អាកាសយានដ្ឋានចំនួន១១ ក្នុងសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ការត្រួតពិនិត្យសីតុណ្ហភាព ជាផ្នែកមួយនៃការពង្រីកការរកមើលវីរុសកូរ៉ូណាថ្មី (Covid-19) ហើយវិធានការទាំងនោះហាក់ដូចជា ត្រូវបានគេគិតថា មានប្រសិទ្ធភាព ។ តែវាមិនដូច្នោះទេ ។ ប្រសិនបើនរណាម្នាក់មិនមានគ្រុនក្តៅ តើប្រាកដទេថា ពួកគេគ្មានជំងឺកូរ៉ូណាថ្មី?
យោងតាមការស៊ើបអង្កេតរបស់ CNN បានឱ្យដឹងថា ខណៈពេលដែលមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិកបានត្រួតពិនិត្យអ្នកដំណើរជាង៣០០០០ នាក់នៅក្នុងខែកន្លងមកនេះ គេឃើញថាមិនមានករណីឆ្លងវីរុសកូរ៉ូណាថ្មីណាមួយត្រូវបានចាប់ដោយការត្រួតពិនិត្យសីតុណ្ហភាពអាកាសយានដ្ឋានទេ ។
មានការជជែកវែកញែកជាយូរមកហើយ អំពីសារប្រយោជន៍នៃការត្រួតពិនិត្យសីតុណ្ហភាពអាកាសយានដ្ឋាន ប៉ុន្តែបទពិសោធន៍ថ្មីៗនេះ នៅអាកាសយានដ្ឋានអាមេរិក បូករួមទាំងការសិក្សាថ្មីនៅអឺរ៉ុប ហាក់ដូចជា ចង្អុលបង្ហាញថា វាគ្មានប្រយោជន៍ ។ កាលពីដើមខែនេះ អ្នកស្រាវជ្រាវជនជាតិអង់គ្លេសបានចេញផ្សាយការស្រាវជ្រាវមួយដែលបង្ហាញថា ការត្រួតពិនិត្យសីតុណ្ហភាពនឹងបរាជ័យក្នុងការរកឃើញការឆ្លងវីរុសហ្សែនជិតពាក់កណ្តាល ។
យ៉ាងហោចណាស់ មានប្រទេសមួយបានរកឃើញថា ការត្រួតពិនិត្យសីតុណ្ហភាពនៅអាកាសយានដ្ឋានពិតជាមិនមានប្រយោជន៍ ។ ដូច្នេះគេបានសម្រេចចិត្តមិនធ្វើវា ក្នុងកំឡុងពេលមានការផ្ទុះឡើងនូវមេរោគថ្មី ។ អ៊ីស្រាអែលបានប្រើវាក្នុងឆ្នាំកន្លងមកសម្រាប់ជំងឺអេបូឡា ជំងឺសា និងជំងឺផ្តាសាយបក្សី ប៉ុន្តែបានរកឃើញថា ការវាស់កម្តៅ គឺគ្មានប្រសិទ្ធភាពឡើយ ។ នេះក៏ព្រោះតែអ្នកមានជំងឺនេះអាចនឹងមិនទាន់មានអាការៈក្តៅខ្លួន ក្រោយពេលឆ្លងចូលមកដល់ទៅច្រើនថ្ងៃ ។ បើយើងវាស់ចំថ្ងៃដែលគាត់មិនទាន់ក្តៅ គឺវាគ្មានប្រយោជន៍ឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