ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិ​សេធ​បណ្តឹង​សម រង្ស៊ី ចំនួន​បណ្តឹង​ទាក់​ទង​នឹង​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មាន​៩០​បណ្តឹង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាម​ការ​ប្រកាស​​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត​​ (គ.ជ.ប​)​ ​ ​ឱ្យ​ដឹងថា​ ​នៅព្រឹកថ្ងៃទី​​​១៣ មិថុនា ​​ឆ្នាំ២០១២ ​​​ក្រុមប្រឹក្សា​​ជំនុំ​ជម្រះ​​​នៃគណៈ​​​កម្មាធិការ​​ជាតិ​រៀបចំការ​​បោះ​ឆ្នោត(គ.ជ.ប) បាន​សម្រេច​​​បដិសេធ​​បណ្តឹង​លេខ​​០០៧/១២ ​របស់​គណបក្ស​សម​ រង្ស៊ី​ ​ដែល​បាន​​​ដាក់​​ពាក្យ​ប្តឹង​អនុប្រធាន​ភូមិ​គោរដ្ឋាន សង្កាត់​​អូរអំបិល ​​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​

រាជធានីភ្នំពេញ ៖ ​យោងតាម​ការ​ប្រកាស​​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត​​ (គ.ជ.ប​)​ ​ ​ឱ្យ​ដឹងថា​ ​នៅព្រឹកថ្ងៃទី​​​១៣ មិថុនា ​​ឆ្នាំ២០១២ ​​​ក្រុមប្រឹក្សា​​ជំនុំ​ជម្រះ​​​នៃគណៈ​​​កម្មាធិការ​​ជាតិ​រៀបចំការ​​បោះ​ឆ្នោត(គ.ជ.ប) បាន​សម្រេច​​​បដិសេធ​​បណ្តឹង​លេខ​​០០៧/១២ ​របស់​គណបក្ស​សម​ រង្ស៊ី​ ​ដែល​បាន​​​ដាក់​​ពាក្យ​ប្តឹង​អនុប្រធាន​ភូមិ​គោរដ្ឋាន សង្កាត់​​អូរអំបិល  ​​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ពីបទ​ហៅ​ប្រជា​ពលរដ្ឋ​ចូល​ក្នុង​ផ្ទះ​របស់​គាត់​​ដើម្បី​​​ឃោសនា​​មុន​ប្រជា​​ពល​រដ្ឋ​ទៅ​​បោះ​ឆ្នោត។ ​ការសម្រេច​​បដិសេធ​​នេះ​ ​បាន​ធ្វើ​​ឡើង​បន្ទាប់​​ពី​ក្រុម​​ប្រឹក្សា​​ជំនុំ​ជម្រះ​​​បាន​លើក​​យក​បណ្តឹង​នេះ​មក​​​បើក​​សវនាការ​​​ជាសាធារណៈ​​នៅ​ចំពោះ​មុខ​ដើម​បណ្តឹង និង​ចុង​​ចម្លើយ​នាទី​ស្តីការ​​ គ.ជ.ប ។

​លោក​រស់​ សួរ តំណាង​​គណបក្ស​សម រង្ស៊ី​​ ​​ដែលទទួល​​​បាន​ការ​ផ្ទេរ​សិទ្ធិ​ពី​លោក​​សួន ​សៀប តំណាង​​​គណបក្ស​​សម​ រង្ស៊ី​ នៅ​ខេត្ត​​បន្ទាយ​មាន​ជ័យ បាន​រៀបរាប់​​​ប្រាប់​​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ថា លោក​​ប្តឹង​ឈ្មោះ​​​​ភិន ​សុខា អនុប្រធាន​​​ភូមិ​​គោរដ្ឋាន​​​ សង្កាត់​​​​អូរអំបិល ក្រុង​សិរី សោភ័ណ​  ខេត្ត​​​បន្ទាយ​មានជ័យ ​ពីបទ​ហៅ​ប្រជា​ពល​រដ្ឋ​​ចូល​ក្នុង​ផ្ទះ​របស់​គាត់​​​​នៅ​​ចន្លោះ​​​ពីម៉ោង​៧​ ទៅ​​ម៉ោង​៧​និង​៣០នាទី​​​ព្រឹក ​កាល ពីថ្ងៃទី​​៣ ខែមិថុនា​​ ​ឆ្នាំ២០១២  ​​​ដើម្បី​​ឃោសនា​​​​មុន​ប្រជា​ពល​រដ្ឋ​​ទៅបោះឆ្នោត ដែល​​​​​ទង្វើ​​បែប​​នេះ​វា​ខុស​នឹង​​ច្បាប់​​​​បោះ​ឆ្នោត​​ បទ​បញ្ជា​ ​និង​នីតិ​​វិធី។  ក្រៅ​ពី​ការ​រៀបរាប់​​ដោយ​​​​​ផ្ទាល់​​​មាត់​​ លោក​រស់  ​សួរ  ​មិន​បាន​​បង្ហាញ​ភ័ស្តុតាង​​​​ដល់​ក្រុម​​​ប្រឹក្សា​ជំនុំ​ជម្រះ​​​​ដើម្បី​ដាក់​បន្ទុក​​​លើ​ចុង​ចម្លើយ​​ឡើយ ។

