ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានផឹកស្រាស្រវឹងផ្លោះរបងលបឡើងតាមបង្អួចផ្ទះអ្នកជិតខាងបម្រុងចូលទៅធ្វើសកម្មភាពចាប់រំលោភកូនស្រីម្ចាស់ផ្ទះអាយុទើបតែ១៦ឆ្នាំ ដែលកំពុងលាបម្សៅក្នុងបន្ទប់ ប៉ុន្តែបែកការណ៍ត្រូវនាងស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើល ត្រូវបានប្រជាពលរដ្ឋអ្នកជិតខាងចាប់ឱ្យសមត្ថកិច្ច ។ អំពើដ៏គម្រក់របស់យុវជនឡើងកនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ មេសា ឆ្នាំ២០០២ នៅចំណុចភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ។
លោកអនុសេនីយ៍ឯកហ៊ិន សារុន អធិការរងស្រុកស្វាយចេកទទួលការងារយុត្តិធម៌បានឱ្យដឹងថា យុវជនសង្ស័យមានឈ្មោះហុង ស៊ីលួន អាយុ២៥ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិពន្សាយរាក់ ឃុំពន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នាក់នៅបណ្តោះអាសន្នភូមិកើត-ហេតុខាងលើ ។ ចំណែកនាងក្រមុំរួចផុតពីក្រញាំប្រុសព្រានមានឈ្មោះ ធចន អាយុ១៦ឆ្នាំ ជាកូនកំព្រា រស់នៅជាមួយម្តាយចិញ្ចឹមតាំងពីតូចមកម្ល៉េះ។ លោកអធិការរងស្រុកស្វាយចេកបានបន្តឱ្យដឹងថា បើតាមការរៀបរាប់ពីនាងរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងកំពុងតែលាបម្សៅក្នុងបន្ទប់មិនទាន់បិទបង្អួច ស្រាប់តែនាងឮសំឡេងប្រាវក្នុងបន្ទប់ រំពេចនោះនាងក្រឡេកមើលក្រោយខ្នងឃើញមនុស្សប្រុសម្នាក់ចូលមកក្នុងបន្ទប់តាមបង្អួច ។ ភ្លាមៗនាងក៏ស្រែកឆោឡោឡើងផ្អើលទៅដល់ម្តាយចិញ្ចឹមកំពុងមើលទូរទស្សន៍ និងផ្អើលដល់អ្នកជិតខាងមកចាប់យុវជនសង្ស័យ ហើយប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។
លោកអធិការរងបានបញ្ជាក់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចយុវជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានលួចស្រឡាញ់នាងជិតមួយឆ្នាំមកហើយ ខណៈរូបគេមកធ្វើការងារនៅទីនេះ ។ ដោយឃើញនាងនៅក្នុងបន្ទប់ម្នាក់ឯង កំពុងលាបម្សៅទ្រាំមិនបាន ក៏លបចូលមានអារម្មណ៍ចង់ភ្លក់រសជាតិផ្លូវភេទប៉ុន្តែត្រូវនាងស្រែក ៕
ចែករំលែកព័តមាននេះ