រាជធានីភ្នំពេញ ៖ ថ្មីៗនេះក្រោយពីឃ្លាំងលក់រថយន្តមួយកន្លែងនៅខាងកើតផ្លូវព្រះមុន្នីវង្សក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានបិទទ្វារក៏លេចឮព័ត៌មានថា នាយកុយមានភាគហ៊ុនលក់រថយន្តនៅទីនោះដែរ ។
ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៩ មេសា ២០១២ នាយកុយបានបដិសេធថា មិនបានដឹងរឿងរាវអ្វីនោះទេ ។ លោកថា «រឿងល្បីថាខ្ញុំមានភាគហ៊ុននោះគ្មានទេ ការដែលខ្ញុំចេញចូលឃ្លាំងលក់ឡាននោះញឹកញាប់កន្លងមកគឺខ្ញុំរាប់អានមនុស្សមួយចំនួននៅក្នុងឃ្លាំងឡាននោះជាមិត្តភក្តិ ។ មួយវិញទៀតដោយសារខ្ញុំទៅទិញឡាននៅក្នុងឃ្លាំងនោះគេបញ្ចុះតម្លៃភាគរយឱ្យច្រើន ។ រឿងដែលថា ខ្ញុំមានភាគហ៊ុននោះគ្មានទេ» ។ លោកបន្តថា «ដូចលោកបានដឹងស្រាប់ហើយខ្ញុំគ្រាន់តែជាអ្នកសិល្បៈសម្តែងកំប្លែងតូចតាចម្នាក់តើមានលុយឯណារាប់លានដុល្លារសម្រាប់ចូលភាគហ៊ុនលក់ឡានទំនើបនោះ»។ នាយកុយតារាកំប្លែងបញ្ជាក់ថា លោកមិនដឹងរឿងអ្វីនោះទេ ។
នៅពេលអ្នកយកព័ត៌មានព្យាយាមស្រាវជ្រាវពីទំនាក់ទំនងខាងលើ ប្រភពព័ត៌មាននានាជាច្រើនបានបដិសេធថា ពួកគេមិនបានដឹងរឿងអ្វីទាំងអស់។ នេះប្រហែលជាពួកគេចង់លាក់លៀមពីបញ្ហាខាងលើទេដឹង ៕
ចែករំលែកព័តមាននេះ