​នៅ​ក្នុង​​សវនាការ​​ លោក​​ភិន សុខា  ដែល​​ជាអនុ​ប្រធាន​​​ភូមិ​ និង​ជា​​ចុង​ចម្លើយ បាន​ថ្លែង​ថា  គាត់មិន​បាន​​ហៅ​ប្រជា​ពល​រដ្ឋ​​​ឱ្យ​ចូល​​ក្នុង​ផ្ទះ​គាត់​ដើម្បី​​​ឃោស​នា​​​នោះទេ ពីព្រោះ​​​គាត់​​យល់​ពី​ច្បាប់​​​បោះ​ឆ្នោត បទបញ្ជា និងនីតិ​វិធី​​ គ.ជ.ប ថា​ ​នៅ​ថ្ងៃទី​២ និង​ទី៣​ខែ​មិថុនា​​ ឆ្នាំ ២០១២ ​ជា​ថ្ងៃ​​ដែល​គេមិន​​ឱ្យ​ឃោសនា​ ដូច្នេះ​​គាត់​​​គោរព​​ច្បាប់ ។ លោក​​​សុខា  បាន​​​បញ្ជាក់​​ថា ​ការដែល​​​ប្រជា​ពល​រដ្ឋ​​ចូល​ផ្ទះ​របស់​គាត់​ ពីព្រោះ​​ប្រពន្ធ​​របស់​គាត់​​​​លក់បបរ​​នៅ​ក្រោម​​​ផ្ទះ ហើយ​​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​នាំគ្នា​​ចូល​ទៅ​​ហូបបបរ ។ លោក​​បាន​បន្ថែម​ថា ​ជាធម្មតា​​​ ប្រពន្ធ​របស់​គាត់​​លក់​បបរ​នៅ​ក្នុង​សាលា​រៀន ​ហើយ​​នៅ​ថ្ងៃ​បោះ​ឆ្នោត​​​គណៈកម្ម​ការ​​​​ឃុំ សង្កាត់​​រៀបចំ​​ការ​បោះ​ឆ្នោត(គឃ/សប​) បាន​យក​​សាល​រៀន​​​នោះ​ធ្វើ​ជា​ទីតាំង​​​​ការិយា​ល័យ​បោះ​ឆ្នោត ដែល​​ធ្វើ​ឱ្យ​​ប្រពន្ធ​របស់​គាត់មិន​​​​​​អាច​លក់​​​បាន​​​នៅ​ក្នុង​​បរិវេណ​​​សាលា​រៀន​​នៅ​ថ្ងៃ​​នោះ ​ទើប​គាត់​​​មក​លក់​​​នៅ​ក្រោម​​​ផ្ទះ​​របស់​គាត់​​វិញ ​។ ម្យ៉ាង​​ទៀត​ ផ្ទះ​របស់​​​គាត់​មាន​​​របង​ និង​មាន​​​ទ្វារ​​មួយ​​អាច​ចូល​​ទៅក្នុង​​សាលា​រៀន​​​​នោះ​បាន​ ។ តាម​ធម្មតា​​​ ប្រជា​​​ពល​រដ្ឋ​​រស់​នៅ​​ជិត​ខាង និង​​សិស្ស​តែ​ងតែ​នាំគ្នា​​ចេញ​​ចូល​តាម​​​​ច្រក​​​របង​​ទ្វារ​​ក្រោយ​​របស់​​គាត់​ទៅ​សាលា​រៀន ។​
​ក្រោយ​​ពីស្តាប់​​​​ដើម​បណ្តឹង​​​​ និង​ចុង​ចម្លើយ​ និង​ក្រោយពី​បាន​​ពិចារណា​​​​លើ​​អង្គ​ហេតុ​​រួច​មក​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​​​នៃ គ.ជ.ប​ បាន​​សម្រេច​​បដិសេធ​​​បណ្តឹង​​របស់​គណបក្ស​សម រង្ស៊ី ​ព្រោះ​​​ដើម​បណ្តឹង​ពុំ​មាន​ភ័ស្តុ​តាង​គ្រប់គ្រាន់​ និង​​​តម្កល់​​សេចក្ត​ី​សម្រេច​របស់​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោតខេត្ត​បន្ទាយ​មានជ័យ​ (គ.ខ.ប) ទុក​ជា​បាន​ការ​ពេញទាំងមូល​​ ។ សេចក្តី​សម្រេចនេះ​​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ។​

