រាជធានីភ្នំពេញ ៖ នៅព្រះរាជាណាចក្រកម្ពុជាយើងបច្ចុប្បន្នគេសង្កេតឃើញអ្នកចម្រៀងចាប៉ីដងវែងមានតិចតួចណាស់ ហើយខ្លះក៏ចាស់ជរា និងមានជំងឺទៀត ។ អ្នកចម្រៀងចាប៉ីគួរឱ្យកត់សម្គាល់មាន ភិរម្យប្រាជ្ញ ឈួន អ្នកស្រីព្រំ ផល្លា លោកតាគង់ ណៃ ស្មៀននេត ប៉េ និងអ្នកស្រីស៊ិន សយ។ ទាំងនេះជាអ្នកចម្រៀងចាប៉ីដងវែងដែលតែងតែបញ្ចេញទឹកដមសំឡេងយ៉ាងពីរោះរណ្តំចិត្ត ហើយមានកេរ្តិ៍ឈ្មោះល្បីដែលមហាជនគ្រប់មជ្ឈដ្ឋានបានទទួលស្គាល់ ។
ក្រៅពីនេះក៏មានក្មេងជំនាន់ក្រោយមួយចំនួនទៀតដែរ តែពុំទាន់មានអ្នកណាម្នាក់អាចស្នងពីអ្នកចម្រៀងចាប៉ីទាំងនោះបានឡើយ ។
គួរឱ្យកោតសរសើរបំផុត គឺលោកទិន រ៉ុង អាយុ២៣ឆ្នាំ ជាកងទ័ព តែស្រលាញ់សិល្បៈចម្រៀងចាប៉ីដងវែង ហើយចង់ថែរក្សា អភិរក្សថែមទៀតផង ។ ពលទោម្នាក់នេះមានចិត្តស្រលាញ់សិល្បៈបុរាណចម្រៀងចាប៉ីដងវែង ដែលកន្លងមកគេសង្កេតឃើញសិល្បៈប្រភេទនេះច្រើនតែមនុស្សវ័យចំណាស់ៗទេប្រកាន់យកជាអាជីព ។ លោកទិន រ៉ុង ជាកងទ័ពការពារព្រំដែននៅកងពលលេខ៤ឈរជើងនៅតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ មានអាយុ២៣ឆ្នាំ ប៉ុណ្ណោះ ។ លោកមានចិត្តក្លាហាន មោះមុតចូលបម្រើកងទ័ពការពារបូរណភាពទឹកដីផង ចូលរួមចំណែកលើកស្ទួយ អភិរក្សសិល្បៈបុរាណខ្មែរ ដែលកំពុងតែបាត់បង់ប្រជាប្រិយភាពបន្តិចម្តងៗផង ។
លោកទិន រ៉ុង មានស្រុកកំណើតនៅភូមិប៉ចារ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកមានបងប្អូន១២នាក់ឯណោះ ក្នុងនោះលោកជាកូនទី៨ ។ ទិន រ៉ុង ឱ្យដឹងថា ឪពុកម្តាយរបស់លោកជាកសិករធ្វើស្រែចម្ការ តែដោយសារលោកមាននិស្ស័យស្រលាញ់សិល្បៈចម្រៀងចាប៉ី និងបានទស្សនាតាមទូរទស្សន៍ និងស្តាប់តាមវិទ្យុធ្វើឱ្យកាន់តែស្រលាញ់ទ្វេឡើងទៀត ។ ដូច្នេះហើយក្នុងឆ្នាំ២០០៩ លោកបានទៅហាត់រៀនច្រៀង និងរៀនកេះចាប៉ីដងវែងជាមួយលោកគ្រូ សុវណ្ណ តន់តា និងលោកគ្រូពាង ពី នៅវិទ្យុFM៩៦.៥ខេត្តបន្ទាយមានជ័យ ។
ក្រោយពីរៀនចាប៉ីដងវែងចប់លោករ៉ុង បានស្ម័គ្រចិត្តចូលបម្រើកងទ័ពនាដើមឆ្នាំ២០១១ ហើយបច្ចុប្បន្នឈរជើងការពារព្រំដែននៅតំបន់អន្លង់វែងក្នុងកងពលលេខ៤១ ។ សព្វថ្ងៃក្រៅពីអាជីពកងទ័ព លោកមានអាជីពជាអ្នកចម្រៀងចាប៉ីដងវែងប្រចាំខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ គឺដើរច្រៀងក្នុងពិធីបុណ្យផ្សេងៗនៅតាមភូមិ និងតាមវត្ត រួមទាំងតាមបន្ទាយកងទ័ពនានានៅជួរភ្នំដងរែកតាមខ្សែក្រវាត់ព្រំដែន ។
លោករ៉ុង និយាយថា នៅតាមព្រំដែនប្រជាជនគាំទ្រលោកណាស់ គឺពីមួយថ្ងៃទៅមួយថ្ងៃមិនសូវទំនេរទេ ។ កន្លងមកលោកក៏ធ្លាប់បង្ហាញខ្លួននៅតាមកញ្ចក់ទូរទស្សន៍បាយ័នម្តងដែរ ៕


ចែករំលែកព័តមាននេះ