យោងទៅតាមប្រភពព័ត៌មានពីទស្សនាវដ្តី Forbes ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ឧសភា ឆ្នាំ២០១២ បានឱ្យដឹងថា តារាចម្រៀងជេន្នីសហ្វើ ឡូប៉ែស បានចូលមកស្នងរាជ្យបល័្លង្កជំនួសតំណែងតារាចម្រៀងប៉ុប ឡេឌី ហ្គាហ្គា ដែលបានគង់ប្រថាប់អស់រយៈពេល១ឆ្នាំជាកំពូលតារាល្បីនិងមានប្រជាប្រិយភាពក្នុងឆ្នាំ២០១១ ។
ចំណែកឯតារាទូរទស្សន៍អាមេរិកOprah Winfrey ទទួលបានចំណាត់ថ្នាក់លេខ២ តារាចម្រៀងវ័យក្មេងចាស្ទីន ប៊ីប៊ើរ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នាំមុខតារាចម្រៀងអាមេរិករីហាន់ណា ឈរលំដាប់លេខ៤ រីឯឡេឌី ហ្គាហ្គា បានរបូតធ្លាក់មកលំដាប់ថ្នាក់លេខ៥ ក្នុងបញ្ជីតារាសម្តែងល្បីៗទាំង១០០នាក់ ។
ការឱ្យចំណាត់ថ្នាក់លេខ១ ទៅលើតារាចម្រៀងវ័យ៤២នេះគឺផ្អែកទៅលើកត្តារួមបញ្ចូលគ្នា គឺប្រាក់ចំណូល ការលេចមុខនៅលើប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍-វិទ្យុ-សារព័ត៌មាន និងវត្តមាននៅលើបណ្តាញសង្គមប្រព័ន្ធអីនធើរណេត និង Facebook ។ ទស្សនាវដ្តីដដែលនោះបានបន្តឱ្យដឹងទៀតថា តារាចម្រៀងជេន្នីសហ្វើ ឡូប៉ែសរកប្រាក់ចំណូលបាន៥២លានដុល្លារ ក្នុងរយៈពេល១២ខែកន្លងមក គឺកើនឡើងច្រើនជាង២ដងនៃប្រាក់ចំណូលឆ្នាំមុនដែលរកបានត្រឹមតែ២៥លានដុល្លារប៉ុណ្ណោះ ។
ប្រភពប្រាក់ចំណូលរបស់នាងគឺបានមក ពីការលក់អាល់ប៊ុមចម្រៀងមានការកើន ឡើង ថតខ្សែភាពយន្តធំៗចំនួន៣រឿង ការចេញទៅសម្តែងនៅបរទេស និងការថតផ្សាយពាណិជ្ជកម្មផ្សេងជាដើម ៕




ចែករំលែកព័តមាននេះ