​សូមរំលឹក​ថា  កាលពី​ថ្ងៃទី​៦ខែមិថុនា  ឆ្នាំ ២០១២ តំណាង​គណបក្ស​សម រង្ស៊ី បាន​ដាក់ពាក្យ​បណ្តឹងទៅ​ គ.ខ.ប  បន្ទាយ​មាន​ជ័យ ​ប្តឹង​អនុប្រធាន​ភូមិ​គោរដ្ឋាន​ ​។ ករណី​នេះ គ.ខ.ប បន្ទាយ​មានជ័យ​​ បាន​ប្រជុំ​សម្រេច​​កាលពី​ថ្ងៃទី​៧ ​មិថុនា ២០១២ បដិសេធ​ពាក្យ​បណ្តឹង​ដោយ​មូល​ហេតុថា ពុំ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់​ដំណើរ​ការ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ឡើយ ។ ដោយ​មិន​សុខចិត្ត​នឹង​សេចក្តី​សម្រេច នេះ កាលពី​ថ្ងៃទី​៧  មិថុនា ២០១២ លោក​សួន សៀប រស់​នៅ​​ក្នុង​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុងសិរី​សោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ​បាន​ផ្ទេរសិទ្ធិ​ឱ្យ​លោក​រស់ សួរ​ ដើម្បី​ដាក់ពាក្យ​បណ្តឹង​បន្ត​មក​គ.ជ.ប ។

នៅ​ក្នុង​​​ដំណាក់​កាល​​ឃោស​នា​បោះ​ឆ្នោត​​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​​-​សង្កាត់​​​​ អាណត្តិ​ទី​​៣ ចាប់​ពី​​ថ្ងៃទី​​១៨ ខែ​ឧសភា ​ដល់​ថ្ងៃទី​​១​ មិថុនា ឆ្នាំ​ ​២០១២​ មាន​បណ្តឹង​​​​ស​​រុប​ចំនួន​​​៩០​បណ្តឹង​​ នៅថ្នាក់​​​គណៈ​កម្មការ​ឃុំ​​​-​សង្កាត់​​​រៀប​ចំការ​បោះឆ្នោត​​​(គឃ/សប) ។ ក្នុង​ចំណោម​​បណ្ដឹង​ទាំង​នេះ​មាន​ ​២៧បណ្តឹង​​ ត្រូវ​បាន​ប្តឹង​​​បន្ត​មកដល់​គណៈ​កម្មការរាជធានី​ ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​(គធ​/ខប) ហើយ​ចំនួន​២បណ្តឹង​ ត្រូវ បាន​ប្តឹង​បន្ត​ដល់​គណ​ៈ​កម្មាធិការ​ជាតិ​រៀប​ចំការបោះ​ឆ្នោត​(គ.ជ.ប) ។

