រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលស្ទើរនឹកស្មានមិនដល់ក្នុងចង្កោមអ្នកសិល្បៈដូចគ្នានៅ ពេលឃើញតារាសម្តែងស្វែង សុជាតា ឈានជើងដើរចូលក្នុងរោងការរបស់សារ៉ាយ សក្ខណា កាលពីថ្ងៃទី១២ ធ្នូ ២០១៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយសារនាងចុះស្គមសន្ធឹក ។ តារាសម្តែងសុជាតា បានបង្ហាញខ្លួនក្នុងរូបភាពស្លេកស្លាំង និងស្គមខុសពីធម្មតា បន្ទាប់ពីគេដឹងថា នាងបានកើតជំងឺដុះសាច់ក្នុងខួរក្បាលដែលធ្វើឲ្យនាងប្រែប្រួលទៅជាបែបនេះ ។
ក្នុងសម្លៀកបំពាក់ឈុតពណ៌ក្រហម កាន់កាបូបដៃពណ៌ខ្មៅ ស្វែង សុជាតា បានដើរចូលរោងការដែលមានសារ៉ាយ សក្ខណា ជាកូនក្រមុំ និងស្វាមីរង់ចាំទទួលស្វាគមន៍ដោយញញឹម។ បើទោះបីជាពេលនោះ ស្វែង សុជាតា បានដឹងថា ខ្លួនឯងធ្លាក់ខ្លួនខុសប្លែកពីសភាពធម្មតាដោយសារជំងឺបៀតបៀនក៏ដោយ ប៉ុន្តែនាងនៅតែញញឹម និងរាក់ទាក់ដាក់មិត្តភក្កិ និងមិត្តនៅក្នុងចង្កោមសិល្បៈដូចគ្នាដដែល ។ ក្នុងចិត្តបៀមជាប់ទៅដោយទុក្ខព្រួយដោយសារជំងឺ តែស្វែង សុជាតា នៅតែតាំងចិត្តធ្វើខ្លួនឲ្យបានរឹងមាំ និងសប្បាយរីក និងឆ្លៀតពេលចូលរួមកម្មវិធីផ្សេងៗរបស់អ្នកសិល្បៈជាបន្តបន្ទាប់ដោយមិនសូវអាក់ខានឡើយ ។
ស្ថិតនៅក្នុងរូបភាពបែបនេះក៏ដោយ ក៏តារាសម្តែងតួម្តាយដែលមានចរិតកាចឆ្នាសឆ្នើមនៅក្នុងរឿងមរណមាតារូបនេះមិនត្រូវអ្នកសិល្បៈរូបណាមើលងាយ និងមិនទទួលរាក់ទាក់ដែរផ្ទុយទៅវិញពួកគេ ម្នាក់ៗបានសម្តែងការអាណិតអាសូរ និងជួយបន់ស្រន់ឲ្យតារារូបនេះឆាប់ជាសះស្បើយ ដើម្បីឲ្យនាងបានបម្រើវិស័យសិល្បៈបន្តទៀត ។
តារាសម្តែងមួយរូបដែលបានចូលរួមក្នុងមង្គលការរបស់សារ៉ាយ សក្ខណា ដែរនោះបានលាន់មាត់ថា ខ្លួនស្ទើរតែមិនជឿនឹងភ្នែកក្នុងពេលឃើញរូបរាងរបស់អ្នកនាងស្វែង សុជាតា ខុសពីមុន ។ តារារូបនោះបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានជួបអ្នកនាងស្វែង សុជាតា ស្ថិតក្នុងសភាពស្រស់ស្អាត និងមានសាច់មានឈាម តែពេលខានជួបមួយរយៈនាងផ្លាស់ប្តូរយ៉ាងឆាប់រហ័សស្ទើរមិនគួរឲ្យជឿព្រោះពេលនេះនាងបែរជាមានរូបរាងស្គមស្គាំង និងស្លេកស្លាំងខុសពីធម្មតា ។
តារារូបនោះបានដឹងដែរថា ស្វែង សុជាតា កំពុងតែមានជំងឺ ហើយជំងឺនេះទំនងជាធ្វើឲ្យនាងប្រែប្រួលទៅជាបែបនេះ ប៉ុន្តែក្នុងនាមជា
អ្នកសិល្បៈដូចគ្នាបានសម្តែងការអាណិតអាសូរដល់ស្វែង សុជាតា និងជូនពរឲ្យនាងបានឆាប់ជាសះស្បើយ ។ ស្វែង សុជាតា បានចាកចេញទៅប្រទេសថៃ កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៣ ដើម្បីពិភាក្សាជាមួយគ្រូពេទ្យ ទាក់ទិនទៅនឹងជំងឺដុះសាច់ក្នុងខួរក្បាលដែលកន្លងមកនាងមិនសូវព្រួយបារម្ភពីបញ្ហាមួយនេះឡើយ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះនាងចេះតែឈឺក្បាលទំនងមកពីជំងឺនោះធ្វើទុក្ខ ។
កន្លងមកស្វែង សុជាតា ធ្លាប់បានអះអាងពីអាការជំងឺរបស់នាងថា ការដុះសាច់នៅក្នុងក្បាលរបស់នាងនេះមិនមានសភាពធ្ងន់ប៉ុន្មានឡើយព្រោះបើតាមការអះអាងរបស់គ្រូពេទ្យគឺបញ្ជាក់ថា សាច់ដុះក្នុងខួរក្បាលរបស់នាងគឺនៅតូចប៉ុណ្ណោះដែលតម្រូវឲ្យនាងលេបថ្នាំឲ្យបានទៀងទាត់ទើបជាសះស្បើយ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះជំងឺរបស់នាងចេះតែធ្វើទុក្ខដោយសារតែនាងលេបថ្នាំឥតទៀងទាត់តាមវេជ្ជបញ្ជា ហើយពេលជំងឺធ្វើទុក្ខ ទើបនាងប្រញាប់រួសរាន់ទៅថៃភ្លាមដើម្បីឱ្យទាន់ពេល ៕
ចែករំលែកព័តមាននេះ