យោងទៅតាមប្រភពព័ត៌មាន អេ ភី ចេញផ្សាយកាលពីថ្ងៃចន្ទទី២៦ មីនា ឆ្នាំ២០១២ បានឱ្យដឹងថា លោកជែម កាមេរ៉ុន អ្នកនិពន្ធរឿងទីតានីច (Titanic) និងអាវតា (Avatar) បានប្រើប្រាស់នាវាមុជទឹកដែលបានរចនាម៉ូដយ៉ាងពិសេសមុជចូលទៅបាតសមុទ្រក្នុងតំបន់ Mariana Trench ភាគខាងលិចមហាសមុទ្រប៉ាស៊ីភិច ដែលជាចំណុចជ្រៅជាងគេបំផុតនៅលើពិភពលោក ។
អ្នកនិពន្ធវ័យ៥៨ឆ្នាំ ដែលទទួលបានជោគជ័យបំផុតរូបនេះបានមុជចូលទៅក្នុងបាតសមុទ្របានជម្រៅជាង១០គីឡូម៉ែត្រ ហើយលោកបានស្នាក់នៅទីនោះរយៈពេល៣ម៉ោងមុនពេលវិលត្រឡប់មកលើវិញ ។ យោងទៅតាមក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្របានឱ្យដឹងថា ដើម្បីធ្វើដំណើរទៅដល់ចំណុចជ្រៅបំផុតនោះ គឺត្រូវចំណាយពេល២ម៉ោង៣៦នាទី ក៏ប៉ុន្តែលោកកាមេរ៉ុន បានប្រើពេល៧០នាទីលឿនជាងការរំពឹងទុក ។
គួររំលឹកដែរថា ក្រៅពីមានទេពកោសល្យនិពន្ធ លោកជែមកាមេរ៉ុន ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបង្កើតនាវាមុជទឹកតាំងពីកុមារភាពមកម៉្លេះ ។ រហូតមកដល់ពេលនេះ លោកបានផលិតនាវាមុជទឹកសម្រាប់ការស្រាវជ្រាវបានចំនួន៧២គ្រឿង ហើយចំនួន៣៧គ្រឿង ក្នុងចំណោមវានាទាំងនោះត្រូវបានយកទៅប្រើប្រាស់ក្នុងការរុករកបំណែកនាវាទីតានិចដែលបានជួយឱ្យដំណើរការថតខ្សែភាពយន្តរបស់លោកល្បីរន្ទឺពាសពេញពិភពលោកកាលពីឆ្នាំ១៩៩៧ ៕





ចែករំលែកព័តមាននេះ