ខេត្តកណ្តាល ៖ គ្រាប់ MK81 មួយគ្រាប់ ទម្ងន់២៥០គីឡូក្រាមកប់ក្នុងដីជម្រៅប្រមាណ៨ម៉ែត្រ ត្រូបបានគេប្រទះឃើញ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ មីនា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចមួយ នៅចំណុចទួលក្រួស ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខណៈដែលក្រុមហ៊ុនបានកាយដីយកទៅចាក់ដើម្បីសាងសង់រោងចក្រ។
លោកវរសេនីយ៍ត្រី ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ មីនា ខាងក្រុមហ៊ុនខាងលើបានធ្វើការជីកយកអាចម៍ដីនៅចំណុចទួលក្រួស ដើម្បីយកអាចម៍ដីទាំងនោះទៅចាក់បំពេញនៅកន្លែងផ្សេងទៀត ដែលកំពុងសាងសង់រោងចក្រថ្មីទៀតក្នុងតំបន់របស់ខ្លួន ដោយប្រើអាស្កាវ៉ាទ័រ ។ ពេលកំពុងជីកបានជម្រៅប្រមាណ៨ម៉ែត្រ ស្រាប់តែឃើញគ្រាប់មួយគ្រាប់យ៉ាងធំ ភ្លាមៗនោះក្រុមហ៊ុនក៏បានរាយការណ៍មកអធិការដ្ឋាននគរបាលស្រុក រួចលោកក៏បានចាត់កម្លាំងឱ្យចុះទៅកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ ។ បន្ទាប់ពីធ្វើការពិនិត្យរួចមក ដោយឃើញគ្រាប់មានទំហំធំ លោកបានជូនដំណឹងនេះទៅក្រុមស៊ីម៉ាក់។
លោកវរសេនីយ៍ត្រី បន្តថា លុះពេលក្រុមស៊ីម៉ាក់ចុះមកដល់ បានស្ទូចគ្រាប់នោះឡើងមកខាងលើដើម្បីធ្វើការពិនិត្យ ក្រោយពេលពិនិត្យរួចមកក្រុមស៊ីម៉ាក់ បានបញ្ជាក់ថា គ្រាប់នេះគឺជាគ្រាប់ MK81 ជាគ្រាប់មិនទាន់ផ្ទុះ មានទម្ងន់២៥០គីឡូក្រាម ដែលប្រើសម្រាប់ទម្លាក់ពីលើយន្តហោះ ហើយគ្រាប់នេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាម ដែលគេបានធ្វើការលាក់ទុកនាសម័យនោះ។
ក្រោយពេលពិនិត្យរួចរាល់ហើយ ក្រុមស៊ីម៉ាក់បានដឹកគ្រាប់នោះតាមរថយន្ត ដើម្បីយកទៅកម្ទេចចោលនាល្ងាចថ្ងៃដដែល៕
ចែករំលែកព័តមាននេះ