សារព័ត៌មានបរទេស កាលពីថ្ងៃទី១១ ឧសភា ផ្សាយថា អ្នកវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យ ក្នុងប្រទេសព័រទុយហ្គាល់ និងអង់គ្លេស រកឃើញថា ឆ្កែធ្វើត្រាប់តាមសំឡេងផ្សេងៗរបស់ម្ចាស់ ដូចជាសំឡេងស្ងាបជាដើម។ ឆ្កែនឹងស្ងាបតាម ក្រោយពីឮសំឡេងស្ងាបរបស់ម្ចាស់របស់វា ទោះបីជាមិនឃើញម្ចាស់វាក៏ដោយ ។
លទ្ធផលស្រាវជ្រាវនោះ បានបង្ហាញនៅទីក្រុងលីស្បុន ប្រទេសព័រទុយហ្គាល់ ។ របាយការណ៍បញ្ជាក់ថា ឆ្កែអាចមានលក្ខណៈរួមជាមួយមនុស្សដែលជាម្ចាស់ ។ លោកខារីន ស៊ីលវ៉ា មកពីមហាវិទ្យាល័យព័រទុយហ្គាល់ ឱ្យដឹងថា ពួកគេបានសាកល្បង និងពិសោធន៍ពីហេតុការណ៍នោះ ដោយឱ្យឆ្កែចំនួន២៩ក្បាល ដែលរស់នៅជាមួយម្ចាស់ក្នុងរយៈពេលយ៉ាងតិច៦ខែ ស្តាប់សំឡេងស្ងាបរបស់ម្ចាស់ និងសំឡេងស្ងាបរបស់មនុស្សប្លែកមុខ ។
លទ្ធផលបង្ហាញឱ្យឃើញថា ឆ្កែត្រាប់តាមសំឡេងរបស់មនុស្សប្លែកមុខ ដោយស្ងាបតាមបានមួយផ្នែក ប៉ុន្តែនៅពេលឮសំឡេងស្ងាបរបស់ម្ចាស់ ចំនួនស្ងាបរបស់វា មានចំនួនច្រើនជាងមនុស្សប្លែកមុខដល់ទៅ៥ដង ។ ត្រង់ចំណុចនេះឆ្លុះបញ្ចាំងឱ្យឃើញថា ឆ្កែធ្វើត្រាប់ តាមម្ចាស់របស់វាច្រើនជាងអ្នកដទៃ ៕
ចែករំលែកព័តមាននេះ