ខេត្តកំពត ៖ក្រុមសាច់ញាតិឱ្យដឹងថា កុមារីឈ្មោះភា ស្រីម៉ាន់ អាយុ៨ឆ្នាំ ជាក្មេងកំព្រាឪពុកមានតែម្តាយ ស្ថិតក្នុងភូមិបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ហើយត្រូវអង្គការទស្សនវិស័យសម្រាប់កុមារកម្ពុជាយកទៅចិញ្ចឹមក្នុងមណ្ឌលអង្គការតានី ស្ថិតក្នុងស្រុកអង្គរជ័យ បានលង់ទឹកស្លាប់គួរឱ្យសោកស្តាយ ។
កាលពីថ្ងៃទី២៥ មីនា អ្នកគ្រប់គ្រងមណ្ឌលមានកម្មវិធីនាំកុមារទៅកម្សាន្តនៅទំនប់រំលិច ស្ថិតក្នុងឃុំក្រាំងស្នាយ ស្រុកជុំគិរី ខេត្តកំពតក្នុងនោះកុមារីភា ស្រីម៉ាន់ ក៏បានទៅដែរ ហើយលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងខណៈនាងចុះលេងទឹក ជាមួយកុមារជាមិត្តភក្តិក្នុងមណ្ឌលជាមួយគ្នាជាច្រើននាក់ទៀត។ កុមារក្នុងមណ្ឌលដែលអ្នកគ្រប់គ្រងនាំទៅដើរលេងកម្សាន្តមានចំនួន៤៤នាក់ ក្នុងនោះស្រី១៩នាក់ ។
ក្រោយកើតហេតុការណ៍គេឃើញនគរបាលប៉ុស្តិ៍រដ្ឋបាលច្រេសទៅកន្លែងកើតហេតុលុះពិនិត្យសពរួចប្រគល់ឱ្យអ្នកគ្រប់គ្រងមណ្ឌលនិងអង្គការទស្សនវិស័យសម្រាប់កុមារកម្ពុជាយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
កោះសន្តិភាពពុំអាចសុំការបន្លឺជុំវិញករណីនោះពីអ្នកគ្រប់គ្រងក្នុងមណ្ឌលបានទេ តែក្រុមសាច់ញាតិនិយាយថា នេះជាគ្រោះអកុសលរបស់កុមារីភា ស្រីម៉ាន់។ នាងកំព្រាគ្មានទីពឹងត្រូវអង្គការយកទៅថែទាំបណ្តុះបណ្តាលដើម្បីអនាគតភ្លឺស្វាង តែបែរជាជួបគ្រោះដល់ជីវិតបែបនេះគួរឱ្យសោកស្តាយ។
នេះក៏ជាមេរៀនមួយសម្រាប់អ្នកគ្រប់គ្រងមណ្ឌល គួរកុំធ្វេសប្រហែសរឿងកុមារតូចៗដូចជាឱ្យលេងទឹកជាដើមវាអាចប្រឈមនឹងគ្រោះថ្នាក់បំផុត ៕
ចែករំលែកព័តមាននេះ