ទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥មិថុនា ២០១៣ នេះនឹងប្រារព្ធឡើងក្នុងបរិវេណវិទ្យាល័យបឹងត្របែក ផ្តោតសំខាន់លើប្រធានបទ ត្រូវពិចារណាពេលបរិភោគ ដើម្បីសន្សំសំចៃធនធាន ដោយគ្រោងនឹងចូលរួមពីអង្គការជាតិ-អន្តរជាតិ សមត្ថកិច្ច មន្ត្រីអាជ្ញាធរ និងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើននាក់។ ពាក្យថា «ត្រូវពិចារណាពេលបរិភោគ ដើម្បីសន្សំសំចៃធនធាន» គឺជាយុទ្ធនាការប្រឆាំងទៅនឹងភាពខ្ជីខ្ជាកាកសំណល់ចំណីអាហារ និងការបាត់បង់ចំណីអាហារ ហើយប្រធានបទនេះបានជួយយើងឱ្យលះបង់ចោលនូវទម្លាប់ខ្ជះខ្ជាយអាហារ (Food Print) ។
អង្គការកសិកម្ម និងស្បៀងអាហារសហប្រជាជាតិ (FAO) បានអះអាងថា ជារៀងរាល់ឆ្នាំមានស្បៀងអាហារប្រមាណ១,៣ពាន់លានតោន ត្រូវបានខ្ជះខ្ជាយបោះចោលជាសំណល់អាហារនៅទូទាំងពិភពលោក។ បរិមាណនៃសំណល់អាហារ គឺសមមូលទៅនឹងបរិមាណដូចគ្នានៃស្បៀងអាហារទាំងអស់ដែលត្រូវបានផលិតនៅក្នុងអនុតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិក ។ ជាមួយគ្នានេះផងដែរ មនុស្សម្នាក់ក្នុងចំណោមមនុស្ស៧នាក់ នៅលើពិភពលោកបានចូលដំណេកទាំងស្រេកឃ្លាន ហើយកុមារអាយុក្រោម៥ឆ្នាំជាង២០.០០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារការអត់ឃ្លាន ។
អតុល្យភាពដ៏មហិមានៅក្នុងជីវភាពរស់នៅ និងឥទ្ធិពលវិនាសកម្មយ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាន បានជំរុញឱ្យមានការលើកឡើងនូវប្រធានបទសម្រាប់ឆ្នាំនេះ គឺ ៖ «ត្រូវពិចារណាពេលបរិភោគ ដើម្បីសន្សំសំចៃធនធាន» ដែលលើកទឹកចិត្តឱ្យយើងទាំងអស់គ្នាកាន់តែយកចិត្តទុកដាក់បន្ថែមទៀត ពីផលប៉ះពាល់លើបរិស្ថាន ការខ្ជះខ្ជាយ និងការបោះចោលកាកសំណល់អាហារមិនសមរម្យ ។ នៅពេលដែលផែនដីកំពុងព្យាយាមផ្តល់ឱ្យយើងនូវធនធានគ្រប់គ្រាន់ដើម្បីចិញ្ចឹមប្រជាជនទាំង៧ពាន់លាននាក់ (រំពឹងថា នឹងកើនឡើងដល់៩ពាន់លាននាក់នៅឆ្នាំ២០៥០) អង្គការកសិកម្ម និងស្បៀងអាហារបានព្យាករណ៍ថា មួយភាគបីនៃផលិតកម្មស្បៀងអាហារពិភពលោក ត្រូវបានខ្ជះខ្ជាយជាសំណល់អាហារ ឬខូចបង់ ។
សំណល់ចំណីអាហារ គឺជាការខាតបង់ដ៏ធំសម្បើមទៅលើធនធានធម្មជាតិ និងជាការ រួមចំណែកបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើបរិស្ថាន។
ទាក់ទិននឹងទិវាបរិស្ថាននេះដែរ មានពលរដ្ឋជាច្រើនក្នុងរាជធានីភ្នំពេញ បានលើកជាសំណួរថា តើអាជ្ញាធររាជធានីភ្នំពេញ បានបំពេញតួនាទីអប់រំមនុស្សឱ្យយល់ដឹងពីការខ្ជះខ្ជាយកាកសំណល់-សំណល់ចំណីអាហារហើយឬនៅ? ព្រោះថា នៅតាមដងផ្លូវមួយចំនួនគេនៅតែឃើញរាយប៉ាយដោយកាកសំណល់សំរាម ស្បោងប្លាស្ទិក, ស្នោ, ជ័រ, ស្លឹកឈើ និងស្ទះប្រព័ន្ធលូ បណ្តាលឱ្យលិចលង់ជាដើម… បើយ៉ាងនេះតើរាជធានីភ្នំពេញ សព្វថ្ងៃដែលជាប់រង្វាន់ជាទីក្រុងស្អាតនោះ ជាប់ដោយសារអ្វី? សំអាងទៅលើអ្វី? មូលហេតុអ្វី? សូមឱ្យសាលារាជធានីភ្នំពេញ ជួយបកស្រាយករណីនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាបរិស្ថានផង។
លោកកុសល រស់នៅភូមិម័ល សង្កាត់ដង្កោ សំណូមពរថា សូមឱ្យរថយន្តដឹកសំរាម ប្រមូលសំរាមនៅពេលយប់ឱ្យខ្ជាប់ខ្ជួន កុំទុកសំរាមគររលួយធុំក្លិនស្អុយហួង ទើបទៅប្រមូល… កុំប្រមូលសំរាមពេលថ្ងៃ ព្រោះប៉ះពាល់បរិស្ថាន… ប្រមូលទុកដាក់សំរាមឱ្យបានល្អ កុំឱ្យអារាត់អារាយ… អ្នកប្រមូលសំរាមត្រូវគោរពសីលធម៌ កុំបោះបោកឧបករណ៍ដាក់សំរាមរបស់ពលរដ្ឋនៅតាមផ្ទះនីមួយៗ ។
លោកសារិទ្ធ រស់នៅសង្កាត់ផ្សារដេប៉ូ បានសំណូមពរថា សូមឱ្យក្រុមហ៊ុនប្រមូលសំរាមមេត្តាប្រមូលសំរាមទាំងនៅតាមផ្លូវធំ និងផ្លូវតូចផង… កុំប្រមូលតែនៅតាមផ្លូវធំ ទុកសំរាមគរចោលនៅតាមផ្លូវតូចៗនាំឱ្យរលួយស្អុយពិបាកដកដង្ហើម ។ អាជ្ញាធរត្រូវរឹតបន្តឹងការផាកពិន័យទៅលើអ្នកចាក់សំរាមចោលផ្តេសផ្តាស ប៉ុន្តែត្រូវអប់រំពលរដ្ឋឱ្យយល់ដឹងពីរឿងនេះ បានទូលំទូលាយ និងរៀបចំកន្លែងចាក់សំរាមឱ្យបានត្រឹមត្រូវទាំងនៅទីលានចាក់សំរាម និងនៅតាមភូមិឋានផ្ទះនីមួយៗបើពុំដូច្នេះទេ វិបត្តិសំរាមនឹងរាលដាលពេញបន្ទុក ៕
ចែករំលែកព័តមាននេះ