ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខសោភា ​ត្រៀម​ចេញ​វ៉ុល​ថ្មី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​​ថោន ​កញ្ញា​មាស​ សុខ​សោភា ​បាន​និយាយ​​​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ​នាង​ត្រៀម​​​ចេញ​វ៉ុល​ថ្មី​មួយដែល​ច្រៀង​​ដោយ​រូប​នាង​ម្នាក់​ឯង ​។ ​វ៉ុល​​ថ្មី​នេះ​បរិយាយ​អំពី​បញ្ហា​សង្គម និ​ង​​ស្នេហាបច្ចុប្បន្ន​ភាព​​ ដែល​យុវជន​​​ យុវនារី​ខ្មែរ​យើង​កំពុង​ជួប​ប្រទះ ។

កញ្ញា​មាស​ សុខ​សោភា ​បញ្ជាក់​ថា វ៉ុល​ថ្មី​នោះ​គឺ​ជា​វ៉ុល​​ទី​២៦របស់​ផលិកម្ម​ថោន និង​មាន​១០​បទ ។ ​បទ​ដែល​​រំពឹង​ថានឹង​ទទួល​ការ​គាំ​ទ្រ​នោះ​គឺ​បទ «​បោក​អ្នក​ណា​បោក​ទៅ​លើក​លែង​​តែ​អូន​» ​បទ «​ពេល​គេង​លក់​​ទៅ​អាច​ភ្លេច​បង» បទ «​មាន​ឱកាស​អូន​​នឹង​ទះ​កំផ្លៀង​បង» និង​បទ​«បង​សង្ហាម៉្លេះ​ទេ»។ ​នាង​និយាយ​​ថា​បទ​ចម្រៀង​​​ក្នុង​វ៉ុល​២៦​នេះ មាន​​ចម្រុះទាំង​បទ​មនោសញ្ចេត​​​នា និង​បទ​ញាក់កន្ត្រាក់​អារម្មណ៍ ដែល​ផលិតកម្ម​ថោន​​សម្រិត​សម្រាំង និង​ជ្រើស​រើស​​តម្រូវ​តាម​ការ​ពេញ​និយម​ចូល​ចិត្ត​​របស់​មនុស្ស​​គ្រប់​ស្រទាប់ ។

ស្ថិត​ក្នុង​វ័យ​២៧​ឆ្នាំ ​កញ្ញា​មាស​ សុខ​សោភា នៅ​តែ​ទទួលបាន​​​ការ​គាំ​ទ្រ​​ច្រើន​ពី​ទស្សនិកជន​​។ នាង​ធ្លាប់​ទទួល​​​ការ​វាយ​តម្លៃ​​ និង​ផ្តល់​ពិន្ទុ​ជា​​តារា​​វ័យ​ក្មេង​​ដែល​មាន​សំឡេង​​ពីរោះ​ជា​បន្ត​បន្ទាប់ ជាក់​ស្តែង​ក្នុង​ឆ្នាំ​២០១២​នេះ នាង​ទទួល​បាន​ពាន​រង្វាន់​តារា​វ័យ​​ក្មេង​​ សំឡេង​ពី​រោះ​ផ្នែក​នារី ដែល​រៀប​ចំ​ការ​វាយ​តម្លៃ​ដោយ​ក្រុម​ហ៊ុន Sabay។

ទាក់​ទង​នឹង​ការ​ងារ​ក្នុង​វិស័យ​សិល្បៈ​​តា​រា​ចម្រៀង​​រូប​នេះនិយាយ​ថា ​នាង​មាន​ការ​មមា​ញឹក​​​ខ្លាំង​ណាស់​ ​ស្ទើរ​​តែ​រក​ពេល​ទំនេរ​គ្មាន​ ។ ក្រៅ​ពី​ច្រៀង​​​ក្នុង​ផលិតកម្ម​ នាង​​មាន​កិច្ច​សន្យា​​ទទួល​ច្រៀង​​នៅ​តាម​បណ្តា​ខេត្ត​​ជា​ច្រើន​កម្ម​វិធី ។ ទន្ទឹម​នោះ​សមាគម​​ច្រើន​ផង​ដែរ​បាន​មកអញ្ជើញ​នាង​ទៅ​ច្រៀង​​នៅ​ក្រៅ​ប្រទេស ។ ចំណែកលើ​ឆាក​តន្ត្រី​ទូរទស្សន៍​​វិញ នាង​មិន​សូវ​បាន​បង្ហាញ​​មុខ​ប៉ុន្មាន​ទេ ព្រោះ​ជាប់​កម្ម​វិធី​​ខាង​ក្រៅ តែនាង​នៅ​តែ​ឆ្លៀត​ម្តង​ម្តាល ដើម្បី​ជួប​អ្នក​គាំ​ទ្រ​​របស់​នាង ។

កញ្ញា​មាស​ សុខ​សោភា អំពាវ​នាវ​​ឱ្យ​ប្រជា​ពលរដ្ឋ​​ជួយ​គាំ​ទ្រ​វិស័យ​សិល្បៈ ​និង​ជួយ​ផ្តល់​មតិ​កែលម្អ​​រាល់​ការ​​ខ្វះ​ខាត​​ទាំង​ឡាយ​របស់​សិល្បករ​​សិល្បការិនី​ខ្មែរ ដើម្បីលើក​កម្ពស់​​វិស័យ​​​សិល្បៈ​វប្បធម៌​​ខ្មែរ​យើង ដែល​ធ្លាប់​​តែ​រុង​រឿង​​តាំង​ពី​មុន​មក ។ ​លើស​ពី​នេះ​នាង​ស្នើ​សុំ​ដល់​សិល្បករ​​សិល្បការិនី​គ្រប់​រូប​​ឱ្យ​​ថែ​រក្សាតម្លៃ​នៃ​សិល្បៈ​​វប្បធម៌​ខ្មែរ​ឱ្យ​បាន​​គង់​វង្ស​​ រួម​ទាំង​​ពូន​ជ្រុំ​វិស័យ​នេះ​​ឱ្យ​កាន់​​តែ​រីក​ចម្រើន​​បន្ថែម​ទៀត ៕