បណ្តឹង​ខាងលើ​ជាបណ្តឹង​របស់តំណាង​គណបក្ស​សម​ រង្ស៊ី​ ចំនួន​៦៧​បណ្តឹង​ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១២​បណ្តឹង​ គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន​៣បណ្តឹង​  គណបក្ស​ហ៊្វុន​ ស៊ិន​ប៉ិច​ ចំនួន​៣​បណ្តឹង​ គណបក្ស​នរោត្តម​ រណឫទ្ធិ​ចំនួន​១បណ្តឹង​  ប្រជាពលរដ្ឋ​ចំនួន​៣​បណ្តឹង​ និង​អាជ្ញាធរ​ដែន​ដី​ចំនួន​១បណ្តឹង​ ។

បណ្តឹង​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​​ដោះ​ស្រាយ​​ចប់​រួច​រាល់​នៅ​ថ្នាក់​ គឃ/សប ​​ហើយ​បណ្តឹង​​ដែល​បាន​ប្តឹង​​​​បន្ត​មក​ដល់​ថ្នាក់​ គធ/ខប ត្រូវ​បាន​ដោះ​ស្រាយ​​ចប់​ចំនួន​២៦​បណ្តឹង​ នៅ​សល់​មួយ​បណ្តឹង​​​ គឺ​នៅ​ឃុំ​​វិហារ​ហ្លូង ខេត្ត​កណ្តាល​ ដែល​​ គធ/​ខប ​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ ។ រី​ឯ​បណ្តឹង​​ដែល​ប្តឹង​​បន្ត​មក​ពី​ គធ/​ខប ​មក​ដល់ គ.ជ​.ប មាន​​​២​បណ្តឹង​​ ទី​១ ជា​បណ្តឹង​​របស់​​តំណាង​​គណបក្ស សម រង្ស៊ី ដែល​បាន​ប្តឹង​​មន្ត្រី​​រាជ​ការ​​ស៊ី​វិល​​បម្រើ​ការ​ងារ​​​នៅ​ក្រសួង​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ពី​បទ​យក​ម៉ោង​​ធ្វើ​ការ​​​របស់​រដ្ឋ​​ទៅ​ធ្វើ​ការ​​ឃោសនា​ក្នុង​​អំឡុង​​ពេល​ឃោសនា​បោះ​ឆ្នោត​​ ហើយ​បណ្តឹង​​​នេះ​ត្រូវ​បាន​​ គ.ជ​​.ប ធ្វើ​សវនាការ​សង្ខេប កាល​ពី​ថ្ងៃ​ទី​១១ ​មិថុនា ឆ្នាំ​២០១២ ​បដិសេធ​​ចោល​ដោយ​សំអាង​ថា សាមី​ខ្លួន​(ចុង​ចោទ) ​បាន​សុំ​ច្បាប់​ឈប់​សម្រាក​ពី​ការ​ងារ ។ ​ចំណែក​​បណ្តឹង​មួយ​ទៀត​ ជា​បណ្តឹង​​​របស់​​គណបក្ស សម រង្ស៊ី ​បាន​ប្តឹង​​បដិសេធ​សេចក្តី​សម្រេច​របស់​ គខប​ ប៉ៃ​លិន ​ដែល​មិន​​លើក​យក​បណ្តឹង​​របស់​គណបក្ស​ សម រង្ស៊ី ​មក​ដោះ​ស្រាយ​តាម​ច្បាប់​​បោះ​​ឆ្នោត​ បទ​បញ្ជា​​​ និង​នីតិ​វិធី ។ បណ្តឹង​​នេះ​ត្រូវ​បាន​​ គ.ជ.ប ​សម្រេច​​ធ្វើ​លិខិត​​​​​ព្រមាន​ចំពោះ​គណបក្ស​​ប្រជា​ជន​កម្ពុជា ​និង​គណបក្ស​​សម រង្ស៊ី ​ព្រោះ​នៅ​ពេល​ហែ​ក្បួន​ឃោសនា​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ​ឆ្នាំ​២០១២ ​ក្បួន​នៃ​​គណបក្ស​​​ទាំង​ពីរ​ជិត​​ទល់​មុខ​គ្នា ​ហើយ​មិន​ស្តាប់​​ការ​សម្រប​សម្រួល​របស់​អាជ្ញា​ធរ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ថ្នាក់​ខេត្ត ​ដើម្បី​បញ្ចៀស​​បញ្ហា ៕