រាជធានីភ្នំពេញ ៖ ក្នុងវ័យ២៥ឆ្នាំកញ្ញាឆោម ឆពុំ អះអាងថា នាងមិនមានជាប់ពាក់ព័ន្ធស្នេហាជាមួយបុរសណាម្នាក់ទេទោះបីជាកន្លងមកមហាជនឃើញនាងទៅណាមកណា និងច្រៀងនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍នានា ឬសំដែងឱ្យផលិតកម្មនានា ជាមួយលោកអ៊ុក ណារីម ក្តី។ កន្លងមកលេចឮថា នាងនិងលោកអ៊ុក ណារីម មានទំនាក់ទំនងស្នេហាជាមួយគ្នា និងមានគំរោងរៀបការជាមួយគ្នាទៀតផង។ នៅពេលជួបអ្នកយកព័ត៌មានកោះសន្តិភាពនាងបដិសេធថា នាងគ្មានជាប់ពាក់ព័ន្ធស្នេហាជាមួយលោកអ៊ុក ណារីម ទេ។
កញ្ញា ឆោម ឆពុំ ឱ្យដឹងថា នាង និងលោកអ៊ុក ណារីម គ្រាន់តែជាមិត្តយល់ចិត្តគ្នា និងជាដៃគូចំរៀងប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធស្នេហាជាមួយគ្នាទេ។ កញ្ញា ឆោម ឆពុំ ត្រូវបានគេស្គាល់ចាប់តាំងពីឆ្នាំ២០០២មក ក្រោយពីនាងសំរេចចិត្តបណ្តែតជីវិតក្នុងវិស័យសិល្បៈចំរៀងតាមគន្លងម្តាយរបស់នាងគឺអ្នកស្រីឆោម ឆវិន និងតាមគន្លងឪពុកមា និងម្តាយមីងរបស់នាងគឺលោកឆោម ប៊ុនយ៉ុង និងអ្នកនាងឆោម និមល។ លើកដំបូងឆពុំឡើងច្រៀងជាកិតិ្តយសនៅលើឆាកប្រគំតន្ត្រីប៉ុស្តិ៍លេខ៥។ ក្រោយមកនាងតែងតែត្រូវបានម្ចាស់ផលិតកម្មជាច្រើនទាំងក្នុង និងក្រៅប្រទេសទាក់ទងឱ្យច្រៀង។ ឆពុំមិនត្រឹមតែមានទឹកដមសំលេងពីរោះគួរឱ្យចង់ស្តាប់ប៉ុណ្ណោះទេ តែមានរូបសម្ផស្សស្រស់ស្អាត និងជាពិធីការិនីដែលមានវោហារពីរោះ។ នាងជាពិធីការិនីទូរទស្សន៍ក្នុងកម្មវិធីខេហ្វរខារ៉ាអូខេ។
ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ កញ្ញាឆោម ឆពុំ ទទួលការគាំទ្រពីប្រិយមិត្តទស្សនិកជនជាច្រើនរហូតមានកេរ្តិ៍ឈ្មោះល្បី។ ដូច្នេះហើយកន្លងមកក្រៅពីច្រៀង និងសំដែងនៅក្នុងប្រទេស នាងធ្លាប់ចេញទៅសំដែងនៅប្រទេសបារាំង កាណាដា និងអូស្ត្រាលី ជាដើម។ ពេលចេញទៅច្រៀងនៅក្រៅប្រទេសកន្លងមកនាងអះអាងថា មានការគាំទ្រពីបងប្អូនខ្មែរយើងរស់នៅទីនោះ។ កញ្ញា ឆោម ឆពុំ ឱ្យដឹងថា ក្នុងឆ្នាំ២០១០ នេះ ក្រៅពីជាប់រវល់ធ្វើជាពិធីការិនីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៩ ក្នុងកម្មវិធីខេហ្វរខារ៉ាអូខេនាងជាប់រវល់ថតសំលេងចូលស៊ីឌី និងសំដែងកាយវិការឱ្យផលិតកម្មមួយចំនួនសំរាប់ចេញលក់នារដូវបុណ្យភ្ជុំបិណ្ឌខាងមុខ។
នាងធ្លាប់មានកិត្តិយសចូលរួមសំដែងក្នុងខ្សែភាពយន្តថ្វាយអតីតព្រះមហាក្សត្រព្រះបាទសម្តេចព្រះនរោត្តម សីហនុរឿង«នាងកញ្ញាអាស៊ីណា» តួឈ្មោះអាស៊ីណា និងរឿង«ប៉ាសារស៊ីតធី» តួឈ្មោះរ៉ុក សាន់ និងរឿង «ក្លេអូបាខ្មែរ» ជាតួអង្គមហាក្សត្រីយានី។ រឿងទាំងអស់នោះភាគច្រើនថតនៅប្រទេសកូរ៉េ និងនៅប្រាសាទអង្គរវត្ត៕



ចែករំលែកព័តមាននេះ