រាជធានីភ្នំពេញ ៖ អ្នកនាងពេជ្រ សុភាវី អាយុ២៣ឆ្នាំ គឺជាអ្នករាំរបាំបុរាណ របាំជូនពរ របាំប្រជាប្រិយ និងជាសិល្បការិនីល្ខោនបាសាក់ ល្ខោនយីកេ ដែលមានបទពិសោធច្រើន និងទេពកោសល្យល្អ ។
សព្វថ្ងៃនេះអ្នកនាងពេជ្រ សុភាវី ស្ថិតនៅក្នុងក្រុមល្ខោនបាសាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ។ នាងរៀបរាប់ថា មុនពេលចេញសម្តែងនៅលើឆាកនៅតាមបណ្តាខេត្ត ក្រុង និងនៅលើឆាកតាមស្ថានីយទូរទស្សនានា នាងធ្លាប់ហាត់រៀនរាំរបាំបុរាណ របាំប្រជាប្រិយ ល្ខោនបាសាក់ ល្ខោនយីកេ ចម្រៀងប្រពៃណី ចម្រៀងមហោរីនៅក្នុងសមាគមសិល្បៈខ្មែរអប្សរាកាលពីឆ្នាំ១៩៩៨ ។ នាងហាត់បណ្តើរចេញសម្តែងបណ្តើរ ។ ទោះបីជាយ៉ាងណាក្តីនាងមិនទាន់ក្លាយជាតួឯកល្ខោនបាសាក់ ឬយីកេទេ។
មូលហេតុដែលនាងមិនបានក្លាយជាតួឯកនេះ គឺដោយសារតែនាងច្រៀងមិនសូវពីរោះ ដូច្នេះកន្លងមកបានត្រឹមតែជាតួបន្ទាប់បន្សំ ។ ទោះជាយ៉ាងណាក្តីនាងធ្លាប់សម្តែងជាតួឯកក្នុងឈុតបទចម្រៀងល្ខោនបាសាក់ និងល្ខោនយីកេនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍មួយចំនួនដូចជា ទូរទស្សន៍ជាតិកម្ពុជា ស៊ីធីអិន ប៉ុស្តិ៍លេខ៣ ជាញឹកញាប់ ។
នាងពេជ្រ សុភាវី បន្តថា កន្លងមកក្រៅពីរាំរបាំ នៅក្នុងប្រទេស នាងក៏ធ្លាប់ចេញរាំរបាំនៅប្រទេសមួយចំនួននៅអាស៊ី ក្នុងកម្មវិធីថ្នាក់ជាតិដូចជានៅប្រទេសចិន តៃវ៉ាន់ ថៃ និងវៀតណាម ។លើសពីនេះនាងធ្លាប់សម្តែងកាយវិការខារ៉ាអូខេ ឱ្យផលិតកម្មនៅក្នុង និងក្រៅប្រទេសមួយចំនួន និងធ្លាប់ថតរឿងខ្លីៗបែបអប់រំសុខភាព និងស្ប៉តផ្សេងៗជាច្រើនទៀត ។
អ្នកនាងសុភាវី ឱ្យដឹងថា នាងចង់ក្លាយជាតារាសម្តែងក្នុងខ្សែវីដេអូភាគ តែគ្មានឱកាសព្រោះគ្មានខ្សែរយៈ ម៉្យាងទៀតពេលនេះនាងមានផ្ទៃពោះ៦ខែហើយ ។ នាងបានរៀបការជាមួយសិល្បករសៀករហស្សកម្មឈ្មោះមាស មង្គល កាលពីឆ្នាំ២០១១ ៕



ចែករំលែកព័តមាននេះ