ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​​មាន​សិល្បៈ​សម្តែង​​រាល់​​ថ្ងៃ​សៅ​រ៍​ និង​​ថ្ងៃ​អាទិត្យ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដើម្បី​ធ្វើ​ឱ្យ​ទី​ក្រុ​ង​កោះ​ពេជ្រ​​​កាន់​តែ​​​ពេញ​​និយមលើ​​ផ្នែក​ទេស​ចរណ៍​ សិល្បៈ​ វប្ប​ធម៌​​​​​កម្រិត​អន្ត​រ​ជាតិ​​​ លោក​ឧក​ញ៉ា​​ ពុង​ ឃាវសែ​ អគ្គ​​នាយ​ក​​​ធនា​គារ​​​កា​ណា​ឌី​យ៉ា​​​​បាន​សម្រេច​ចិត្ត​បង្កើត​​ឱ្យ​មាន​​​ក្រុម​សិល្បៈ​​ដ៏​​ធំ​មួយ​​​​ដែល​​មាន​គ្នា​​​ចំនួន​​​​ជាង​​​១០០​នាក់​​រាប់​ទាំង​អ្នក​បច្ចេក​ទេ​ស​ផ​ង​​នោះ​​​ ទុក​សម្រាប់​​​សម្តែង​​​​សិល្បៈ​​រៀង​រាល់​ថ្ងៃ​​សៅរ៍ និង​អា​ទិត្យ​​​នៅ​រោង​​មហោ​ស្រព​​កោះ​ពេជ្រ​​ ចាប់​​ពី​ថ្ងៃ​ទី​​៣១ ​មីនា តទៅ​​ ។

នៅ​ក្នុង​សន្និ​សីទ​កាសែត​​មួយ​​​ដែល​រៀប​ចំ​​ឡើង​​​នៅ​កោះ​ពេជ្រ​​​កាលពី​ថ្ងៃ​ទី​​២៤ មីនា​ លោក​​ឧក​ញ៉ាពុង​​ ឃាវសែ ​​មាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា ​​រោង​មហោ​ស្រព​​​កោះ​ពេជ្រ​​​មាន​កៅ​​​អី​​ទទួល​ទស្ស​និក​ជន​​​ចំនួន​​ ៣ពាន​់​​កៅ​អី​​ជារោង​​មហោ​ស្រព​​ខ្នាត​​យក្ស​មិន​ធ្លាប់​មាន​​នៅ​ក្នុង​​​​​​ព្រះ​​រាជា​​ណា​ចក្រ​​កម្ពុជា​ និង​មាន​​​ឆាក​សម្តែង​​​ខ្នាត​ធំ​ ជម្រៅ​ទទឹង​​ជាង​​៣០​ម៉ែត្រ​​​ ហើយ​លោក​​​សង្ឃឹម​ថា ឆាក​​សម្តែង​​​ដ៏​​​ធំ​នេះ​​វា​នឹង​​ជួយ​​បង្កើត​​​អា​រម្ម​​ណ៍​ដ៏​អស្ចារ្យ​​​​ដល់​ទស្ស​និក​ជន​​​ក្នុង​ពេល​​​ទស្សនា​ ឱ្យ​​​លង់​លក់​​នៅ​ក្នុង​ពិ​ភព​​សម្តែង​​​មួយ​ដែល​​​ពោ​រពេញ​​​​ទៅ​ដោយ​​​ការ​​រំភើប​​​ និង​កោត​ស្ញប់​ស្ញែង​​ ។

