រាជធានីភ្នំពេញ ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតកាន់តែជិតមកដល់ តាមស្ថានីយទូរទស្សន៍នានា សំរឹតសំរាំងកម្មវិធីសិល្បៈរបស់ខ្លួនរួមជាមួយសមាគមទូរទស្សន៍សម្រាប់ចាក់ផ្សាយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ។ កាលពីខែកុម្ភៈ បណ្តាញស្ថានីយទូរទស្សន៍នានាផលិតកម្មវិធីល្បែងកម្សាន្ត រាំ ច្រៀង ទុកសម្រាប់ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍របស់ខ្លួន ។
ដោយឡែកនៅថ្ងៃទី២៦ មីនា ស្ថានីយទូរទស្សន៍ជាតិកម្ពុជាបានបន្តដឹកនាំតារាចម្រៀង តារាសម្តែង តារាកំប្លែង និងអ្នករបាំបុរាណ ជាង ១០០នាក់ ថតនៅក្នុងស្ទូឌីយោរបស់ខ្លួន ។ សិល្បករ សិល្បការិនីទាំងនោះ មានដូចជានាយកុយ, នាយឃ្លោក, អ្នកស្រីណយ សំណាង,នាងគ្រត, អ្នកនាងសុខ ចាន់ធីតា, លោក ណយ វណ្ណា និងលោកនៅ សុភ័ក្រ្ត ជាដើម ។
លោក កែ សុជាតិ អ្នកដឹកនាំថតឱ្យដឹងថា គ្រប់បណ្តាញស្ថានីយទូរទស្សន៍ទាំងអស់តែងតែផលិតកម្មវិធីកម្សាន្តផ្សេងៗ ដូចជាលេងល្បែងវាយឆ្នាំង, បោះអង្គញ់, ចោលឈូង, ទាញព្រ័ត្រ,លាក់កន្សែង, ចាប់កូនខ្លែង និងរាំប្រជាប្រិយសម្រាប់ចាក់ផ្សាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ឆ្នាំនេះស្ថានីយទូរទស្សន៍ជាតិបានផលិតកម្មវិធីសម្រាប់ចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ កាលពីថ្ងៃទី២៦-២៧ កុម្ភៈ នៅវត្តប្រាសាទ និងនៅថ្ងៃទី២៦ មីនា ដឹកនាំសិល្បករ សិល្បការិនី ថតនៅក្នុងស្ទូឌីយោរបស់ខ្លួន ។
លោក កែ សុជាតិ ឱ្យដឹងថា កាលពីថ្ងៃទី១៤ មីនា ទូរទស្សន៍ជាតិបានរៀបចំថតពិធីផ្ទេរតំណែងទេវតាឆ្នាំចាស់ ឱ្យទេវតាឆ្នាំថ្មីរួចរាល់ហើយ ។ ចំណែកស្ថានីយទូរទស្សន៍ CTN បានអញ្ជើញសិល្បករ សិល្បការិនី តារាចម្រៀងជាច្រើនរូបថតល្បែងកម្សាន្ត និងរាំកម្សាន្ត នៅក្នុងស្ទូឌីយោរបស់ខ្លួនសម្រាប់ទុកចាក់ផ្សាយអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ។ នៅថ្ងៃទី៤ មេសា ស្ថានីយទូរទស្សន៍បាយ័ន នឹងដឹកនាំសិល្បករ សិល្បការិនី ទៅសម្តែងនៅតំបន់ប្រាសាទព្រះវិហារ ដើម្បីឱ្យកងទ័ពបានចូលរួមកម្សាន្តសប្បាយ ៕





ចែករំលែកព័តមាននេះ