ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ទេព​ រិន​ដារ៉ូ​ ​​គាំទ្រ​​ការ​​ផ្សព្វ​​ផ្សាយ​​ពី​វិស័យ​​សិល្បៈ​​វប្ប​​ធម៌​ជាតិ​

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​​​ ៖ តារាសម្តែង​ជើង​ចាស់​ប្រកបដោយ​ទេព​កោសល្យ​មិន​ចេះ​រីង​ស្ងួត​លោក​ទេព រិន​ដារ៉ូ​ បាន​បង្ហាញ​​ការគាំទ្រ​របស់​ខ្លួន​ចំពោះ​បណ្តាញ​សារព័ត៌​មាន​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​នូវ​ការ​ផ្សព្វ​ផ្សាយ​​អំ​ពី​វិស័យ​សិល្បៈ​វប្ប​ធម៌​ ។ លោកចាត់​ទុកការចុះផ្សាយ​ទាំងនោះ​មិន​គ្រាន់​តែ​ជាកាផ្សព្វ​ផ្សាយ​​ដើម្បី​ឱ្យ​សាធារ​ណ​​ជន​ ​​យុវវ័យ​ជំនាន់​ក្រោយ​បាន​យល់ដឹង​អំពី​សិល្បៈវប្ប​ធម៌​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បានជួយ​លើ​ក​កម្ពស់​ និង​ប្រមូល​​ការគាំទ្រ​ពី​​​សាធារណជន​ចំពោះ​វិស័យ​សិល្បៈ​វប្ប​ធម៌​​ ។

លោក​ទេព​​ រិន​ដារ៉ូ​ បាន​លើ​ក​ឡើង​ថា​ តាម​ការកត់​សម្គាល់​សព្វ​ថ្ងៃ​នេះ​សារព័ត៌​មាន​នៅ​កម្ពុជា​​ សំខាន់​កាសែត​កោះសន្តិភាព​​​បា​ន​ចុះ​ផ្សាយ​​​​​​​យ៉ាង​ច្រើន​អំពី​សកម្មភាព​និងការ​រីក​ចម្រើន​នៃ​វិស័យ​សិល្បៈ​វប្ប​ធម៌​នៅ​កម្ពុជា​ ដែល​លោកគិត​ថា​ តាមរយៈ​នៃការចុះ​ផ្សាយ​ ​​​​នោះ​អាច​​​​នឹងធ្វើ​ឱ្យ​មហា​ជន​​កាន់​តែ​យល់​ដឹង​អំពី​ខ្លឹម​សា​រ​ និងសារសំខាន់​នៃវិស័យ​នេះ​ ពិសេស​វិស័យ​ភាពយន្ត​ដែល​រាល់គ្នា​គិតថា​កំពុង​ប្រឈម​នឹង​​ការ​​ធ្លាក់​ចុះ​ ។

ពាក់​ព័ន្ធ​នឹងវិស័យ​ភាព​យន្ត​លោក​ទេព​ រិន​ដារ៉ូ​ បាន​សម្តែង​​​ក្តី​សង្ឈឹម​ថា​ អនាគត​ខាង​មុខ​ឆាប់​ៗ​នេះ​ វិស័យ​សិល្បៈ​ភាព​យន្ត​នឹង​​​​មាន​សន្ទុះ​ខ្លាំង​​ឡើង​វិញ​មិនខាន​ ហើយ​ការងើ​ប​ឡើង​វិញ​នៃវិស័យ​​ភាព​យន្ត​នេះ​គឺ​ផ្តើម​ចេញពីការ​រួម​ចំណែក​របស់​វិស័យ​សារព័ត៌​មាន​ផង​ដែរ​ ។

ទន្ទឹម​នឹងការទទួល​ស្គាល់​ថា វិស័យ​ភាព​យន្ត​នៅកម្ពុជា​មានលក្ខណៈ​អន់​ខ្សោយ​ជាង​ខ្សែ​ភាព​យន្ត​បរទេស​នោះ​​លោក​ទេព​ រិន​ដារ៉ូ​​ បា​ន​ផ្តល់ជា​គំនិត​ខ្លះ​ៗ​ លើការ​កសាង​ភាព​យន្ត​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​វិស័យ​នេះអាច​នឹង​មានសន្ទុះ​ឡើង​វិញ​នាពេល​ខាងមុខ​នេះ​ ។

