រាជធានីភ្នំពេញ ៖ ម៉ូតូណៃហត ពណ៌ខ្មៅមួយគ្រឿងជិះគ្នា២នាក់ និងបើកបរដោយបុរសម្នាក់ស្រវឹង បានជ្រុលចង្កូតទៅបុកម៉ូតូអ៊ែរប្លេ៊តពណ៌ខ្មៅ ពីក្រោយពេញទំហឹង ខណៈអ្នកជិះម៉ូតូអ៊ែរប៊្លេត កំពុងឈប់ទិញងាវនៅក្បែរចិញ្ចឹមផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
តាមមន្ត្រីប៉ូលិសខណ្ឌទួលគោកឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១០ និង២៥នាទីយប់ថ្ងៃទី២២ មេសា ដោយបុរសស្រវឹងម្នាក់បើកម៉ូតូណៃហត ពណ៌ខ្មៅ មួយគ្រឿង ឌុបមិត្តភក្តិប្រុសម្នាក់ក្នុងភាពស្រវឹងដូចគ្នាធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ។ លុះទៅដល់ចំណុចខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូអ៊ែរប៊្លេត ពណ៌ខ្មៅមួយគ្រឿងចំពីក្រោយដែលម្ចាស់ឈប់រកទិញងាវ តែមិនទាន់ទាំងទិញបានផង ក៏ត្រូវបុរសស្រវឹងបុកបណ្តាលឱ្យខូចខាតម៉ូតូស្ទើរទាំងស្រុង ។
ប្រភពដដែលឱ្យដឹងទៀតថា ទោះជាយ៉ាងណានៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរទេ គ្រាន់តែរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុភាគីខាងម៉ូតូណៃហតបានធានាជួសជុលម៉ូតូអ៊ែរប៊្លេត និងធានាចេញថ្លៃព្យាបាលម្ចាស់ម៉ូតូអ៊ែរប៊្លេតទាំងអស់ ព្រោះខ្លួនជាអ្នកខុស ៕
ចែករំលែកព័តមាននេះ