រាជធានីភ្នំពេញ ៖ កញ្ញាគង់ រស្មី ជាតារាបង្ហាញម៉ូដ តារាសម្តែងកាយវិការខារ៉ាអូខេ និងវីដេអូភាគតាមទូរទស្សន៍មានវ័យ២០ឆ្នាំ។ កន្លងមកប្រិយមិត្តទស្សនិកជនធ្លាប់ឃើញទេពកោសល្យសម្តែងរបស់នាងតាមរយៈស្ប៉តផ្សាយពាណិជ្ជកម្ម និងស្ប៉តអប់រំសុខភាពផ្សេងៗដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នានា ជាពិសេសតាមរយៈខ្សែរឿងភាគមួយចំនួនដូចជារឿង សេដ្ឋីវ័យក្មេងជាដើម ។
កញ្ញាគង់ រស្មី ឱ្យដឹងថា នាងបានបណ្តែតខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈសម្តែង និងបង្ហាញម៉ូដតាំងពីឆ្នាំ២០០៩មកទៅតាមនិស្ស័យស្រឡាញ់ចូលចិត្តរបស់នាង ។ ចាប់តាំងពីនាងបណ្តែតខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង៣ឆ្នាំមកនេះ នាងមិនត្រឹមតែបានចូលរួមសម្តែងរឿងភាគឱ្យស្ថានីយទូរទស្សន៍នានា និងសម្តែងកាយវិការខារ៉ាអូខេ តាមបទចម្រៀងឱ្យផលិតកម្មជាច្រើននៅក្រៅប្រទេសដូចជាផលិតកម្មពន្លឺនាគហោះ រៃមាស តោមាស ម៉ៃសាម៉េត និងផលិតកម្មមួយចំនួនទៀតនោះទេ គឺនាងបានចូលរួមសម្តែងនិងថតស្ប៉តបែបអប់រំសុខភាព ស្ប៉តថែរក្សាបរិស្ថាន និងស្ប៉តពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត ។
កញ្ញាគង់ រស្មី ថ្វីដ្បិតមិនទាន់មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងពិភពសិល្បៈសម្តែងពិតមែន តែបច្ចុប្បន្នមានប្រិយមិត្តទស្សនិកជនស្គាល់នាងច្រើន ហើយគាំទ្រកាយវិការសម្តែងរបស់នាងប្រកបដោយភាពរស់រវើក ។ នារីដ៏ស្រស់ស្អាតរូបនេះ មានស្រុកកំណើតនៅស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នាងមានបងប្អូន៨នាក់ ក្នុងនោះប្រុស៣នាក់ ចំណែករូបនាងជាកូនទី៧ ។ រស្មីមកបន្តការសិក្សានៅរាជធានីភ្នំពេញនាឆ្នាំ២០០៥ សព្វថ្ងៃកំពុងតែសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជា ផ្នែកអក្សរសាស្ត្រអង់គ្លេសឆ្នាំទី១ ។
កញ្ញាគង់ រស្មី មានកម្ពស់១,៦៥ម៉ែត្រ ទម្ងន់៥០គីឡូក្រាម ទ្រូងទំហំ៣៦ ចង្កេះ២៨ ត្រគាក៣៦ ។ នាងឱ្យដឹងថា ថ្វីបើនាងកំពុងតែបិទបេះដូងមិនទទួលសេចក្តីស្នេហាពីបុរសណាម្នាក់ពិតមែន តែមានបុរសជាច្រើនតាមសុំស្នេហាពីនាងតែនាងបដិសេធ ។ ក្រៅពីនេះមានម៉ែយ៉ែមទាក់ទងបញ្ចុះបញ្ចូលនាងជាញឹកញាប់ តែនាងមិនរញ៉េរញ៉ៃទេ ព្រោះទី១នាងខ្លាចស្លាប់ ទី២- នាងបណ្តែតខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈមិនមែនដើម្បីស្នេហាក្រៅតម្រានោះទេ គឺដើម្បីសប្បាយដើម្បីឱ្យស្គាល់ពីសិល្បៈវប្បធម៌ខ្មែរ និងដើម្បីបានដើរកម្សាន្តតាមតំបន់ទេសចរណ៍នានា ៕
ចែករំលែកព័តមាននេះ