តារាសម្តែង​រូប​នោះ​បាន​លើក​ឡើង​ថា​ ភាពយន្ត​ខ្នាត​ធំ​ដែល​ដាក់បញ្ចាំង​នៅតាម​រោង​ភាពយន្ត​គឺ​មាន​លក្ខណៈ​ខុសគ្នា​ពីខ្សែ​វីដេអូភាគ​ ដែល​បញ្ចាំង​តាមស្ថានីយ​ទូរទស្សន៍​។ ដូច្នេះ​ទាំង​ការដឹក​នាំ​រឿង​ បច្ចេក​ទេស​ថត​ រួម​ទាំង​ឈុត​ឆាក​សម្តែង​ក៏​មាន​លក្ខ​ណៈ​មិ​ន​ដូច​គ្នា​ដែរ​។ លោ​ក​​​​បញ្ជាក់ថា​ នៅ​បរទេស​គេ​បែងចែក​គ្នាដាច់​ស្រឡះ​​រវាង​តារា​សម្តែង​ភាព​យន្ត​ និងតារាសម្តែង​វីដេអូ​ភាគ​ ចំណែក​លក្ខ​ណៈ​នៃ​រឿ​ង​ភាគ​ដែល​​ដាក់​បញ្ចាំង​នៅក្នុង​ស្ថា​នីយ​​ទូរទស្សន៍​ខ្មែរ​យើង​សព្វថ្ងៃ​នេះ​ គឺ​មាន​លក្ខណៈ​វែង​អន្លាយ​ពេក​ ហើយ​​​​បើ​រឿង​នោះ​និយាយ​អំពីស្នេហា​ គឺ​ស្នេហា​ពេញ​មួយ​ខ្សែ​រឿង​តែម្តង​ ខុសពី​ខ្សែ​វីដេអូ​ភាគ​បរទេស​​ ដែល​គេ​និពន្ធ​មាន​គ្រប់​រសជាតិ​ទាំង​​អស់​​​​​។​ ដូច្នេះ​ហើយ​បានជា​គេអាច​ទាក់ទាញ​អារម្មណ៍​អ្នក​ទស្សនា​បាន​​ ទាំង​នេះ​លោក​មិន​ទាន់​និយាយ​ដល់​បច្ចេក​ទេស​ថត​ និង​ទេព​កោសល្យ​តួ​សម្តែង​ផង​។

យោង​តាម​ការលើ​ក​ឡើង​​នេះលោក​ទេព​ រិន​ដារ៉ូ​ បាន​សន្និដ្ឋាន​ថា​អ្វី​ទាំង​អស់​នោះ​ ហើយ​ទើប​ធ្វើ​ឱ្យ​ទស្ស​និកជន​ ឬ​យុវ​វ័យ​ខ្មែរ​យើង​ងាក​ទៅ​មើល​ភាព​យន្ត​បរទេស។​ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​​​តារាសម្តែង​វ័យ​ចំណាស់​​រូបនេះ​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា​ ភា​ព​យន្ត​ខ្មែរ​នឹង​មានសន្ទុះ​ឡើង​វិញ​នា​ពេល​ខាង​មុខ​ ព្រោះ​ថា​យើង​មាន​ធន​ធាន​មនុស្ស​​កាន់​តែច្រើន​ប្រកបដោយ​ទេព​កោសល្យ​រួមទាំង​ការជួយ​ជ្រោមជ្រែង​ពី​បណ្តាញ​សារព័ត៌​មាន​ដែល​បា​នផ្សព្វ​ផ្សាយ​បន្តបន្ទាប់​នូវវិស័យ​សិល្បៈ​វប្ប​ធម៌​ដែល​ជាដួង​ព្រលឹង​របស់ជាតិ​យើង ។

លោក​ទេព​ រិនដារ៉ូ​ ក្នុងវ័យ​៤៩​ឆ្នាំ​ បាន​ចំណាយ​ពេល​វេលា​ស្ទើ​រ​តែ​ពាក់​កណ្តាល​ជីវិត​ចូល​រួម​ក្នុង​វិស័យ​សិល្បៈ​ ខណៈ​ពេល​ដែល​កេរ្តិ៍​ឈ្មោះ ​របស់​លោក​ក៏​កំពុង​បន្ត​ល្បី​រន្ទឺ​ និងទទួល​បាន​ការគាំទ្រ​ពីទស្សនិកជន​គ្រប​់​វ័យ​ ។ ស្ថិត​ជា​តារា​ឈាន​មុខ​គេ​ទេព​ រិន​ដារ៉ូ​ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ សំខាន់​ការសម្តែង​ភាពយន្ត​នៅឆ្នាំ​១៩៨៩​ ហើយ​ភាព​យន្ត​ដែល​លោក​​សម្តែង​ជាលើក​ដំបូង​នោះ​ គឺ​រឿង​ទឹក​ភ្នែក​សម្ងាត់​ និង​រឿង​រាត្រី​ពណ៌​ស្វាយ​ ។ ​លោក​មាន​ស្រុក​​​កំណើត​នៅ​​ខេត្ត​បាត់​ដំបង​។ អ្វី​ជា​​​លក្ខណៈ​ពិ​សេស​របស់​លោក​ទេព រិន​ដារ៉ូ​ នោះ​គឺ​ការ​រក្សា​ភាព​ទំនេរជាមួយ​នឹង​​​អាថ៌​កំបាំង​​បន្ទាប់​ពីការ​លែង​លះ​ជាមួយ​ភរិយា​តាំង​ពី​ចុងទសវត្ស​ឆ្នាំ​៨០​ មក​ ៕