេខ ០៨៥ ៨០៩ ៥៨៩ / ០១៥ ៣៦០ ៨៤៦ សម្រាប់ព័ត៌មានបន្ថែម ។ បេក្ខជននឹងទទួលបានការធ្វើតេស្តវាស់ស្ទង់កម្រិតភាសាអង់គ្លេសតាមប្រព័ន្ធអេឡិចត្រូនិកដោយឥតគិតថ្លៃដើម្បីចូលរៀនក្នុងកម្រិតដែលត្រូវនឹងសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន ។
ដើម្បីអោយបេក្ខជនទាំងអស់ទទួលបានឱកាសស្មើៗគ្នា លក្ខខណ្ឌនៃការជ្រើសរើសរួមមាន សមភាពយេនឌ័រ ថ្នាក់ និងម៉ោងសិក្សាដែលមាននៅសាលា អេស៊ីអ៊ី តម្រូវការ និងសក្តានុពលក្នុងការប្រើប្រាស់ជំនាញភាសាអង់គ្លេសដែលបេក្ខជនបំពេញក្នុងពាក្យសុំអាហារូបករណ៍ ។
បេក្ខជនជ័យលាភីនឹងចាប់ផ្តើមចូលរៀនតាមប្រព័ន្ធអេឡិចត្រូនិកនៅ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០ ហើយនឹងអាចជ្រើសរើសចូលរៀននៅទីតាំងណាមួយក្នុងចំណោមទីតាំងសាលាអេស៊ីអ៊ី ទាំងអស់ នៅពេលណាដែលរាជរដ្ឋាភិបាលអនុញ្ញាតអោយបើកសាលារៀនជាធម្មតាឡើងវិញ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