ប្រទេសហ្វ៊ីលីពីន ៖ ក្រុងម៉ានីលនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានចាប់ផ្ដើមដាក់ឲ្យនៅដាច់ពីគេ ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុស COVID-19 ដោយអនុវត្តបណ្ដាវិធានការដែលសម្រេចដោយរដ្ឋាភិបាលលោក RODRIGO DUTERTE ។
ប៉ូលិសប្រដាប់ដោយអាវុធបានរាំងខ្ទប់ផ្លូវថ្នល់នានា មកកាន់រដ្ឋធានីដែលមានប្រជាជន១២លាននាក់ ហើយការហោះហើររបស់យន្តហោះជើងក្នុងស្រុកចេញនិងចូលក្រុងម៉ានីលត្រូវលុបចោល រួចការប្រមូលផ្ដុំមនុស្សនៅទីសាធារណៈត្រូវហាមឃាត់សម្រាប់រយៈពេល១ខែ។ តាមវិធានការទាំងនោះ ចាប់ពីពេលនេះទៅហាមការចេញចូលរដ្ឋធានី លើកលែងតែបណ្ដាមនុស្សដែលចាំបាច់បំពេញការងារ ហើយបំរាមគោចរណ៍ត្រូវដាក់រវាងម៉ោង២០និងម៉ោង៥ព្រឹក។ បណ្ដាគ្រឹះស្ថានសិក្សាត្រូវបិទ។
នៅកន្លែងផ្សេងៗទៀតរបស់ប្រទេសបណ្ដាវិធានការដែលសំដៅតស៊ូប្រឆាំងការឆ្លងរាលដាលនៃវីរុសនេះក៏ត្រូវចាត់ផងដែរ។
សរុបនៅហ្វ៊ីលីពីនមានអ្នកឆ្លងវីរុស១១១នាក់ក្នុងនោះអ្នកបាត់បង់ជីវិត៨នាក់។ ទោះបីយ៉ាងណាការរិតត្បិតនៅក្រុងម៉ានីលមិនមែនទាំងស្រុងនោះឡើយ។ មនុស្សម្នាដែលទៅធ្វើការនៅអនុញ្ញាតឲ្យចេញចូល ដោយឆ្លងកាត់បណ្ដាប៉ុស្តិ៍ត្រួតពិនិត្យ ហើយរថយន្តបឺសនិងរថភ្លើងនៅបន្តធ្វើចរាចរណ៍។
មុនការប្រកាសនាថ្ងៃទី១៥មីនាពីវិធានការនោះ ប្រជាជនក្រុងម៉ានីលផ្អើលនាំគ្នាទៅរកទិញស្បៀងស្តុកទុក ខណៈមនុស្សច្រើនសិបពាន់នាក់បាននាំគ្នាចាកចេញពីក្រុងម៉ានីល តាមរថយន្តដឹកអ្នកដំណើរ។ អភិបាលខណ្ឌទាំង១៧នៃក្រុងម៉ានីល បានធ្វើការគាបសង្កត់ដើម្បីឲ្យបណ្ដាផ្សារទំនើប មានមនុស្សចេញចូលច្រើន បិទទ្វារបណ្ដោះអាសន្ន៕ ដកស្រង់ចេញពីវេបសាយ ៖ la-croix (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