រាជធានីភ្នំពេញ ៖ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន តែងតែប្រកាសថា នាងនៅមិនទាន់មានគូស្នេហ៍ទេ តែថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយចំនួនថា តារាសម្តែងនិងជាពិធីការិនីរាងតូចច្រឡឹងស្រស់សោភារូបនេះកំពុងតែមានទំនាក់ទំនងស្នេហាជាមួយបុរសអ្នកជំនួញខ្មែរកាត់ចិនម្នាក់ ។ តើរឿងនោះជាការពិតទេ ?
ពាក្យចចាមអារ៉ាមស្នេហាមិនមែនជារឿងថ្មីដែលកើតឡើងសម្រាប់តារាដែលមានមន្តស្នេហ៍ម្នាក់នេះឡើយ ពោលគឺកន្លងមកហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់មានពាក្យលេចឮថា មានទំនាក់ទំនងស្នេហាជាមួយលោកសុខ សេរីវឌ្ឍនា ដោយសារជាញឹកញាប់គេឃើញអ្នកទាំងពីរច្រើនទៅណាមកណាជាមួយគ្នា ។ ក្រោយមកលេចឮពីរឿងទាក់ទងជាមួយបុរសឈ្មោះសិទ្ធិជាបុគ្គលិកក្រុមហ៊ុនមួយមានវ័យប្រហាក់ប្រហែលនាង ប៉ុន្តែរឿងរ៉ាវទាំងនោះត្រូវនាងបដិសេធចោលទាំងអស់ដោយវាចាយ៉ាងខ្លីថា «វាជារឿងមិនពិត»។
ដោយឡែកសម្រាប់ពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហាជាមួយបុរសអ្នកជំនួញខ្មែរកាត់ចិនវិញ អតីតហ្វ្រេស៊ីហ្គើលលេខ១ឆ្នាំ២០០៧ រូបនេះ អះអាងថា «រឿងនេះវាមិនខុសពីរឿងមុនៗឡើយ ពោលគឺវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះមិនមែនជាការពិតឡើយ។ មកទល់ពេលនេះនាងខ្ញុំមិនទាន់រកឃើញគូស្នេហ៍ណាម្នាក់នៅឡើយទេ ហើយបើនាងខ្ញុំអាចរកគូស្នេហ៍ពិតនោះ គឺនាងខ្ញុំមិនលាក់លៀមឡើយ។ ប្រហែលជាពីរឆ្នាំទៀតទើបខ្ញុំគិតគូរដល់រឿងនេះ ព្រោះពេលនេះការងារសិល្បៈកំពុងតែមានការមមាញឹក» ។
ទោះជាយ៉ាងណាក្តី តារាដែលមានរូបសម្រស់ស្រស់សោភា សាច់សខ្ចីរូបនេះអះអាងថា បើទោះបីថ្ងៃមុខនាងមានស្វាមីក៏ដោយក៏នាងមិនអាចបោះបង់ការងារសិល្បៈចោលឡើយ ព្រោះអាជីពសិល្បៈនេះគឺជាអ្នកលើកស្ទួយឱ្យនាងមានមុខមានមាត់ក្នុងសង្គមរហូតដល់សព្វថ្ងៃ ។
កញ្ញាហុិន ច័ន្ទនីរ័ត្ន ជាពិធីការិនីវ័យក្មេងម្នាក់នៅស្ថានីយទូរទស្សន៍បាយ័នក្នុងកម្មវិធី«ឆា ឆា ឆា » ហើយនាងកំពុងតែទទួលបានប្រជាប្រិយភាព ដោយសារតែវោហារស័ព្ទផ្អែមល្ហែមពីរោះ និងគួបផ្សំជាមួយរូបសម្រស់ស្រស់សោភាពីធម្មជាតិ របស់នាងផង ។ ភាពល្បីល្បាញក្នុងពិភពសិល្បៈនេះ ហុិន ច័ន្ទនីរ័ត្ន ផ្តើមចេញពីតំណែងជាហ្វ្រេស៊ីហ្គើលលេខ១ក្នុងឆ្នាំ២០០៧ ដែលពេលនោះនាងមានអាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ ។ ក្រោយពីជាប់ចំណាត់ថ្នាក់នោះនាងចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះក្នុងនាមជាពិធីការិនីដំបូងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បន្ទាប់មកនាងងាកទៅបម្រើការងារនៅស្ថានីយទូរទស្សន៍បាយ័នរហូតដល់សព្វថ្ងៃនេះ ។
ក្រៅពីធ្វើជាពិធីការិនីកញ្ញានីរ័ត្ន សម្តែងខារ៉ាអូខេ វីដេអូ និងថតស្ប៉តពាណិជ្ជកម្មមួយចំនួនផងដែរ ។ រូបសម្រស់ និងទេពកោសល្យ កំពុងនាំកញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ឆ្ពោះទៅរកប្រជាប្រិយភាពកាន់តែខ្លាំងឡើង ៕
ចែករំលែកព័តមាននេះ