រាជធានីភ្នំពេញ ៖ កញ្ញា សួន ដាវន ជាតារាចម្រៀងមួយដួង ដែលកំពុងចាប់ផ្តើមរីកនៅក្នុងសួនសិល្បៈហើយនាង ក៏ជាបេក្ខជនដែលបានប្រឡងជាប់លេខ២ ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០១១ ផ្នែកចម្រៀងកន្លងទៅនេះផងដែរ ។ ជាងនេះទៅទៀត នាងទើបតែត្រឡប់មកពីច្រៀង និងសម្តែងនៅប្រទេសជប៉ុនជាមួយនឹងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនទៀត ហើយឆ្លៀតក្នុងឱកាសនេះ កញ្ញាសួន ដាវន ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅផងដែរ ដល់បងប្អូននៅប្រទេសជប៉ុន ដែលបានគាំទ្រដល់ការសម្តែង និងច្រៀងរបស់នាង ។
កញ្ញាសួន ដាវន បានប្រាប់កោះសន្តិភាពឱ្យដឹងថា នាងជាកូនទី៧នៅក្នុងចំណោមបងប្អូន៩នាក់ ប្រុស៥នាក់ ស្រី៤នាក់ ។ នាងមានឪពុកឈ្មោះសួន អឿន អាយុ៥៥ឆ្នាំ ជាអ្នកសិល្បករផ្នែកព្យ៉ាណូ តាំងពីឆ្នាំ១៩៨២មកម្ល៉េះ ហើយបងថ្លៃជាអ្នកវាយស្គរ ចំណែកឯបងស្រីច្បង គឺជាតារាចម្រៀងឈ្មោះសួន សាវឿន នៅក្នុងក្រុមតន្ត្រីប្ញស្សីស្រុកជាមួយនឹងឪពុករបស់នាង ។ កញ្ញាសួន ដាវន មានស្រុកកំណើតនៅភូមិកំពូលមាស ស្រុកកំពង់ត្រាច ខេត្តកំពត ។ ដោយសារតែនាងមានទឹកដមសំឡេងពីរោះ មានចិត្តស្រឡាញ់ខាងផ្នែកវិស័យសិល្បៈនាងក៏បានសុំឪពុករបស់នាងចូលច្រៀងនៅក្នុងក្រុមតន្ត្រីរបស់ឪពុកនាង ដោយនាងចាប់ផ្តើមច្រៀងតាំងពីអាយុ១៦ឆ្នាំមកម្ល៉េះ ។
កញ្ញាសួន ដាវន បានបន្តទៀតថា នៅពេលដែលនាងប្រឡងចប់ថ្នាក់ទី១២ នៅក្នុងឆ្នាំ២០១០ហើយនោះ នាងក៏បានសុំឪពុកម្តាយមកបន្តការសិក្សានៅភ្នំពេញ គឺសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្នែកគណនេយ្យ ។ នៅក្នុងឆ្នាំ២០១១ ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានបើកកម្មវិធីប្រឡងជ្រើសរើសតារាចម្រៀង ហើយដោយសារតែមានចិត្តស្រឡាញ់ផ្នែកនេះផងនោះ នាងក៏សម្រេចចិត្តដាក់ពាក្យប្រឡងតែម្តង ។ នាងមានការភ័យខ្លាចខ្លាំងណាស់ នៅពេលដែលគណៈកម្មការធ្វើការជំរុះម្តងៗ រហូតដល់វគ្គផ្តាច់ ព្រ័ត្រ នាងក៏ទទួលបានចំណាត់ថ្នាក់លេខ២តែម្តង ។ បន្ទាប់ពីបានប្រឡងជាប់ហើយ នាងត្រូវបានផលិតកម្មនៅក្រៅប្រទេសទាក់ទងឱ្យទៅចូលច្រៀង និងធ្វើតេស្តសំឡេង ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយសារតែនាងជាប់រវល់នឹងការសិក្សា ។
បន្ទាប់ពីនោះមកទៀត នាងក៏ត្រូវមិត្តភក្តិរបស់នាង ដែលលោកមានឈ្មោះប៉ែន ច័ន្ទសុខ បូរ៉ាត ជាប្រធានគណៈកម្មាធិការសម្របសម្រួល អាណិកជនខ្មែរនៅប្រទេសជប៉ុន ទាក់ទងឱ្យនាងទៅច្រៀងនៅប្រទេសជប៉ុនរយៈពេល១ខែហើយ នាងក៏បានចេញទៅនៅថ្ងៃទី៥ មេសា ឆ្នាំ២០១២ កន្លងទៅនេះ ឥឡូវនាងបានត្រឡប់មកវិញ និងបាននាំមកនូវភាពជោគជ័យ មកជាមួយថែមទៀតផង។
និយាយអំពីការច្រៀងនៅប្រទេសជប៉ុនវិញ នាងបានឱ្យដឹងថា នាងមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលបានឃើញបងប្អូនខ្មែរយើងដែលកំពុងរស់នៅប្រទេសជប៉ុន នាំគ្នាមកទស្សនា និងគាំទ្រសិល្បៈខ្មែរយ៉ាងច្រើនកុះករ ដែលធ្វើឱ្យរូបនាងមិនអាចបំភ្លេចបាន ។ ជាងនេះទៅទៀតនាងក៏សូមថ្លែងអំណរគុណដល់លោកប្រធាន ប៉ែន ច័ន្ទសុខបូរ៉ាត ដែលបានជួយដល់រូបនាងឱ្យបានទៅច្រៀង និងសម្តែងនៅប្រទេសជប៉ុន ។នាងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់បងប្អូនខ្មែរនៅប្រទេសជប៉ុនដែលបានគាំទ្រដល់រូបនាង ។
ក្នុងវ័យ២២ឆ្នាំ កញ្ញាដ៏ស្រស់សោភសួន ដាវន រូបនេះ បានឱ្យដឹងពីគោលបំណងរបស់នាងផងដែរថា នាងចង់ក្លាយជាតារាចម្រៀងមួយដួងដែលមានឈ្មោះបោះសំឡេងដូចជាតារាចម្រៀងល្បីផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាយើងនេះ ព្រោះសិល្បៈចម្រៀងជាក្តីប្រាថ្នាទីមួយនៅក្នុងជីវិតរបស់នាង ហើយក្រៅពីសិល្បៈនាងក៏ចង់ធ្វើការឯកជនទៅតាមមុខជំនាញដែលនាងកំពុងតែសិក្សានេះផងដែរ ។
ទាក់ទងទៅនឹងបញ្ហាស្នេហាវិញ តារាចម្រៀងថ្មីរូបនេះបានឱ្យដឹងថា បច្ចុប្បន្ននាងក៏មានអ្នកតាមស្រឡាញ់ច្រើនណាស់ដែរ ។ ប៉ុន្តែនាងមិនទាន់ជ្រើសរើសអ្នកណាម្នាក់មកដាក់ក្នុងដួងចិត្តនៅឡើយទេ ហើយរឿងនេះទុកឱ្យព្រហ្មលិខិតជាអ្នកកំណត់ទៅចុះ ៕



ចែករំលែកព័តមាននេះ