ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A នៅតែបន្តគ្រងតំណាងជើងឯកប្រចាំមណ្ឌលនៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020
4 ឆ្នាំ មុន
ភ្នំពេញ
ខេត្តកំពត ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦ គឺបានរកឃើញក្រុមជើងឯកប្រចាំមណ្ឌល…
ខេត្តកំពត ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦ គឺបានរកឃើញក្រុមជើងឯកប្រចាំមណ្ឌល ដោយទទួលបានប្រាក់រង្វាន់១៥០០ដុល្លារហើយ គឺក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃនៅទីលានបាល់ទាត់ដងព្រែកខេត្តកំពត។ ទម្រាំក្លាយជាជើងឯកប្រចាំមណ្ឌលកំពត ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានទម្លាក់ក្រុមខ្លាំងជាបន្តបន្ទាប់រហូតឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅល្ងាចថ្ងៃអាទិត្យ បានបន្តយកឈ្នះក្រុមបាល់ទាត់ក្តាមថ្ម B ដោយលទ្ធផល៣ទល់១ ក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តកំពត។
ជុំវិញការបន្តគ្រងតំណាងជើងឯកមណ្ឌលខេត្តជាប់មាត់សមុទ្រជាបន្ត លោក លំ តាំង ប្រធានក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានថ្លែងបញ្ជាក់ថា កត្តាដែលជម្រុញឲ្យក្រុមខ្លួននៅតែរក្សាបានតំណែងជើងឯកជាបន្តបន្ទាប់នេះ ក៏ព្រោះតែក្រុមយើងបានលេងសហការគ្នាបានយ៉ាងល្អ ទាំងទម្រង់លេង និងសាមគ្គីភាពក្នុងក្រុមបានល្អទើបធ្វើឲ្យក្រុមអាចដណ្តើមបានតំណែងជើងឯកប្រចាំមណ្ឌលឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាបន្តទៀតនៅរាជធានីភ្នំពេញ។ ប្រធានក្រុមរូបនេះជឿជាក់ថា ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ដែលជាការប្រកួតដណ្តើមប្រាក់រង្វាន់ច្រើនក្រុមរបស់ខ្លួន នឹងនៅតែបន្តគ្រង់តំណែងជើងឯកថ្នាក់ជាតិជាលើកទី២ ពិសេសបានជួបការលេងផ្លាស់ប្តូរបទពិសោធន៍ជាមួយតារាបាល់ទាត់ពិភពលោក គឺ លោក Rio Ferdinand។
សម្រាប់មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦នេះ គឺត្រូវចំរាញ់ជ្រើសរើសក្រុមខ្លាំងចំនួន៦ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ហើយក្រុមទាំង៦ដែលឈ្នះកៅអីឡើងទៅនោះ មាន អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ជើងឯកប្រចាំមណ្ឌល ក្រុមក្តាមថ្ម B ជើងឯករង ក្រុមបាល់ទាត់ Jack sport A ចំណាត់ថ្នាក់លេខ៣ ក្រុម Texas LT ចំណាត់ថ្នាក់លេខ៤ ក្រុមបាល់ទាត់ Osakho FC B ចំណាត់ថ្នាក់លេខ៥ និងក្រុមបាល់ទាត់ ស្នងការដ្ឋាន នគរបាលខេត្តកំពត (C) ចំណាត់លេខ៦។
ចែករំលែកព័តមាននេះ