រាជធានីភ្នំពេញ ៖ អ្នកចម្រៀងវ័យ៣៨ឆ្នាំ សែន ឧត្តម គេសង្កេតឃើញបណ្តាស្ថានីយទូរទស្សន៍នានាផ្តល់កិត្តិយសឱ្យឡើងច្រៀងនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍ជាញឹកញាប់ និងផលិតកម្មមួយចំនួនឱ្យច្រៀងថតសំឡេងចូលស៊ីឌីទៀតផង ។
លោក សែន ឧត្តមចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ១៩៩៣មក ដោយដំបូងច្រៀងនៅខេត្តកំពង់ចាម និងខេត្តរតនគិរី ។ លោកនិយមជ្រើសរើសបទចម្រៀងចាស់ៗរបស់លោក ស៊ីន ស៊ីសាមុត អ៊ិន យ៉េង អ៊ឹង ណារី មកច្រៀង ហើយទទួលបានការគាំទ្រ និងកោតសរសើរពីប្រិយមិត្តអ្នកស្តាប់ជាច្រើន ។ លោកចេះច្រៀងដោយការហាត់ រៀនជាមួយគ្រូភ្លេង ឈ្មោះ ធូ រ៉ន ។
លោកសែន ឧត្តម មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ លោកបានឈប់សិក្សានៅឆ្នាំ១៩៨៥ ត្រឹមថ្នាក់ទី៧ ហើយចូលបម្រើក្នុងជួរកងទ័ព តែក្រោយមកបានឈប់សម្រាក ។ លោកមករស់នៅភ្នំពេញនាឆ្នាំ១៩៩៥ ចាប់អាជីពជាអ្នកចម្រៀងនៅតាមភោជនីយដ្ឋាន និងរង្គសាលនានាដូចជា រង្គសាលមេគង្គជាដើម ។ ក្រៅពីនេះ លោកច្រៀងនៅតាមកម្មវិធីជប់លៀង ឬកម្មវិធីមង្គលការជាដើម ។
លោក សែន ឧត្តម អះអាងថា លោកចេះច្រៀងទាំងបទទោលនិងឆ្លងឆ្លើយប្រមាណជាង៤០០បទ ។ កន្លងមកលោកច្រៀងប្រចាំនៅភោជនីយដ្ឋានហេងឡាយ និងទីក្រុងមាសជាដើម ។ ក្រៅពីនេះលោកថតសំឡេងចូលស៊ីឌីឱ្យផលិតកម្មនៅក្រៅប្រទេស និងសម្តែងភាពយន្ត វីដេអូភាគសម្រាប់ទូរទស្សន៍មួយចំនួន ព្រមទាំងសម្តែងស្ប៉តពាណិជ្ជកម្មជាច្រើន ។
ទោះបីលោកឧត្តមមានវ័យចំណាស់បន្តិចហើយក៏ដោយ តែលោកនៅតែទទួលការគាំទ្រពីម្ចាស់ផលិតកម្ម និងអ្នករៀបចំកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍នានាជាពិសេសនោះប្រិយមិត្តទស្សនិកជននៅតែគាំទ្រទឹកដមសំឡេងរបស់លោក ។
លោក សែន ឧត្តម មានបងប្អូន៤នាក់ ក្នុងនោះស្រី៣នាក់ ឯលោកជាកូនពៅ តែបងស្រីទាំង៣នាក់នោះបានស្លាប់អស់ហើយក្នុងជំនាន់ប៉ុល ពត ។ លោកមានឪពុកឈ្មោះ ផេង សេង ម្តាយឈ្មោះ ទូច លាងស៊ាង តែពួកគាត់បាន ស្លាប់រយៈពេល៥ទៅ៦ឆ្នាំហើយ ។
លោកសែន ឧត្តម ប្រាប់ថា លោកធ្លាប់មានប្រពន្ធ តែបានបែកបាក់ចែកផ្លូវគ្នាដើរ ហើយពេលនេះ មិនទាន់មានស្នេហាថ្មីទេ ៕



ចែករំលែកព័តមាននេះ