រាជធានីភ្នំពេញ ៖ តារាកំប្លែងយាយអឿន បានរងរបួសថ្លោះ.ក ខណៈពេលចេញពីលេងកំប្លែងកូនបើករថយន្តជូនត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តដឹកផ្លែឈើមួយគ្រឿងធ្លាក់ជង្ហុករេចង្កូតទៅបុករថយន្តរបស់គាត់ពេញទំហឹង កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១១ សីហា តាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។
បើតាមសម្តីរបស់តារាកំប្លែងឈ្មោះសួន សំអឿន ហៅយាយអឿន អាយុ៦១ឆ្នាំ ជាតារាកំប្លែងប្រចាំនៅក្រុមនាយកុយ ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ឱ្យដឹងថា មុនពេលកើតហេតុគាត់ត្រូវបានកូនប្រុសឈ្មោះ ច សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើករថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ជូនមកពីសម្តែងនៅភោជនីយដ្ឋានបុប្ផាជាយដែន ដែលមានទីតាំងនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ។
តារាកំប្លែងរូបនោះបានបន្តទៀតថា ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកផ្លែឈើបើកបញ្ច្រាសទិសគ្នាធ្លាក់ជង្ហុកដាច់កាឡេរេចង្កូតពេញផ្លូវទៅបុករថយន្តរបស់គាត់ពេញទំហឹង បណ្តាលឱ្យបែកចង្កៀង និងបោកយាយអឿននៅក្នុងរថយន្តប៉ះនឹងទ្វារថ្លោះ.កតែម្តង។ ក្រោយពេលកើតហេតុយាយអឿនបានទាមទារសំណងដើម្បីយកទៅជួសជុលរថយន្ត និងព្យាបាលរបួស តែអ្នកបើករថយន្តបង្កមិនអាចចរចាជាមួយថៅកែបានដោយសារយប់ជ្រៅពេក ក៏ត្រូវសមត្ថកិច្ចស្ទូចយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