រាជធានីភ្នំពេញ ៖ ក្រុមល្ខោនអូប៉េរ៉ាបារាំង បានឡើងសម្តែងកាលពីយប់ថ្ងៃទី២៧ មេសា នៅរោងមហោស្រពចេនឡា ដោយមានទស្សនិកជនជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ ។
លោកអូលីវីយេ ហ្វ្រង់សង់ នាយកវិទ្យាស្ថាន បារាំងបានឱ្យដឹងថា ក្រុមល្ខោនអូប៉េរ៉ាដែល ឡើងមកសម្តែងនាពេលនេះគឺដឹកនាំដោយលោក ហ្គាអែល ដាឆឹន ហើយក្រុមនេះបានចេញទៅសម្តែងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក ។ លោកបញ្ជាក់ថា សម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺក្រុមអូប៉េរ៉ាជនជាតិបារាំងបានជ្រើសរើសប្រទេសកម្ពុជាសម្រាប់សម្តែងមុនគេ បន្ទាប់មកប្រទេសវៀតណាម និងប្រទេសឡាវ ។ លោកបន្ថែមថា សិល្បករដែលចូលរួមសម្តែងនៅរាត្រីនេះ គឺមានរហូតដល់ជាង១០០នាក់ ដែលសុទ្ធសឹងជាអ្នកមានទេពកោសល្យខ្ពស់ក្នុងការសម្តែងល្ខោនអូប៉េរ៉ានេះ ។
គួរបញ្ជាក់ថា ការសម្តែងល្ខោនអូប៉េរ៉ា នាឱកាសនោះ គឺមានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវជាតិនិងអន្តរជាតិ ហើយទស្សនិកជនទាំងនោះសុទ្ធតែបានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំងពីទេពកោសល្យនៃការសម្តែងរបស់សិល្បករសិល្បការិនីម្នាក់ៗ ។ ការសម្តែងនោះរួមមានការសម្តែងរបាំទោល និងសម្តែងជាក្រុម រួមទាំងមានការសម្តែងជាខ្សែរឿងផងដែរ ។ ខ្លឹមសារសង្ខេបនៃរឿងគឺនៅក្នុងផ្ទះចំណាស់ស្រុកស្រែ នារសៀលមួយ កុមារអាយុ៧ឆ្នាំម្នាក់កំពុងអង្គុយរអ៊ូរទាំនៅចំពោះមុខកិច្ចការសាលារបស់គេ ។ ម្តាយមានការខឹងសម្បានឹងភាពខ្ជិលច្រអូសរបស់កូនគាត់ ហើយបានដាក់ទណ្ឌកម្មកូន ។ ខណៈនោះកូនបានបញ្ចេញកំហឹងតបវិញ ដោយគប់ប៉ាន់តែ ពែងតែ និងធ្វើបាបសត្វនៅក្នុងទ្រុង ទាញកន្ទុយឆ្មា យកតង្កៀបរុកពន្លត់រងើកភ្លើង រុញទម្លាក់បំពង់ទឹកក្តៅ រហូតហែកក្រដាសបិទលើជញ្ជាំង និងសៀវភៅរៀនចោល ។ ទន្ទឹមនោះគេស្រែកខ្លាំងៗថា គេមានសេរីភាពយ៉ាងសាហាវ រហូតដល់អស់់កម្លាំងខ្លួនឯង ហើយទម្លាក់ខ្លួនទៅលើកៅអីមានធ្នាក់ដៃយ៉ាងកញ្ចាស់មួយ ប៉ុន្តែកៅអីនោះបានរអិលថយក្រោយ ។ ពេលនោះទស្សនីយភាពដ៏អស្ចារ្យមួយបានកើតឡើង ខណៈដែលរបស់របរនិងសត្វទាំងអស់ចេះនិយាយ និងកម្រើកជាចលនារួមទាំងបានគំរាមកុមារ ធ្វើឱ្យភ័យរន្ធត់ ។ ភាពអស្ចារ្យនោះ គឺជាការសងសឹករបស់វត្ថុ និងសត្វទាំងនោះចំពោះកុមារ រហូតស្រែកហៅម្តាយឱ្យមកជួយ ។ សភាវៈនោះគឺបង្ហាញអំពីកំហុសរបស់កុមារ និងការមិនអាចអត់ម្តាយបាន ។
ជារួមផ្ទាំងទស្សនីយភាពល្ខោនអូប៉េរ៉ានាពេលនោះមិនគ្រាន់តែបង្ហាញនូវទេពកោសល្យ និងភាពប៉ិនប្រសប់របស់តួសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវការអប់រំដ៏ជ្រាលជ្រៅថែមទៀត ៕


ចែករំលែកព័តមាននេះ