​លោក​ឧក​ញ៉ា​​​ពុង​ ឃាវសែ ​បន្ត​​ថា ​ឥឡូវ​​នេះ​​ក្រុម​​​សិល្បៈ​​ដែល​​បង្កើត​​ឡើង​​​ដោយ​កោះ​​ពេជ្រ​​​​បាន​លេច​​ចេញ​​ជា​​រូប​រាង​​​ហើយ ពួ​ក​​គេ​ទទួល​​ការ​​បណ្តុះ​​បណ្តាល​​ត្រឹម​ត្រូវ​​​​ មាន​ប្រាក់​​ខែ​​ត្រឹម​ត្រូវ​​​ ហើយ​​សម្តែង​​​បើក​ឆាក​​សាក​ល្បង​​​លើក​ដំបូង​​​នៅ​ថ្ងៃ​ទី​​២៤ មីនា គឺ​​សម្តែង​​​រឿងព្រះ​​​​បាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​​រឿង​​​​​ប្រវត្តិ​សាស្រ្ត​​បង្ហាញ​​ពី​ភាព​​​​អស្ចារ្យ​របស់​កំពូល​​​វី​រក្ស​ត្រ​ខ្មែរ​​សម័យ​អង្គ​​រ​​​រុង​​រឿង​ ។ ការ​​សម្តែង​​សាក​ល្បង​​នេះ​​​លោក​​​​រង់​ចាំ​ការ​​រិះ​គន់​​កែ​លម្អ​​​អំពី​​មហា​ជន​​​ ដើម្បី​ធ្វើ​ការ​​​កែ​ប្រែ​​​ចំណុច​​​ខ្វះ​ខាត​មួយ​ចំនួន​​ដែល​លោក​​​ឧក​ញ៉ា​សង្ឃឹម​ថា ​ប្រហែល​​​ពិត​ជា​​មានការ​​​​ខ្វះ​ចន្លោះ​​ជាក់​ជា​​មិនខាន​​​ឡើយ​​ ។ បន្ទាប់​​​ពី​ធ្វើ​​​ការ​​​​​កែ​លម្អ​​​បណ្តើរ​​​ សម្តែង​ជូន​ទស្ស​និក​ជន​​កម្សាន្ត​​​បណ្តើរ​​ផង​នោះ ក្រុម​សិល្បៈ​​នេះ​នឹង​​​បង្កើត​​រឿង​​​សម្តែង​​ផ្សេង​ៗ​​ជា​ច្រើន​​​ទៀត​ ពី​ព្រោះ​ថា ការ​​សម្តែង​សិល្បៈ​​នៅ​​រោង​មហោ​​ស្រព​​​​កោះ​ពេជ្រ​​​មិន​​​មែន​​សម្រាប់​តែ​​​​ប្រជា​ជន​​​ក្នុង​ស្រុក​​​​​ប៉ុណ្ណោះ​ទេ​​ ជន​បរ​ទេស​​​​ដែល​​កំពុង​​​​​ប្រកប​ការ​ងារ​ប្រចាំ​ថ្ងៃ​​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​ និង​​​ទេស​ចរ​​បរទេស​​​ក៏​​អាច​ចូល​រួម​​​ទស្ស​នា​​​ផង​ដែរ ដោយ​សំបុត្រ​​មាន​ដាក់​លក់​​មុខ​​រោ​ង​ម​ហោ​ស្រព​​ និង​តាម​ក្រុម​​ហ៊ុន​​​ទេស​ចរណ៍​នានា​ហើយ​ការ​​​​សម្តែង​​សិល្បៈ​​រឿង​​​ព្រះ​បាទ​ជ័យ​វ​​រ្ម័ន​ទី​៧​​​ ក្នុង​ថ្ងៃ​​សាក​​ល្បង​​​នេះ ក្រុម​ហ៊ុន​​ទេស​ចរណ៍​​​ទាំង​នោះ​​ក៏​ត្រូវ​​​​បាន​អញ្ជើញ​​ឱ្យ​ចូល​រួម​​​ទស្ស​នា​​ផង​ដែរ​​ ដើម្បី​​ឱ្យ​ពួក​​គេ​បាន​​ឃើញ​​​ដោយ​ផ្ទាល់​ភ្នែក​​​​អំពី​​ភាព​​អស្ចា​រ​្យ​​នៃ​ការ​សម្តែង​​​ដែលគេ​ធ្វើ​​ឱ្យ​ឃើញ​​ម​នុស្ស​​ហោះ​ពិតៗ​ ។

លោក​ឧក​ញ៉ា​​​ពុង ​ឃាវ​សែ បាន​​បញ្ជាក់​ថា ​លោក​​​មិន​ទាន់​​សម្រេច​ចិត្ត​​​ដាក់​​ឈ្មោះ​​ក្រុម​​សិល្បៈ​នេះ​​ថាយ៉ាង​​មេ៉ច​​​នៅ​ឡើយ​​ទេ ​រង​់ចាំ​​​ពេល​ខាង​​​មុខ​ទៀត​​​ថា​តើ​ត្រូវ​​​ហៅ​​ថា​ក្រុម​​សិល្បៈ​កោះ​ពេជ្រ​​ ឬ​យ៉ាង​​​ណា​ ។
​លោក​នុត​ សាមុនី​​ អតីត​​សាស្ត្រា​ចារ្យ​​សាកល​​វិទ្យា​ល័យ​​​ភូមិន្ទ​​វិ​ចិត្រ​សិល្បៈ​ ដែល​​​ជា​អ្នក​​​​មើល​​ការ​ខុស​ត្រូវ​​​លើ​ក្រុម​​សិល្បៈ​​​ទើប​​បង្កើត​​ថ្មីនេះ​បាន​​​​មាន​ប្រសាសន៍​ថា ​សិល្បៈ​សម្តែង​​​រឿង​​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​​​​នេះ​​មាន​កេ​រ្តិ៍​ឈ្មោះ​​​ល្បី​​ល្បាញ​​​នៅ​ខេត្ត​​​សៀម​រាប​​ គឺ​មាន​ការ​ចូល​រួម​​ទស្ស​នា​ទាំង​​ប្រជា​ជន​​ខ្មែរ​ និង​ជន​បរទេស​​​ ហើយ​​បាន​កោត​​សរសើរ​​​​​​គ្រប់​​គ្នា​​ ។ ឥឡូវ​​នេះ​អ្នក​​សម្តែង​​នៅ​សៀម​រាប​​មួយ​ចំនួន​​ត្រូវ​បាន​ដក​​យក​មក​សម្តែង​​​នៅ​​កោះពេជ្រ​​​ បូក​បញ្ចូល​​​ជា​មួយ​​សិល្បករ​​​ខ្លះ​ដែល​ទើប​​នឹង​​រើស​​ថ្មី​​ បង្កើត​​ជា​ក្រុម​សិល្បៈ​ថ្មី​មួយ​​ទៀត​ បន្ទាប់​ពី​​ក្រុ​ម​សិល្បៈ​​នៅ​​ខេត្ត​សៀម​រាប​​ ដើម្បី​សម្តែង​សិ​ល្បៈ​​​​នៅ​កោះ​ពេជ្រ​​​ ហើយ​លោក​​សង្ឃឹម​​ថា​ ការ​សម្តែង​​​សិល្បៈ​​រឿង​ព្រះ​បាទ​ជ័យ​វរ្ម័នទី​​៧​​នៅ​កោះ​ពេជ្រ​​​​ នឹង​ទទួល​បាន​​​ការ​គាំ​ទ្រ​​ដូច​​ជា​ការ​​​សម្តែង​​នៅ​​សៀម​រាប​ដែរ​ ៕